ភ្នំពេញ: ក្រុមម្ចាស់ជើងឯក Avatar FC បានជួបការបរាជ័យជាលើកដំបូង និងធ្វើឲ្យពួកគេធ្លាក់ចេញពីកំពូលតារាងនៃពានពាក់កណ្តាលអាជីព Keller Williams Cambodia League 2019 ផងដែរ ប៉ុន្តែ Khmer United A បានលត់ក្រុម Home Sport រហូតដល់ ២១-១ ដើម្បីដណ្តើមយកទីតាំងលេខ ១ នេះត្រឹមសប្តាហ៍ទី ៤។
សម្រាប់ការប្រកួតវិលជុំលើកទី ៤ នៅកីឡដ្ឋានវេស្ទើនកាលពីថ្ងៃអាទិត្យក្រុម Avatar បានចាញ់ក្រុមខ្លាំងចំណូលថ្មី ISI Group United ត្រឹម ១-០ ដ៏គួរឲ្យសោកស្តាយបំផុត ព្រោះគ្រាប់បាល់បរាជ័យនេះ ដោយសារតែប្រធានក្រុមរបស់ពួកគេធ្វើឲ្យខ្សែប្រយុទ្ធជាជនជាតិបរទេសរបស់ក្រុម ISI ដួលនៅក្នុងតំបន់គ្រោះថ្នាក់នៅពាក់កណ្តាលតង់ទី ២ នាំឲ្យលោកអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ ១១ ម៉ែត្រទៅឲ្យក្រុម ISI។
ការចាញ់ក្រុម ISI ដោយបាល់ពិន័យនេះ វាជាការបរាជ័យលើកដំបូងរបស់ក្រុម Avatar ខណៈ ៣ ប្រកួតកន្លងមកនេះពួកគេបានស៊ុតទម្លុះសំណាញ់ទីរបស់គូប្រកួតរហូតដល់ ២៥ គ្រាប់ និងមិនរបូតវិញសូម្បីតែ ១ គ្រាប់។ ការចាញ់លើកនេះបានធ្វើឲ្យ Avatar ធ្លាក់ពីតំបន់កំពូលតារាងទៅឈរលេខ ៤ វិញមាន ៩ ពិន្ទុដដែល។
ផ្ទុយពីនេះក្រុមម្ចាស់ជើងឯករង ២ សម័យកាល Khmer United A បានប្រើទម្រង់លេងដ៏រីកចម្រើនរបស់ពួកគេ លត់ Home Sport ២១-១ ដើម្បីហក់ពីលេខ ៣ ទៅឈរនៅលេខរៀងទី ១ ជាទីតាំងចាស់របស់ក្រុម Avatar ដ៏គួរឲ្យចាប់អារម្មណ៍បំផុត។
ការឈ្នះក្រុម Home Sport ២១-១ វាបានក្លាយជាកំណត់ត្រានៃការរកបានគ្រាប់បាល់ច្រើនបំផុតមិនធ្លាប់កើតមានក្នុងពានមួយនេះ ហើយជ័យជម្នះដ៏ធំនេះវាស្របទៅតាមការចង់បានពីសំណាក់អតីតគ្រូបង្វឹកលីកកំពូលកម្ពុជាគឺលោក កែវ សារិន ដែលកំពុងដឹកនាំក្រុម Khmer United នេះ ព្រោះលោកធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកនឹងដឹកនាំ Khmer United A ឲ្យលើកពានជាលើកដំបូងនៅឆ្នាំនេះ។
ចំណែកក្រុម Reil Phnom Penh នៅតែរក្សាភាពមិនដែលចាញ់ ខណៈពួកគេបានបន្តយកឈ្នះក្រុម Mambo PP ២-០ ដើម្បីបន្តឈរនៅលេខទី ២ ដោយមាន ១២ ពិន្ទុពេញគឺក្រុមមួយនេះនៅតែមានប្រៀបលើក្រុមឈរនៅលេខ ៣ ISI Group United ទៅលើគ្រាប់បាល់ចំណេញដដែល។
ជាមួយគ្នានេះក្រុមម្ចាស់ជើងឯកឆ្នាំ ២០១៧ Bayon Wanderers បានលត់ក្រុម Khmer United B រហូតដល់ ៩-០ ដើម្បីបន្តឈរនៅលេខរៀងទី ៥ មាន ៩ ពិន្ទុ ឯក្រុមបាសាក់បានយកឈ្នះក្រុម Sniper ៤-០ ដើម្បីបន្តឈរនៅលេខ ៦ មាន ៩ ពិន្ទុជាមួយការឈ្នះ ៣ និងចាញ់ ១ ដូចគ្នា។
ដោយឡែកក្រុម Khmer United U22 បានឈ្នះក្រុម Sen Sok Empire ៤-១ ឈរនៅលេខ ៧ មាន ៧ ពិន្ទុ ខណៈក្រុម ATK ឈ្នះក្រុមគ្រួសារកីឡាតាំងគោក ៤-២ ហើយក្រុមទន្សោងបានលត់ក្រុម Anvaya ៨-២៕