ក្រុង​ឡុងដ៍៖ ក្រុម​ West Ham United បាន​ធ្វើ​ឱ្យ​ថ្ងៃ​ត្រឡប់​ចូល​ទីលាន​ដំបូង​របស់ Gareth Bale ជាមួយ​ក្រុម​ Tottenham Hotspur (Spurs) ជួប​នូវ​ខក​ចិត្ត​មួយ ដោយ​ការ​តាម​ពី​ការ​នាំ​មុខ ៣-០ រហូត​ស្មើ ៣-៣ ខណៈ​ក្រុម​ Aston Villa (Villa) នៅ​បន្ត​រក្សា​នូវ​ការ​ចាប់​ផ្ដើម​ដ៏​ឥត​ខ្ចោះ​របស់​ខ្លួន ជាមួយ​នឹង​ជ័យ​ជម្នះ ១-០ លើ​​ក្រុម​ម្ចាស់​ផ្ទះ Leicester City អំឡុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​។

នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​ Bale សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League អង់គ្លេស ក្រោយ​ក្លាយ​ជា​សមាជិក​ថ្មី​ជាមួយ​​ក្លិប​ចាស់​​​ម្ដង​ទៀត ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង ១ រដូវកាល​ពី​ក្រុម​នៅ​អេស្ប៉ាញ Real Madrid ខណៈ​ពេល​រូប​គេ​ដូរ​ចូល​នៅ​នាទីទី​៧២ ក្រុម​ Spurs បាន​​ធ្វើ​ការ​នាំមុខ​ក្រុម​ភ្ញៀវ​រួច​ហើយ ៣-០​។

តែ​ខ្សែ​បម្រើ​សញ្ជាតិ​វេលស៍ ជួប​នូវ​បទពិសោធ​ដែល​មិន​អាច​បំភ្លេច​បាន ខណៈ​ក្រុម​របស់​លោក​​ Jose Mourinho ​ស្រឡាំង​កាំង​នឹង​ទិចនិក​វាយ​បក​ ហើយ​អ្វី​ដែល​សំខាន់ Bale ក៏​ជា​ម្នាក់ ​ក្នុង​ចំណោម​កីឡាករ​ដទៃ​ទៀត ដែល​ខ្ជះខ្ជាយ​ឱកាស​​ស៊ុត​បញ្ចូល​ទី មុន​ពេល​ West Ham យក​ស្មើ​វិញ​បាន​។

សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី ៥ របស់​ Spurs នេះ នៅ​វគ្គ​ទី ១ ការ​ប្រកួត​ដំណើរការ​តែ ៤៥ ​វិនាទី​​ប៉ុណ្ណោះ កីឡាករ Son Heung-min ​ទម្លុះ​សំណាញ់​ទី​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​នាំមុខ ១-០ បាត់​ហើយ មុន​នឹង​ Harry Kane ថែម ២ គ្រាប់​ទៀត​ នៅ​នាទីទី​៨ និង​១៦​ តែ​​តង់​ទី២ ក្រុម​ភ្ញៀវ តាម​ស្មើ​បាន​វិញ ត្រឹម​តែ ៨ ​នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត ដោយ ៣ ​គ្រាប់​នោះ បំប៉ោង​សំណាញ់​ទី​ដោយ Fabian Balbuena, Davinson Sanchez (ចូល​ទី​ខ្លួន​ឯង) និង Manuel Lanzini​។

West Ham ក្លាយជា​ក្រុម​ទី ១ ក្នុង​ប្រវត្តិសាស្ត្រ​​របស់ Premier League ដែល​គេច​ផុត​ពី​បរាជ័យ ក្រោយ​ត្រូវ​នាំ​មុខ​ដល់​ទៅ ៣ គ្រាប់ ឬ​លើស​ពី​នេះ ក្រោយ​ការ​ប្រកួត​ដំណើរ​ការ​រហូត​ដល់​នាទី​ទី​៨១។​

