ភ្នំពេញៈ ការរត់ប្រណាំងកម្រិតអាជីពដោយចំណាយពេលរត់មិនឈប់រយៈពេលជាង ២០ ម៉ោងក្នុងចម្ងាយផ្លូវ ១២៨ គីឡូម៉ែត្រដែលជាព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះគឺព្រឹត្តិការណ៍ Angkor Ultra Trail លើកទី ៤ ឆ្នាំ ២០១៩ ដែលនឹងត្រូវធ្វើឡើងនៅលើទឹកដីខេត្តសៀមរាបនាថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែមករា គឺគិតត្រឹមសប្តាហ៍នេះមានអត្តពលិកបានចុះឈ្មោះចំនួន ១៥០០ នាក់ហើយដោយមកពី ៤៨ ប្រទេស។
លោក វ៉ាត់ ចំរើន គណៈកម្មការរៀបចំការប្រកួត និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីព្រឹកថ្ងៃអង្គារថា៖ «គិតត្រឹមពេលនេះមានអត្តពលិកមកចុះឈ្មោះចូលរួមបានជាង ១៥០០ នាក់ហើយមកពី ៤៨ ប្រទេសនៅលើពិភពលោក ខណៈការប្រកួតលើកដំបូងមានអ្នកចូលរួមត្រឹម ១៥០ នាក់និងឆ្នាំបន្ទាប់មានចំនួន ៧០០ ប៉ុណ្ណោះ»។
លោក វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍ផងនោះបានបន្ថែមថា Angkor Ultra Trail ជាព្រឹត្តិការណ៍កីឡា និងទេសចរណ៍មួយដ៏ធំប្រចាំឆ្នាំដែលនៅឆ្នាំ ២០១៩ នេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនទេសចរណ៍ឈ្មោះ Phoenix Voyages និងស្ថាប័នរាជរដ្ឋាភិបាលក៏ដូចជាក្រសួងទេសចរណ៍ ហើយការប្រកួតសម្រាប់ឆ្នាំទី ៤ នេះបើតាមមន្ត្រីគណៈកម្មការរៀបចំបានសង្កេតឃើញថាអ្នករត់អាជីពនៅលើពិភពលោកបានមកចុះឈ្មោះច្រើន ពិសេសវិញ្ញាសា ១២៨ គីឡូម៉ែត្រ។
គួរបញ្ជាក់ថាព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Angkor Ultra Trail នេះនឹងមានការប្រកួតទាំងអស់ចំនួន ៤ វិញ្ញាសាគឺរត់ចម្ងាយ ១២៨ គីឡូម៉ែត្រ, ៦៤ គីឡូម៉ែត្រ, ៣២ គីឡូម៉ែត្រ និងចម្ងាយ ១៦ គីឡូម៉ែត្រគឺអ្នករត់សឹងតែ ១០០ ភាគរយជាអ្នករត់មានបទពិសោធ និងអាជីពតែម្តងហើយការប្រកួតនឹងចាប់ផ្តើមពីព្រលឹមម៉ោង ៥ ថ្ងៃទី ១៩ និងបញ្ចាប់នៅល្ងាចថ្ងៃទី ២០ ខែមករា នៅមុខប្រាសាទទីលានជល់ដំរីទឹកដីខេត្តសៀមរាប ព្រោះការរត់ចម្ងាយឆ្ងាយ ១២៨ គីឡូម៉ែត្រនេះកាលពីឆ្នាំ ២០១៨ បានចំណាយពេលជាង ២៣ ម៉ោង។
លោក សែម ផល្លា នាយករៀបចំការចុះឈ្មោះ និងសម្របសម្រួលក្នុងព្រឹតិ្តការណ៍ម៉ារ៉ាតុង Angkor Ultra Trail ប្រចាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអ្នកជំនាញផងបានរៀបរាប់ប្រាប់ថា៖ «ក្នុងចំណោមប្រទេសជាង ២០០ ក្នុងពិភពលោកគឺមានតែប្រទេសជាង ២០ ប៉ុណ្ណោះដែលមានសក្តានុពលទេសចរណ៍ និងភូមិសាស្ត្រល្អខ្លាំងមានឱកាសលើការរៀបចំព្រឹត្តិការណ៍ធំបែបនេះបានក្នុងនោះក៏មានកម្ពុជាមួយដែលបានរៀបចំត្រឹមរយៈពេល ៤ ឆ្នាំប៉ុណ្ណោះ ទទួលបានអ្នករត់លក្ខណៈអាជីពចំនួនជាង ១៥០០ នាក់មកចូលរួម»។
លោក វ៉ាត់ ចំរើន បន្ថែមថាកីឡា និងទេសចរណ៍មួយនេះបានផ្តល់ផលចំណេញដល់ប្រទេសយើងច្រើន ដោយសារអ្នករត់ភាគច្រើនបាននាំទាំងគ្រួសារមកជាមួយ និងការកម្សាន្តផងដោយចំណាយហូបចុកស្នាក់នៅលើមាតុភូមិយើងរយៈពេលយូរថ្ងៃ ដែលជាការរកចំណូលរបស់ពលរដ្ឋក្នុងស្រុកយើង។
លោកបន្តថាលោក Edouard George ប្រធានក្រុមហ៊ុន Phoenix Voyages ដែលជាក្រុមហ៊ុនឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍កីឡានេះជាដៃគូសហការជាមួយក្រសួងទេសចរណ៍ផងដែរក្នុងការអភិវឌ្ឍវិស័យកីឡាកន្លងមក។ យ៉ាងណាក៏ដោយសម្រាប់ការរត់ចម្ងាយឆ្ងាយនេះអាចនឹងមានកីឡាករម្ចាស់ផ្ទះកម្ពុជាតិចបំផុតគឺអត្តពលិកកម្ពុជាអាចចូលរួមរត់ត្រឹមចម្ងាយ ១៦ គីឡូម៉ែត្រ៕