ក្រុង​ម៉ា្រឌីដ៖ ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្រុម​អធិរាជស Real Madrid គឺ Gareth Bale បាន​និយាយ​ថា ខ្លួន​នៅ​តែ​វង្វេងវង្វាន់ ដែល​មាន​ចំណង់​ចំណូល​ចិត្ត​លេង​កីឡា​វាយ​កូនគោល ត្រូវ​បាន​គេ​ស្ដី​បន្ទោស​ដូច​ជា​ជន​បង្ក​បញ្ហា​ម្នាក់​នៅ​ប្រទេស​អេស្ប៉ាញ ហើយ​បាន​ដាក់​ជា​សំណួរ​ថា ហេតុ​អ្វី​អ្នក​កីឡា​ល្បី​ៗ​ដទៃ​ មិន​ត្រូវ​បាន​រិះគន់​ពី​ការ​លេង​កីឡា​នេះ​ដែរ​។

បើទោះ​ជា​ឈ្នះ​ពាន​ក្របខ័ណ្ឌ​អឺរ៉ុប ​Champions League ដល់​ទៅ ​៤ ​ដង ជាមួយ​ក្រុម Real និង​​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​សំខាន់​ៗ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ៣ លើក​ក៏​ដោយ ក៏​កីឡាករ​អន្តរជាតិ​វេលស៍​រូប​នេះ នៅ​តែ​មិន​ទទួល​បាន​ការ​ពេញ​ចិត្ត​ដែរ ​ដោយសារ​គ្រប់​គ្នា​សម្គាល់​ឃើញ​នូវ​​ការ​ខ្វះខាត​នៃ​ការ​ប្ដូរ​ផ្ដាច់​ ក៏​ដូច​ជា​កំណត់ត្រា​របួស​​ដ៏​អាក្រក់ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេស្ប៉ាញ ​រិះគន់​ជា​ញឹកញាប់​ថា មក​ពី​ទៅ​វាយ​កូន​គោល​ពេល​ទំនេរ​។​

កាល​ពី​ឆ្នាំ​មុន​ កីឡាករ Bale ដែល​លេង​តំណែង​ស្លាប​រូប​នេះ ធ្វើ​ការ​អបអរ​ពេល​ក្រុម​វេលស៍ បាន​ឡើង​ទៅ​​ព្រឹត្តិការណ៍ Euro 2020 ដោយការ​ផូស្ត​រូប នៅ​មុខ​បដាមួយ ​ដែល​សរសេរ​ថា៖ «​វេលស៍ កីឡា​គោល ម៉ា្រឌីដ តាម​លំដាប់​លំដោយ​» ដែល​ នាំ​​ឲ្យ​មាន​ការ​រិះគន់​​ទាំង​កំហឹង​ ព្រម​ទាំង​បណ្ដាល​ឲ្យ​មាន​ការ​ហ៊ោ​បែប​ចំអក​ពី​សំណាក់​​​អ្នក​គាំទ្រ​របស់​ក្រុម​អធិរាជ​ស ​ពេល​រូប​គេ​ត្រឡប់​មក​លេង​​ការ​ប្រកួត​ដំបូង​ឲ្យ​ក្លិប​។​

ពាក់ព័ន្ធ​នឹង​រឿង​នេះ កីឡាករ Bale បាន​និយាយ​ក្នុង​កម្មវិធី Eric Anders Lang Show ថា​៖ «​មនុស្ស​ជា​ច្រើន មាន​បញ្ហា​ជាមួយ​ខ្ញុំ​ ដែល​ចូល​ចិត្ត​លេង​វាយ​កូន​គោល​។ ខ្ញុំ​មិន​ដឹង​ពី​ហេតុ​ផល​អ្វី​ឲ្យ​ពិត​ប្រាកដ​របស់​ពួក​គេ ព្រោះ​ខ្ញុំ​បាន​និយាយ​ជាមួយ​ក្រុម​គ្រូ​ពេទ្យ ហើយ​គ្រប់​គ្នា​គ្មាន​បញ្ហា​ជាមួយ​នឹង​ការ​លេង​នេះ​ទេ​។ តែ​ផ្ទុយ​ទៅ​វិញ ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ការ​យល់​ឃើញ​ថា​ វា​មិន​ប្រសើរ​សម្រាប់​ខ្ញុំ ដោយ​​ពួក​គេ​ប្រាប់​ថា ខ្ញុំ​គួរ​តែ​សម្រាក ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស​»​៕ AFP/VN