The Phnom Penh Post Search

Search form

Atletico ត្រៀម​លុប​ចោល​ការ​ឈឺចាប់​រាត្រី​នេះ

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ​ Clinton Njie (ឆ្វេង) របស់ Marseille និង​ Antoine Griezmann របស់ Atletico។ AFP

Atletico ត្រៀម​លុប​ចោល​ការ​ឈឺចាប់​រាត្រី​នេះ

ក្រុងលីយ៉ុង: ក្រោយពី​ការរង​បរាជ័យ​យ៉ាង​ឈឺចាប់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​យុទ្ធនាការ​ប្រចាំ​ទ្វីប​នា​ពេល​ថ្មីៗ​នេះ ក្រុម Atletico Madrid របស់​លោក Diego Simeone ប្តេជ្ញា​ចិត្ត​ថា នឹង​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ពួកគេ​ក្នុង​នាម​ជា​ក្រុម​មាន​ក្តី​សង្ឃឹម​ច្រើន​ក្នុង​ការ​ឈ្នះ នា​ការ​ប្រកួត​ក្របខ័ណ្ឌ Europa League ជាមួយ​នឹង​ក្រុម Marseille ក្នុង​ទីក្រុង Lyon នា​រាត្រី​នេះ។

ក្រុម Atletico បាន​រង​បរាជ័យ​នៅ​នាទី​បន្ថែម ១៥ នាទី ២ ដង​ក្រោម​ស្នាដៃ​ក្រុម Real Madrid ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​ឆ្នាំ ២០១៤ ក្រោយ​ពី​ត្រូវការ​ត្រឹម​តែ​រយៈពេល​ប៉ុន្មាន​វិនាទី​ទៀត​ប៉ុណ្ណោះ​ដើម្បី​ឈ្នះ​ក្នុង​រយៈពេល ៩០ នាទី ហើយ​បន្ទាប់​មក ចាញ់​ដោយ​បាល់​ប៉េណាល់ទី​ក្រោម​ស្នាដៃ​គូ​ប្រកួត​ដូច​គ្នា​នេះ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​មួយ​ទៀត​នៃ​យុទ្ធនាការ​នេះ ក្នុង​រយៈពេល ២ ឆ្នាំ​ក្រោយ​មក។

ការធ្លាក់​ចេញពី​ក្របខ័ណ្ឌ Champions League ក្នុង​វគ្គ​ចែក​ពូ​ល​នៃ​នៅ​រដូវ​កាល​នេះ បាន​ក្លាយជា​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​ក្រុម​មួយ​ដែល​មាន​តារា​ឆ្នើម Antoine Griezmann ក្នុង​តំបន់​ប្រយុទ្ធ ប៉ុន្តែ ពួកគេ​បាន​បំភ្លេច​ការ​ខក​ចិត្ត​នោះ ដើម្បី​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​ឈ្នះ​ពាន​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​លំដាប់​ទី ២។

ក្រុម Atletico កំពុងតែ​សម្លឹង​រក​ការ​ឈ្នះ​ពាន Europa League ជា​លើក​ទី ៣ ក្នុង​រយៈពេល ៩ រដូវ​កាល ក្រោយ​ពី​បាន​ឈ្នះ​ពាន​នេះ​ក្នុង​ឆ្នាំ ២០១០ និង​ឆ្នាំ ២០១២ ក្នុង​រយៈពេល​ដ៏​ខ្លី ក្រោយ​ពី​លោក Simeone ត្រូវ​បាន​តែង​តាំង​ជា​គ្រូបង្វឹក។

ស្របពេល​ក្រុម Atletico សម្លឹង​រក​ការ​ឈ្នះ​ពាន​ជា​លើក​ទី ១ របស់​ពួកគេ ចាប់​តាំង​ពី​ឆ្នាំ ២០១៤ ដែល​នៅ​ពេល​នោះ​ពួកគេ​បាន​ឈ្នះ​ពាន La Liga ខ្សែ​ការពារ Juanfran បាន​ប្រាប់​វិទ្យុ Marca ថា៖ «យើង​ពិត​ជា​ចង់​ធ្វើការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​»។

កីឡាករ​រូបនេះ​បាន​ប្រាប់​បន្ថែម​ទៀត​ថា៖ «ក្រោម​ការ​ដឹកនាំ​របស់​លោក Simeone រឿង​ជាច្រើន​បាន​ផ្លាស់ប្តូរ​នៅ​ឯ Atletico។ រាល់​អ្វី​ដែល​យើង​មាន​បទ​ពិសោធ​ក្នុង​រយៈពេល ៣ ទៅ ៤ ឆ្នាំ​ចុង​ក្រោយ​នេះ យើង​នឹង​ចង​ចាំ​ជា​រៀង​រហូត។ ខ្ញុំ​សង្ឃឹម​ថា យើង​អាច​ឈ្នះ​មេដាយ​មួយ​ផ្សេង​ទៀត»។

វា​អាច​នឹង​ក្លាយ​ជាការ​ឈ្នះ​ពាន​ជា​លើក​ទី ១ និង​ជា​លើក​ចុង​ក្រោយ​ក្នុង​នាម​ជា​កីឡាករ​របស់ Atletico សម្រាប់ Griezmann ដែល​បាន​ចម្រើន​វ័យ​មិន​ឆ្ងាយ​ពី​ទីក្រុង Lyon ឡើយ ប៉ុន្តែ បាន​ចំណាយ​ពេល​នៃ​អាជីព​ទាំង​មូល​របស់​គេ​ក្នុង​ប្រទេស​អេស្ប៉ាញ។

ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​វ័យ ២៧ ឆ្នាំ​រូបនេះ បាន​ចូល​ជាមួយ​នឹង​ក្លិប Atletico ពី​ក្លិប Real Sociedad បន្ទាប់​ពី​ពួកគេ​បាន​ឈ្នះ​ពាន​កាល​ពី​ឆ្នាំ ២០១៤ ប៉ុន្តែ អាច​នឹង​ផ្ទេរ​ទៅ​កាន់​ក្លិប Barcelona។

Griezmann និង Diego Costa នឹង​ដឹកនាំ​តំបន់​ប្រយុទ្ធ​របស់​លោក Simeone ខណៈ Atletico វិល​ទៅ​កាន់ Lyon ដែល​ជា​កន្លែង​ពួកគេ​បាន​ចាញ់ ៣-០ ក្រោម​ស្នាដៃ​ក្រុម Dynamo Kiev ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន Cup Winners' Cup ក្នុង​ឆ្នាំ ១៩៨៦។ ការ​ប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១:៤៥ ទៀប​ភ្លឺ៕

អត្ថបទគួរចាប់អារម្មណ៍