ក្រុង​ម៉ាឌ្រីដ៖ ក្រុម Atletico Madrid ចាប់​ផ្ដើម​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​ធ្លាក់ចុះ​មួយរយៈ ជាមួយ​នឹង​ការ​មានជ័យ​ជម្នះ ២-០ នៅ​ផ្ទះ​របស់់ Villarreal កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ជា​លទ្ធផល​បង្កើត​បាន​នូវ​គម្លាត​នៃ​ការ​នាំ​មុខ នៅ​កំពូល​តារាង La Liga ចំនួន ៥ ពិន្ទុ។

ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់ Alfonso Pedraza ១ គ្រាប់ និង ១ គ្រាប់ ដែល​បាន​ពី​ការ​ស៊ុត​យ៉ាង​ពេញក​ម្លាំង​របស់ Joao Felix ផ្ដល់​ឱ្យ Atletico នូវ​ជ័យជម្នះ​ដ៏​មាន​តម្លៃ​បន្ទាប់​ពី​មាន​ភាព​មិន​ប្រាកដប្រជា​ជាច្រើន​ប្រកួត​មុន​ហ្នឹង រហូត​បណ្ដោយ​ឱ្យ​ក្រុម Barcelona និង Real Madrid ទទួល​បាន​ភាព​ចំណេញ​ក្នុង​ការ​តាម​ប្រជែង​ពាន​លីគ​កំពូល។

ក្រុម​របស់​លោក Diego Simeone ធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​ការ​ប្រកួត​នេះ ដោយ​ស្ពាយ​ភាព​បរាជ័យ​ពី​ក្របខ័ណ្ឌ Champions League ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ជើង​ទី ១ ក្រោម​ថ្វី​ជើង​របស់​ក្រុម​យក្ស​អង់គ្លេស Chelsea ព្រមទាំង​អម​មក​ជាមួយ​នឹង​លទ្ធផល​បន្តបន្ទាប់​ក្នុង​លីគ ដែល​ឃើញថា ពួក​គេ​ដណ្ដើម​បានតែ ៥ ពិន្ទុ​ប៉ុណ្ណោះ សម្រាប់​ការ​ប្រកួត ៤ លើក នៅ​មុន​ហ្នឹង។

តែ​ទោះបី​ជា​ក្នុង​ប្រកួត​នេះ Villarreal មក​កៀកៗ ដោយសារ​មាន​ឱកាស​ល្អ​ជា​ច្រើន​ដង​ក៏​ដោយ ក៏ Atletico បាន​ព្យាយាម​ទប់​ដើម្បី​មាន​ជ័យជម្នះ ដែល​ធានា​ឱ្យ​ពួក​គេ​រក្សា​គម្លាត​រាង​ឆ្ងាយ​បន្តិច​ពី​ក្រុម​លេខ ២ Barca ហើយ​ច្បាស់​ណាស់ រឹតតែ​ធ្វើ​ឱ្យ​ពួក​គេ​នាំមុខ​ក្រុម​គូប្រជែង Real ដល់​ទៅ ៦ ពិន្ទុ មុន​នឹង​មាន​ជំនួប​រវាង​ក្រុម​នៅ​ក្រុង​តែ ១ នា​ចុង​សប្ដាហ៍​ក្រោយ។

«យើង​ទទួល​ការ​ខក​ចិត្ត​​ជា​ច្រើន​ដង​រដូវ​កាល​នេះ។ ក្រោយ​គ្រាប់​ទី២ ពួក​គេ​មាន​ឱកាស​ល្អ​ជា​ច្រើន​លើក​ច្រើនសា តែ​យើង​ត្រឡប់​មក​ផ្ទះ​វិញ​ជាមួយ​នឹង​ជោគជ័យ​ដ៏​សំខាន់​ណាស់ នាពេល​នេះ ក្នុង​រដូវកាល​នេះ»។ នេះ​ជា​ប្រសាសន៍​របស់​លោក Simeone។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់ Felix ហាក់​ដូចជា​បង្ហាញ​នូវ​ទឹក​មុខ​បែប​ខឹង​សម្បា​ដាក់​លោក Simeone បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​ហើយ ដោយ​មាន​សេច​ក្ដីរាយការណ៍​ថា នោះ​អាច​បណ្ដាល​មក​ពី​មិន​សូវ​ចូល​លេង​ញឹកញាប់។

លោក Simeone បាន​ថ្លែង​ថា៖ «ខ្ញុំ​ពេញ​ចិត្ត​នឹង​កីឡាករ​ប្រឆាំង​ជំទាស់។ អ្នក​ទាំង​នោះ មាន​ទំនុក​ចិត្ត​ខ្ពស់។ គ្រាប់​បាល់​នេះ ទាញ​នូវ​អ្វី​ដ៏​ពិសេស​ពី​ក្នុង​ខ្លួន​របស់​គេ។ គេ​ត្រូវ​ការ​លេង ហើយ​ក្រុម​ត្រូវ​ការ​គ្រាប់​បាល់​នោះ»៕ AFP/VN