ក្រុងម៉ា្រឌីដ៖ «ខ្ញុំនឹកទីនេះ»។ នេះជាសម្ដីរបស់កីឡាករ Lionel Messi បានបន្លឺឡើង ក្រោយពីបានបោះជំហានរបស់ខ្លួនជាន់លើស្មៅនៅក្នុងកីឡដ្ឋាន Camp Nou ជាលើកដំបូងក្នុងរយៈពេល ៣ ខែ តែនៅពេលក្រុមអ្នកមានបុណ្យ Barcelona (Barca) ត្រឡប់មកធ្វើសកម្មភាពប្រកួតប្រជែងវិញ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ ដឹងច្បាស់ថា វានឹងប្លែកជាងមុនជាមិនខាន។
ជំនួសមកវិញការប្រជែងពានរង្វាន់ដ៏វក់វីនៅក្របខ័ណ្ឌ La Liga នឹងចាប់ផ្ដើមដោយភាពប្លែកខុសពីមុន ខណៈក្រុម Barca នឹងបញ្ចប់នៅកីឡដ្ឋានដ៏ធំជាងគេបំផុត និងឥឡូវនេះទទេស្អាតជាងគេបំផុតនៅអឺរ៉ុប ពេលក្រុមគូប្រជែងស្លាប់រស់អធិរាជស Real Madrid (Real) ប្ដូរទៅលេងនៅកីឡដ្ឋានផ្សេងទាំងស្រុង។
២ ពិន្ទុ ជាគម្លាតរវាងក្រុមគូប្រជែងដ៏ធំជាងគេរបស់ប្រទេសអេស្ប៉ាញ នៅមុនការប្រកួតលីកលំដាប់កំពូលវិលមកវិញ នៅថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍នេះ ខណៈជំនួបរវាងក្រុមនៅក្រុងតែមួយ (Derby Match) គឺ Sevilla និង Real Betis នឹងបញ្ចប់ការគាំងដំណើររយៈពេល ៩៣ ថ្ងៃ ហើយចាប់ផ្ដើមជាមួយនឹងការប្រកួតយ៉ាងមមាញឹករយៈពេល ៥ សប្ដាហ៍ ដើម្បីឲ្យរដូវកាលនេះ ចប់ជាផ្លូវការពេញបរិបូរណ៍។
ពេលយុទ្ធនាការ ត្រូវបានផ្អាកកាលពីថ្ងៃទី ១២ ខែមីនា ក្រុម Real បានប្រគល់ចំណាត់ថ្នាក់ទី ១ ឲ្យទៅ Barca ភ្លាមៗ ក្រោយពីបានប្រកួតឈ្នះគូប្រជែងនេះ នៅទឹកដីខ្លួនឯង Santiago Bernabeu ដែលជាការប្ដូរចំណាត់ថ្នាក់ដ៏គួរឲ្យកត់សម្គាល់ ដែលប្រើពេលត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ។ ដោយគិតលើភាពមិនទាន់រឹងមាំនៃក្រុមទាំង ២ វាជារឿងពិបាកស្មានមែនទែនថា តើក្រុមណានឹងមានទម្រង់លេងខ្លាំងជាងសម្រាប់ការប្រកួតទាំង ១១ លើកចុងក្រោយនៃរដូវកាលនេះ? ប៉ុន្តែកត្តាដែលសំខាន់នោះគឺថា ក្រុមណានឹងសម្របខ្លួនបានប្រសើរជាងចំពោះបរិយាកាសដ៏ប្លែកនេះ។
ជួសឲ្យការលេងនាកីឡដ្ឋានមាន ៨១ ០០០ កៅអីរបស់ខ្លួននាកណ្ដាលទីក្រុង ដែលកំពុងត្រូវបានជុសជុលនៅរដូវក្ដៅនេះ ក្រុម Real នឹងទៅលេងនៅឯកីឡដ្ឋាន Alfredo di Stefano ដែលអាចផ្ទុកទស្សនិកជនបានតែ ៦ ០០០ នាក់ ដោយជាទូទៅ ត្រូវបានប្រើប្រាស់ជាទឹកដីរបស់ក្រុមកីឡាករបម្រុងរបស់ក្លិប និងក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំ។
ពាក់ព័ន្ធនឹងការប្រកួត ដែលនឹងធ្វើឡើងដោយខុសប្លែកពីមុនទាំងស្រុង ជាពិសេសរឿងអវត្តមានអ្នកគាំទ្រខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Toni Kroos របស់ក្រុម Real បាននិយាយនៅដើមខែនេះថា៖ «នេះជាលើកទី ១ ដែលយើងត្រូវលេងដោយអត់មានអ្នកគាំទ្រ។ ក្រុមរបស់យើង ដែលត្រូវតែសម្របខ្លួនឲ្យល្អបំផុតនឹងស្ថានការណ៍នេះបាន នោះគឺជាជ័យជម្នះមួយដែលយើងទទួលបាន»។
តែយ៉ាងណាសម្រាប់ក្រុមអ្នកមានបុណ្យ នេះមិនមែនជាលើដំបូងនោះទេ ក្នុងការប្រកួតដោយអត់មានអ្នកគាំទ្រ ព្រោះកាលពីខែតុលា ឆ្នាំ ២០១៧ ខ្លួនបានធ្វើការប្រកួតជាមួយក្រុម Las Palmas ដោយបិទទ្វារកីឡដ្ឋាន Camp Nou ដែលការធ្វើបែបនេះគឺ ដើម្បីតវ៉ានឹងការអនុញ្ញាតឲ្យមានការប្រកួតចំពេលមានចលាចលផ្នែកនយោបាយ។
បើទោះជាក្រុមខ្លួនធ្លាប់រៀបចំការប្រកួតក្នុងសភាពស្ងាត់ជ្រងំក្ដី ក៏ខ្សែបម្រើ Arturo Vidal ក្រុម Barca បានលើកឡើងក្នុងលក្ខណៈស្រដៀងគ្នានឹងសម្ដីរបស់ Kroos ដែរ ដោយនិយាយថា៖ «ខ្ញុំពេញចិត្តការមានទំនាក់ទំនងជាមួយអ្នកគាំទ្រ ព្រោះជាអ្វីដែលធ្វើឲ្យយើងមានពេលវេលារីករាយជាមួយគ្នា តែយើងនឹងសម្របជាមួយស្ថានភាពនេះឲ្យបាន»។
សម្រាប់ក្របខ័ណ្ឌ La Liga នឹងចាប់ផ្ដើមឡើងវិញ ជាមួយនឹងការប្រកួតសប្ដាហ៍ទី ២៨ របស់ខ្លួន។ បច្ចុប្បន្ន Barca មាន ៥៨ ពិន្ទុ ខណៈ Real មាន ៥៦ ពិន្ទុ៕ AFP/VN