ឡុងដ៍៖ លោក Jose Mourinho កោត​សរសើរ​ចំពោះ​ភាព​អត់ធន់​របស់​កីឡាករ Gareth Bale ដែល​រង់ចាំ​ឱកាស​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន ក្រោយ​ងើប​ចេញ​ពី​កៅអី​កីឡាករ​បម្រុង​ដើរ​ចូល​ទីលាន ហើយ​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម​ឈ្នះ ២-១ លើ​ក្រុម Brighton ដែល​នាំ​ឱ្យ​ក្រុម Tottenham Hotspur ​(Spurs) រំកិល​ឡើង​ទៅ​លេខ ២ បណ្ដោះ​អាសន្ន ត្រឹម​ថ្ងៃ​ចន្ទ ក្នុង​តារាង​ក្របខ័ណ្ឌ Premier League អង់គ្លេស​។

កីឡាករ​សញ្ជាតិ​វេលស៍ Bale មិន​ទាន់​បាន​លេង​ក្នុង​ចំណោម​​កីឡាករ​ទាំង ១១ ដំបូង​នៅ​ឡើយ​ទេ សម្រាប់​ការ​ត្រឡប់​មក​ជា​​លើក​​ទី២ ​ជាមួយ​ Spurs ក្លិប​ដែល​ខ្លួន បាន​ចាកចេញ​ក្នុង​តម្លៃ​​ជា​កំណត់ត្រា​ពិភព​លោក ដើម្បី​ទៅ​ចូលរួម​ជាមួយ​ ​Real Madrid ក្នុង​ឆ្នាំ ​២០១៣​។

តែ​កីឡាករ​វ័យ ៣១ ​ឆ្នាំ បាន​បង្ហាញ​ពី​ភាព​ឥតប្រណី​​របស់​ខ្លួន​ចំពោះ​ការ​ទម្លុះ​សំណាញ់​ទី​ជាមួយ​នឹង​ការ​តែត​ពេញ​ទំហឹង​នៅ​មុន​ការ​ប្រកួត​ចប់​ ១៧ ​នាទី​ ហើយ​ធានា​​ថា កូន​​ក្រុម​របស់​លោក​ Mourinho មិន​​មាន​បញ្ហា​នៅ​តំបន់​ប្រយុទ្ធ សម្រាប់​ប្រកួត​នៅ​កីឡដ្ឋាន Tottenham Hotspur នោះ​ឡើយ​។​

លោក Mourinho ​និយាយ​ថា​៖ «​Gareth Bale នឹងនរ​ណាស់ និង​មាន​ភាព​ចាស់​ទុំ​គ្រប់គ្រាន់។ គេ​ដឹង​ថា កាយ​សម្បទា​របស់​គេ រឹងមាំ​ជាង​អ្នក​ណា​ទាំង​អស់​។ យើង​ដឹង​ពី​កន្លែង​​ ដែល​​យើង​ចង់​​ទៅ​ ហើយ​គេ​រួម​ដំណើរ​​ជាមួយ​យើង​​»​។

គ្រាប់​បាល់​របស់ Bale នៅ​នាទីទី​៧៣ បាន​មក​បន្ថយ​ក្ដី​រំភើប​របស់​ Brighton ពេល​​តាម​ស្មើ​បាន​វិញ​ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ Tariq Lamptey នៅ​នាទីទី​៥៦ ក្រោយ​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​បើក​ការ​នាំ​មុខ​តាំង​ពី​នាទីទី ​១៣ ដែល​បាន​មក​ពី​ការ​ស៊ុត​បាល់​ប៉េណាល់ទី​របស់​កីឡាករ​ Harry Kane​។

ការ​ប្រកួត​នេះ ក៏​បង្ក​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស​បន្តិច​ដែរ ដោយ​​លោក​ Mourinho យល់​ថា កីឡាករ​របស់​ក្រុម​គូ​ប្រជែង Solly March ​បាន​ប្រព្រឹត្ត​កំហុស​លើ Pierre-Emile Hojbjerg ច្បាស់​​​ណាស់ មុន​នឹង​មាន​​បាល់​បញ្ជូន​ទៅ​ដល់​ជើង​របស់ Lamptey ដែល​ស៊ុត​ឱ្យ​ក្រុម​​តាម​​ស្មើ​បាន​នោះ​។

