ក្រុង​ម៉ា្រឌីដ៖ ក្រុម​​ Barcelona (Barca) នឹង​ប្ដឹង​កីឡាករ Neymar ពាក់ព័ន្ធ​នឹង​ទឹក​ប្រាក់ ១០,២ ​លាន​អឺរ៉ូ ($១២ លាន​) ដែល​ពួក​គេ​ជឿ​ថា បាន​ចំណាយ​លើស​ចំនួន​ឱ្យ​ទៅ​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ប្រេស៊ីល​កាល​នៅ​ជា​​សមាជិក​របស់​ក្លិប​។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត​ El Mundo កាល​ពី​ថ្ងៃ​ពុធ​។

Neymar ទទួល​បាន​​​រយៈកាល​ជោគជ័យ​មួយ​ជាមួយ Barca ចន្លោះ​ឆ្នាំ ​២០១៣ ដល់ ​២០១៧ មុន​​ចាក​ចេញ​ទៅ​ក្រុម​នៅ​បារាំង Paris Saint-Germain (PSG) ក្នុង​តម្លៃ​ខ្លួន ២២២ លាន​អឺរ៉ូ ($២៦១ ​លាន) ដែល​ជា​តម្លៃ​កំណត់ត្រា​របស់​ពិភព​លោក​។​​

តែ​បើ​យោង​តាម​កាសែត​អេស្ប៉ាញ​ El Mundo ការ​ពិនិត្យ​ឡើង​វិញ​របស់​ការិយាល័យ​ពន្ធដារ​អេស្ប៉ាញ​បាន​បង្ហាញ​ថា ​Barca មិន​បាន​ធ្វើ​ការ​កាត់​ពន្ធ​ឱ្យ​បាន​ត្រឹមត្រូវ​​ឡើយ ពេល​បង់​ពន្ធ​ឲ្យ​កីឡាករ Neymar​។ នេះ​យោង​តាម​ការ​​ពិនិត្យ​ឡើង​វិញ ចំពោះ​ក្រុម​អ្នក​មាន​បុណ្យ ដែល​បាន​អនុវត្ត​​​រហូត​ដល់​ឆ្នាំ​ ២០១៥​។

សេចក្ដី​រាយការណ៍​នោះ​បន្ត​ថា​ ការិយាល័យ​ពន្ធដារ​នៅ​ប្រទេស​អេស្ប៉ាញ បាន​ធ្វើ​ការ​ប៉ាន់ស្មាន​ថា Neymar ទទួល​បាន​ផល​ចំណេញ​ពី​ការ​ធ្វើ​មាន​ធ្វើ​បាន​ដែល​មិន​ត្រឹមត្រូវ​ ហើយ​ប្រភព​មួយ​ពី​ក្លិប​ Barca អះអាង​ប្រាប់ AFP ថា ក្លិប​ឥឡូវ​នេះ នឹង​​ទាមទារ​មក​វិញ​នូវ​ចំនួន​ទឹក​ប្រាក់​នោះ​។​

Neymar មិន​បាន​បង់ពន្ធ​ឱ្យ​អាជ្ញាធរ​អេស្ប៉ាញ​ច្រើន​ជាង​អ្នក​ដទៃ ដោយ​ជាប់​បំណុល​ពន្ធ​ ៣៤,៦ ​លាន​អឺរ៉ូ ($​៤០ ​លាន​)​។ នេះ​បើ​យោង​តាម​ឯកសារ​ផ្លូវ​ការ​ ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា​។

ជាមួយ​គ្នា​នេះ ក៏​មាន​សេចក្ដី​រាយការណ៍​ផង​ដែរ​ថា អាជ្ញាធរ​សារពើពន្ធ​អេស្ប៉ាញ​ កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​ការ​ផ្ទេរ​ចំនួន ២ លើក​របស់​​ Neymar គឺ​ម្ដង​ពី​ក្លិប​ Santos របស់​ប្រេស៊ីល​មក​ទឹក​ដី​ Camp Nou កាល​ពី​ឆ្នាំ ​២០១៣ និង​ម្ដង​ទៀត​ការ​ផ្លាស់​ពី​ទឹក​ដី​​អេស្ប៉ាញ​ទៅ​បារាំង ដើម្បី​ចូលរួម​ជាមួយ​ PSG នៅ​ ៤ ​ឆ្នាំ​ក្រោយ​មក។

នៅ​ចន្លោះ​ការ​ផ្ទេរ​ហ្នឹង​ Neymar ក៏​បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប​នៅ​តំបន់​កាតាឡាន់​ដែរ ក្នុង​ឆ្នាំ​ ២០១៦ ដោយ​មាន​ទាំង​ប្រាក់​រង្វាន់​ភក្ដីភាព​ចំនួន ២៦ ​លាន​អឺរ៉ូ ($៣០ ​លាន) ដែល​ក្រុម Barca បដិសេធ​មិន​ចំណាយ​ឱ្យ បន្ទាប់​ពី​រូប​គេ​ចាកចេញ​ទៅ​ទឹក​ដី Parc des Princes​៕ AFP/VN