The Phnom Penh Post Search

Search form

Aston Villa ទៅ​ជួប Fulham វគ្គ Playoff ផ្តាច់​ព្រ័ត្រ​ក្រោយ​ស្មើ​ជា​​មួយ Middlesbrough

Content image - Phnom Penh Post
សកម្ម​ភាព​ប្រកួត​រវាងក្រុម Aston Villa (ស្តាំ) ជា​មួួយ​នឹងក្រុម Middlesbrough ក្នុង Championship វគ្គ​ Playoff ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។ avfc.com

Aston Villa ទៅ​ជួប Fulham វគ្គ Playoff ផ្តាច់​ព្រ័ត្រ​ក្រោយ​ស្មើ​ជា​​មួយ Middlesbrough

ក្រុង​ឡុងដ៍: Aston Villa បាន​​​ធ្វើ​ការ​ឧទ្ទិស​ដល់​អតីត​ខ្សែ​ការ​ពារ​របស់​ខ្លួន Jlloyd Samuel ដែល​បាន​ស្លាប់​ក្នុង​​គ្រោះ​ថ្នាក់​បុក​​រថយន្ត​ ក្នុង​វ័យ​​ត្រឹម​តែ​ ​៣៧ ​ឆ្នាំ កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ការ​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ ជា​មួយ​នឹងក្រុម Middlesbrough នា​កីឡដ្ឋាន Villa Park បាន​កក់​កៅអី​​របស់​ពួក​គេ​​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Championship វគ្គ Playoff ផ្តាច់​​ព្រ័ត្រ​។

ការ​រក​គ្រាប់​បាល់​​បញ្ចូល​ទី​​របស់ Mile Jedinak​ ក្នុង​ពេល​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ ១-០ ក្នុង​ការ​ប្រកួត​ជើង​ទី​១ សម្រាប់​ក្រុម​ភ្ញៀវ នា​កីឡដ្ឋាន Riverside កាល​ពី​ថ្ងៃ​សៅរ៍ បាន​ក្លាយ​ជា​​លទ្ធផល​កាត់​សេចក្តី ខណៈ​ដែល​ក្រុម Middlesbrough បាន​ខក​ខាន​ក្នុង​ការ​ទម្លុះ​តំបន់​ការ​ពារ​របស់​ក្រុម Aston Villa នៅមុន​ពេល​ការ​ស៊ុត​បាល់​ពិន័យ Free-kick របស់ Stewart Downing បាន​ប៉ះ​ទៅ​នឹង​របារ​ទី​​។

Aston Villa នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​ជួបក្រុម Fulham នា​កីឡដ្ឋាន Wembley នៅ​ថ្ងៃ​ទី​២៦ ខែ​ឧស​ភា ក្នុង​ការ​ប្រជែង​ដណ្តើម​សិទ្ធិ​ទៅ​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ​ Premier League​។

លោក Steve Bruce អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Aston Villa បាន​ឲ្យ​ដឹង​ថា៖ «យើង​​ទើប​តែ​បាន​បញ្ចប់​ការ​ប្រកួត​ ២ ខណៈ​ដែល​គ្រាប់​បាល់​១​គ្រាប់ ​បាន​​កាត់​សេចក្តី ប៉ុន្តែ នៅ​តង់​ទី​២​នៅ​រាត្រី​នេះ មាន​តែក្រុម​​​មួយ​គត់​ដែល​នឹង​ទទួល​ជ័យជម្នះ​។ យើង​បាន​រង​សម្ពាធ​បន្តិច​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។ វា​ពិត​ជា​មាន​​ន័យ​ណាស់​​»​៕ IS

អត្ថបទគួរចាប់អារម្មណ៍