The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Arsenal ពឹង​កីឡាករ​ ២ ​នាក់​ អាច​សង្គ្រោះ​ក្រុម​ក្នុង​រដូវកាល​នេះ

Arsenal ពឹង​កីឡាករ​ ២ ​នាក់​ អាច​សង្គ្រោះ​ក្រុម​ក្នុង​រដូវកាល​នេះ

Content image - Phnom Penh Post
ខ្សែប្រយុទ្ធ Lacazette (​ក្រហម​) គ្រប់គ្រង​បាល់​ហើយ​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​ក្នុងពេល​ប៉ះ​នឹង​ក្រុម Brighton​។ រូបថត AFP

Arsenal ពឹង​កីឡាករ​ ២ ​នាក់​ អាច​សង្គ្រោះ​ក្រុម​ក្នុង​រដូវកាល​នេះ

ក្រុងឡុងដ៍ៈ បរាជ័យ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​ចុង​រដូវកាល​នៃ​ក្របខ័ណ្ឌ Premier League នេះ​គឺ​មាន​ន័យ​ថា​ជោគវាសនា​របស់​លោក Unai Emery ដែល​ជា​គ្រូបង្វឹក​នៅ​រដូវកាល​ដំបូង​នេះ​គឺ​ពឹង​លើ​ការលើក​ពាន Europa League ដើម្បី​អាច​មាន​ឱកាស​បាន​ទៅ​លេង​នៅ​ក្របខ័ណ្ឌ Champions League ក្នុង​រដូវកាល​ក្រោយ​។

ក្រុម​កាំភ្លើង​ធំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ក្នុង​ទឹកដី​ក្រុម Valencia នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ការពារ​គ្រាប់​បាល់​នាំមុខ​របស់​ខ្លួន ៣-១ ក្នុង​ជើង​ទី​ ២ ​នេះ ក្រោយពី​ខ្សែប្រយុទ្ធ Alexandre Lacazette និង Pierre-Emerick Aubameyang រក​បាន​ម្នាក់​ ១ ​គ្រាប់​ចុងក្រោយ​នៅ​ជើង​ទី​ ១ ​នៅ​កីឡដ្ឋាន Emirates កាលពី​សប្ដាហ៍​មុន​។

ប្រវត្តិ​មិន​សូវ​ល្អ​របស់​ក្រុម Arsenal នៅ​រដូវកាល​នេះ​នឹង​ផ្ដល់​ឱកាស​ច្រើន​ដល់​ក្រុម​អេស្ប៉ាញ Valencia ក្នុង​ការយក​ឈ្នះ​ទៅ​លើ​ក្រុម​នេះ​វិញ​ដើម្បី​លុបចោល​លទ្ធផល​ចាញ់ ៣-១ នៅ​ជើង​ទី​ ១ ​នោះ​។

ក្រុម​កាំភ្លើង​ធំ​អាច​ប្រើ​ការវាយ​សម្រុក​ជា​ទម្រង់​ការពារ​ល្អ​បំផុត​ក្នុង​ការប្រកួត​នៅ​កីឡដ្ឋាន Mestalla របស់​ក្រុម Valencia ហើយ​យ៉ាង​ហោច​ណាស់ ក្រុម​នេះ​នឹង​ទទួល​បាន​អ្វីមួយ​ពី​កីឡាករ Lacazette និង Aubameyang ដែល Arsenal​បាន​ចំណាយ​ច្រើន​ទៅលើ​ពួកគេ​។

គ្រូបង្វឹក​ក្រុម Valencia លោក Marcelino Garcia Toral បាន​និយាយ​ថា​៖ «​យើង​បាន​ទប់ទល់​នឹង​ខ្សែប្រយុទ្ធ​ដ៏ល្អ​ទាំង​​ ២ ​នាក់​នេះ​ដែល​ក្រុម Arsenal បាន​ចំណាយ​ប្រាក់​រាប់លាន​ជា​ថ្នូរ​អ្វីមួយ​ដែល​ពួកគេ​បាន​នាំ​ជោគជ័យ​ដល់​ក្រុម​នេះ​។ ប៉ុន្តែ​បើ​មាន​កំហុស​អ្វី​កើតឡើង ពួកគេ​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​ជា​មិនខាន​»​។

ក្រុម Arsenal មិន​អាច​រក​ ១ ​ពិន្ទុ​ទៀត​ពី​ការប្រកួត​ ៤ ​លើក​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Premier League ធ្វើឲ្យ​ពួកគេ​បាត់​ឱកាស​ស្ថិត​នៅ​លើ​កំពូល​តារាង​ទាំង​ ៤ ​នៃ​ក្របខ័ណ្ឌ​នេះ ហើយ​ពួកគេ​ប៊ិះ​នឹង​អស់​ឱកាស​ទៀត​នៅពេល​ក្រុម Valencia បាន​នាំមុខ​ ១ ​គ្រាប់​មុន​នៅ​នាទី​ទី ១១ ​ក្នុង​ការប្រកួត​ជើង​ ១ ​នៃ​ក្របខ័ណ្ឌ Europa League​។