បុរស​សញ្ជាតិ​ព័រទុយហ្គាល់ លើក​ឡើង​ថា​៖ «​ទំនង​ជា លោក​អាជ្ញា​កណ្ដាល​គួរ​តែ​ទៅ​ធ្វើ​សន្និសីទ​សារព័ត៌មាន ហើយ​ធ្វើ​ការ​បក​ស្រាយ។ គាត់​មាន​ពេល​ទៅ​មើល​​ម៉ូនីទ័រ ដើម្បី​ឱ្យ​គាត់​​អាច​ពន្យល់​ថា ហេតុ​អ្វី​បាន​​ព្រម​អនុញ្ញាត​​គ្រាប់​បាល់​នោះ​»​។

Bale ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ​និយាយ​ថា​៖ «​មាន​អារម្មណ៍​រំភើប​ណាស់​។ ខ្ញុំ​គ្រាន់​តែ​ចង់​ប្រឹង​​ឱ្យ​អស់​លទ្ធភាព ដើម្បី​នាំ​ភាព​ជោគជ័យ​ឱ្យ​ក្លិប​។ គ្រប់​គ្នា​និយាយ​ពី​ការ​លេង​ផ្ទាល់​ខ្លួន តែ​ខ្ញុំ​និយាយ​ជានិច្ច​ថា ខ្ញុំ​ជា​កីឡាករ​របស់​ក្រុម​។ រឿង​សំខាន់​បំផុត គឺ​​សាមគ្គី​គ្នា​ក្នុង​ក្រុម​»​។

ក្រោយ​បញ្ចប់​ប្រកួត​សប្ដាហ៍​ទី៧ នេះ ​ក្រុម Spurs ត្រូវ​បាន​ឈរ​ទី​កំពូល​តារាង​បាត់​ទៅ​ហើយ បើ​កុំ​តែ​ភ្លាត់​បាត់​អស់ ៤ ពិន្ទុ ដោយសារ​ស្មើ​ជាមួយ​ក្រុម Newcastle និង West Ham នៅ​ផ្ទះ​ខ្លួន​ឯង ទាំង​ដែល​ប្រកួត​ទាំង​នោះ ខ្លួន​ជា​អ្នក​មាន​គ្រាប់​បាល់​នាំ​មុខ​រហូត​។

ពេល​នេះ ពួក​គេ តាម​ពី​ក្រោយ​ក្រុម​ជើងឯក​ចាស់​ Liverpool ដែល​នៅ​លេខ ១ ជាមួយ​នឹង ១៦ ​ពិន្ទុ តែ ២ ពិន្ទុ​ប៉ុណ្ណោះ តែ​ទាំង​លោក Mourinho និង​ Bale សុទ្ធ​តែ​និយាយ​ដូច​គ្នា​ថា មិន​ទាន់​គិត​ដល់​ការ​ប្រជែង​ពាន​នោះ​ឡើយ​។

លោក​ Mourinho បាន​បន្ថែម​​ថា​៖ «​​ឆ្នាំ​ ២០០៤ ​ពេល​ខ្ញុំ​មក​កាន់​​អង់គ្លេស ប្រកួត​ខ្លះ ​គឺ​ក្រុម​ខ្លាំងៗ​ ច្រើន​បាន ៣ ​ពិន្ទុ​។ តែ​ឥឡូវ​នេះ មិន​អ៊ីចឹង​​ទេ បាន​ន័យ​ថា ក្រុម​​ទាំង​អស់ មាន​ពិន្ទុ​ប្រដេញ​គ្នា​។ បើ​​ភ្លាត់​តែ​បាត់​ ២ ពិន្ទុ នោះ​​អាច​ធ្លាក់​ទៅ​លេខ ៧ ៨ ឬ​ក៏លេខ ៩៕ AFP/VN