គ្រូ​បង្វឹក​របស់​ក្រុម Spurs លោក Mourinho ​សម្ដែង​ការ​សោកស្ដាយ​ថា​៖ «យើង​ធ្វើ​ការ​គ្រប់គ្រង​ការ​ប្រកួត​នេះ​។ យើង​ឃើញ​ Kane ប៊ិះ​នឹង​ស៊ុត​បាន​គ្រាប់​ទី៤ តែ​បុក​បង្គោល​ទី ហើយ​បន្ទាប់​មក Bale សឹង​តែ​បញ្ចប់​គ្រប់​យ៉ាង តែ​​មិន​អាច​។ នេះ​ជា​ការ​ប្រកួត​ ដែល​យើង​មាន ៣ ពិន្ទុ ក្នុង​ដៃ​ទៅ​ហើយ តែ​យើង​បាត់​អស់ ២ ពិន្ទុ​»​។

បុរស​ព័រទុយហ្គាល់ បាន​បន្ត​ថា​៖ «​យើង​គួរ​រឹងមាំ​ជាង​នេះ។ ពួក​គេ​សំណាង​ល្អ តែ​ប្រហែល​ជា​ពួក​គេ​ ស័ក្ដិសម​នឹង​ទទួល​បាន​សំណាង​ល្អ​​ហ្នឹង​។ ពួក​យើង​ស៊យ តែ​ទំនង​ជា ពួក​យើង​សម​តែ​ជួប​សំណាង​មិន​ល្អ​ហ្នឹង»​។​

ការ​ប្រកួត​នៅ​​កីឡដ្ឋាន King Power ឯ​ណោះ​វិញ ក្រុម Villa ​រង់​ចាំ​រហូត​ដល់​នាទី​ទី​៩០+​១ ទើប​អាច​រក​ឃើញ​ជ័យ​ជម្នះ​លើក​ទី៤ នៅ​រដូវកាល​នេះ ដោយ​ខ្សែ​បម្រើ Ross Barkley ដែល​ជា​កីឡាករ​ខ្ចី​ជើង​ពី​ក្រុម Chelsea ជា​អ្នក​មាន​គុណសម្បត្តិ​យ៉ាង​ធំ​ធេង​ ក្រោយ​ស៊ុត​ក្រៅ​តំបន់​គ្រោះ​ថ្នាក់​បញ្ចូល​ទី​យ៉ាង​ល្អ​អស្ចារ្យ​។​​

ជា​រឿង​នឹក​ស្មាន​មិន​ដល់​ ដែល​​ក្រុម​មួយ​ប្រើ​ពេល​តែ​ប៉ុន្មាន​ខែ​ ក្រោយ​ការ​ប្រកួត​ចុង​ក្រោយ​នៃ​រដូវ​កាល​មុន គឺ​ជា​ថ្ងៃ​ដែល​ប្រជែង​ ដើម្បី​រស់​តែ​ពេល​នេះ ​ឡើង​ទៅ​លេខ​ ២ ក្នុង​តារាង​ពិន្ទុ នៅ​ដើម​រដូវ​កាល​នេះ ដោយ​តាម​ពី​ក្រោយ​ Everton ១ ​ពិន្ទុ ហើយ​រឹត​តែ​អស្ចារ្យ​ទៀត​នោះ គឺ​មុន​ប្រកួត​នេះ ក្រុម​របស់​លោក Dean Smith បំបាក់​ក្រុម​ជើង​ឯក​ចាស់ Liverpool ៧-២​។

លោក Smith ​បាន​និយាយ​ថា​៖ «​វា​ពិត​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​ណាស់​។ ការ​មក​ទី​នេះ ហើយ​ឈ្នះ គឺ​ពិត​ជា​ក្រុម​ល្អ​មែន​។ កីឡាករ​ជា​ច្រើន ហត់​នឿយ ហើយ​ពួក​គេ ចាប់​ផ្ដើម​ជាមួយ​រដូវកាល​ថ្មី​យឺតៗ តែ​ច្បាស់។ យើង​រីករាយ​នឹង​អ្វី​ដែល​ធ្វើ​បាន​នាពេល​នេះ​»​៕ AFP/VN