ប៉ុន្តែ​នៅ​នាទី​ទី​ ១៨ ខ្សែប្រយុទ្ធ Lacazette បាន​បញ្ចូល​ទី​ ១ ​គ្រាប់​ធ្វើឲ្យ​ស្មើគ្នា បន្ទាប់មក​នៅ​នាទី​ទី​ ២៦ ​ខ្សែប្រយុទ្ធ​ដដែល​នេះ​បន្ថែម​ ១ ​គ្រាប់​ទៀត​បង្ក​ភាពកក់ក្ដៅ​សម្រាប់​ក្រុម Arsenal បន្តិច​មុន​ពេល​ខ្សែប្រយុទ្ធ Aubameyang រកបាន​ ១ ​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី​ ៩០ ​ដើម្បី​ផ្ដួល​គូប្រកួត​ខ្លួន​ក្នុង​លទ្ធផល ៣-១​។

កីឡាករ​ទាំង​ ២ ​នាក់​នេះ​បាន​សម្ដែង​ការមិន​សប្បាយចិត្ត​ចំពោះ​ការ​ស្ទាក់ស្ទើរ​របស់​លោក Emery ដែល​មិន​បាន​ដាក់​ពួកគេ​ឲ្យ​លេង​ជា​ខ្សែប្រយុទ្ធ​ជាមួយ​គ្នា​នៅក្នុង​រដូវកាល​នេះ​។

ខ្សែប្រយុទ្ធ Aubameyang បាន​និយាយ​ថា​៖ «​អ្នកដឹង​ទេ​ថា ខ្ញុំ​ចូលចិត្ត​លេង​ជា​ខ្សែប្រយុទ្ធ​ទាំង​ ២ ​នាក់​ប៉ុន្តែ ខ្ញុំ​មិន​ហ៊ាន​និយាយ​»​។ ចំណែក​ខ្សែប្រយុទ្ធ Lacazette បាន​ប្រាប់​ទូរទស្សន៍​បារាំង RMC ថា គាត់​កាន់តែ​សប្បាយចិត្ត​ទៀត​ប្រសិន​បើ​គាត់​ចាប់ផ្ដើម​លេង​បែប​នេះ​រហូត​។

ឆ្លើយតប​នឹង​ការលើកឡើង​នេះ​លោក Emery បាន​និយាយ​ថា​៖ «​គ្រប់​កីឡាករ​ទាំងអស់​តែង​ចង់​លេង​ពេញ​ ៩០ ​នាទី​ ប៉ុន្តែ​ក្នុង​នាម​ជា​គ្រូបង្វឹក​ខ្ញុំ​ត្រូវ​ប្រើ​កីឡាករ​ក្នុង​ពេល​ល្អ​បំផុត​ព្រោះ​ជួនកាល​ទម្រង់​លេង​នេះ​ត្រូវការ​ ២ ​នាក់​ ប៉ុន្តែ​ពេលខ្លះ​យើង​ត្រូវការ​តែ​ម្នាក់​បាន​ហើយ​»​។

ជុំវិញ​ការប្រកួត​ជើង​ទី​ ២ ​នេះ​ដែរ​កីឡាករ Francis Coquelin បាន​ប្រាប់​ក្រុម​កាំភ្លើង​ធំ​ថា​ក្រុម Valencia ត្រៀម​ខ្លួន​យក​ឈ្នះ​វិញ​ហើយ​ក្នុង​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Europa League នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

កីឡាករ Coquelin បាន​និយាយ​ថា​៖ «​យើង​មាន​អារម្មណ៍​ពិសេស​ក្នុង​ការយក​ឈ្នះ​ក្រុម Arsenal ព្រោះ​ការប្រកួត​លើក​នេះ​គឺ​ខុសពី​លើក​ដំបូង​ដែល​យើង​នឹង​លេង​ឲ្យ​ឈ្នះ​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ និង​បង្កើត​ប្រវត្តិសាស្ត្រ​តូច​មួយ​ជាមួយ​ក្លិប​នេះ​»​។

ក្រៅពី​ក្រុម​នេះ​ក៏​នៅ​មាន​ការប្រកួត​ ១ ​ក្រុម​ទៀត​រវាង​ក្រុម Chelsea និង​ក្រុម Frankfurt ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅពេល​វេលា និង​ម៉ោង​ដូចគ្នា​នៅក្នុង​រាត្រី​ថ្ងៃនេះ​ផង​ដែរ​៕ SN

អត្ថបទគួរចាប់អារម្មណ៍