ក្រុង​ឡុងដ៍៖ នាយក​ក្លិប Arsenal លោក Josh Kroenke បាន​និយាយ​ថា ក្រុម Arsenal បាន​សម្រេច​ចិត្ត​បណ្ដេញ​លោក Unai Emery រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ ​គឺ​ដោយសារ​ពួក​គេ​មាន​អារម្មណ៍​ថា វា​ចាំបាច់​ណាស់​​ប្រសិន​បើ​ពួក​គេ​ចង់​ស្រោច​ស្រង់​រដូវ​កាល​របស់​ពួក​គេ​​នៅ​ពេល​នេះ​។​

ក្រោយ​មាន​ការ​រំពឹង​ទុក​បែប​នេះ​ជា​ច្រើន​សប្ដាហ៍​ហើយ ក្លិប Arsenal ​ទីបំផុត​បាន​ដក​ភារកិច្ច​របស់​លោក Emery កាល​ពី​ថ្ងៃ​សុក្រ ​ក្រោយ​ពី​រង​បរាជ័យ​ក្នុង​ទឹក​ដី​ខ្លួន​ ២-១ ចំពោះ​ក្រុម​ Eintracht Frankfurt នៅ​ក្នុង​ក្របខ័ណ្ឌ​ Europa League។​

នោះ ​គឺ​ជា​ការ​ប្រកួត​លើក​ទី ​៧ ​ក្នុង​ការ​ប្រកួត​ទាំង​អស់​ដែល​ក្រុម​កាំភ្លើង​ធំ​មិន​ដែល​បាន​ឈ្នះ​សោះ​រហូត​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​ឈរ​នៅ​លេខ ​៩ ​ក្នុង​ក្របខ័ណ្ឌ Premier League ក្រោយ​ពី​មាន​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​។​

លោក Freddie Ljungberg ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​រហូត​ដល់​ក្រុម Arsenal បាន​ធ្វើ​ការ​តែងតាំង​ពេញ​សិទ្ធិ​។​

អ្នក​ដែល​ទទួល​តំណែង​​នេះ​មិន​គួរ​រំពឹង​ថា​ មហិច្ឆតា​របស់​ក្លិប​នេះ​សម្រាប់​រដូវ​កាល​នេះ​នឹង​មាន​ការ​លំបាក​ច្រើន​ដោយសារ​តែ​​មាន​ការ​ចាប់​ផ្តើម​ដ៏​លំបាក​របស់​ពួក​គេ​នោះ​ទេ ​ខណៈ​លោក​ Kroenke ជា​​កូន​ប្រុស​របស់​ម្ចាស់​ក្លិប​លោក Stan នៅ​តែ​មាន​អារម្មណ៍​ថា​ ពួក​គេ​នៅ​តែ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​បាន​​។

និយាយ​ក្នុង​គេហទំព័រ​ក្លិប Arsenal ក្រោយ​ពី​ចូល​រួម​ក្នុង​ការ​ហ្វឹកហាត់​ហើយ លោក Kroenke បាន​និយាយ​ថា៖ «​ដូច​ក្រុម​អ្នក​គាំទ្រ​យើង​ក្នុង​ពិភព​លោក​បាន​ដឹង​ហើយ​ថា ​គឺ​យើង​មាន​ការ​ព្រួយ​បារម្ភ​ពី​ទម្រង់​លេង​របស់​យើង​ថ្មីៗ​នេះ​»។​​

នាយក​ក្លិប​រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​ចង់​គាំទ្រ​លោក Unai និង​បុគ្គលិក​របស់​គាត់​រហូត​ដល់​យើង​បាន​សម្រេច​ចិត្ត​​ថា​ វា​បាន​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ ហើយ​ទី​បំផុត​យើង​បាន​សម្រេច​ចិត្ត​បែប​នោះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ ​ដោយ​មាន​ការ​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្លិប​​នេះ​ផង​ដែរ​»។​​

លោក Kroenke បាន​បន្ថែម​ទៀត​ថា៖ «​ជា​ការ​ពិត​លោក Unai គឺ​ជា​មនុស្ស​ល្អ​ម្នាក់​ដែល​យើង​មាន​ការ​គោរព​បំផុត​។ ក្រឹត្យក្រម​ការងារ​របស់​គាត់ ​និង​បុគ្គលិក​របស់​គាត់ ​គឺ​អស្ចារ្យ​ខ្លាំង​ណាស់​»។​​

លោក​ Kroenke បាន​បន្ត​ថា៖ «​ទី​បំផុត​យើង​បាន​ចាប់​ផ្ដើម​បាត់បង់​គោលដៅ​មួយ​ចំនួន​ដែល​យើង​បាន​កំណត់​។ យើង​នៅ​តែ​មាន​អារម្មណ៍​ថា យើង​អាច​សម្រេច​បាន​គោលដៅ​នោះ ​នៅ​រដូវ​កាល​នេះ ​ដូច្នេះ​ហើយ​យើង​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ផ្លាស់ប្ដូរ​ពេល​នេះ​តែ​ម្ដង​»។​

ក្រុម Arsenal បាន​ចាប់​ផ្ដើម​រួច​មក​ហើយ​ក្នុង​ការ​វាយ​តម្លៃ​បេក្ខជន​សម្រាប់​តំណែង​នេះ ​ប៉ុន្តែ​លោក Kroenke បាន​ទទូច​ថា ពួក​គេ​នឹង​មិន​ធ្វើ​ការ​សម្រេច​ចិត្ត​ភ្លាមៗ​នោះ​ទេ​ ​ដោយ​ទុក​ឲ្យ​​លោក Ljungberg ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើសរើស​​តំណែង​នេះ​​៕ AFP/SN