The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Barca បើក​ផ្លូវ​ឲ្យ​គូប្រកួត​ខ្លួន ក្រោយ​ស្មើ​ជាមួយ Bilbao




Barca បើក​ផ្លូវ​ឲ្យ​គូប្រកួត​ខ្លួន ក្រោយ​ស្មើ​ជាមួយ Bilbao

Content image - Phnom Penh Post
Luis Suarez (​ឆ្វេង​) របស់ Barca និង​កីឡាករ​របស់ Bilbao​។ AFP

Barca បើក​ផ្លូវ​ឲ្យ​គូប្រកួត​ខ្លួន ក្រោយ​ស្មើ​ជាមួយ Bilbao

ក្រុងប៊ីលបៅ: ខ្សែប្រយុទ្ធ Lionel Messi មិន​ទាន់​រឹងមាំ​ទាំងស្រុង ហើយ​ក្រុម Barcelona បាន​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​ក្នុង​តំបន់​ប្រយុទ្ធ ខណៈ​ដែល​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ នៅលើ​ទឹកដី​ក្រុម Athletic Bilbao កាលពី​ថ្ងៃ​អាទិត្យ​បាន​ផ្តល់​នូវ​ក្តីសង្ឃឹម​ជាថ្មី​ដល់​គូប្រជែង​ដណ្តើមពាន​របស់​ខ្លួន​។

ការរងរបួស​ភ្លៅ​បាន​ធ្វើឲ្យ Messi អាច​លេង​បាន​ត្រឹម​តែ​ ២៧ ​នាទី​ប៉ុណ្ណោះ​នៅពេល​លេង​ជាមួយ​នឹង​ក្រុម Real Madrid កាលពី​ថ្ងៃ​ពុធ ហើយ​បើ​ទោះបី​រូបគេ​បាន​ចូល​លេង​ក្នុង​ការប្រកួត​ពេញ​ម៉ោង​នៅ​កីឡដ្ឋាន San Mames ក៏ដោយ ប៉ុន្តែ​លោក Jon Aspiazu គ្រូបង្វឹក​ជំនួយ​របស់​ក្រុម Barcelona បាន​ទទួល​ស្គាល់​នៅ​មុនពេល​ការប្រកួត​ថា រូបគេ​មិន​ទាន់​រឹងមាំ​ ១០០ ​ភាគរយ​ឡើយ​។

ប៉ុន្តែ​រូបគេ​បាន​បន្ត​លេង​ដោយសារ​តែ​ក្រុម​របស់​គេ​ត្រូវការ​រូបគេ ប៉ុន្តែ Messi មិន​បាន​ស្ថិត​ក្នុង​ទម្រង់​លេង​ដ៏ល្អ​ឥតខ្ចោះ​របស់​ខ្លួន​ឡើយ ដូច​គ្នា​ទៅ​នឹង​ក្រុម Barcelona ដែល​នឹង​ត្រូវ​រងបរាជ័យ ប្រសិន​បើ​អ្នកចាំទី Marc Andreter Stegen មិន​បាន​សង្គ្រោះ​បាល់​យ៉ាង​ល្អ​ពី​ការ​ស៊ុត​របស់​កីឡាករ Inaki Williams ទេនោះ​។

លោក Ernesto Valverde គ្រូបង្វឹក​នៃ​ក្រុម Barcelona បាន​ឲ្យ​ដឹងថា​៖ «​រូបគេ​បាន​សង្គ្រោះ​យើង​។ វា​ជា​ការជួយ​សង្គ្រោះ​ដ៏អស្ចារ្យ​មួយ​»​។

លទ្ធផល​ស្មើ​នេះ​ធ្វើឲ្យ Barca ដែល​កំពុង​នាំមុខ​លើ​តារាង La Liga មិន​ស្គាល់​ឈ្នះ​សោះ​ពី​ការប្រកួត​​ ៣ ​លើក​ចុងក្រោយ​របស់​ខ្លួន ខណៈ​ដែល​ពិន្ទុ​នាំមុខ​របស់​ពួកគេ​បច្ចុប្បន្ន​នៅតែ​ ៦ ​ពិន្ទុ​ដដែល ប៉ុន្តែ​បច្ចុប្បន្ន Real Madrid គឺជា​គូប្រជែង​យ៉ាង​ប្រកៀក​បំផុត​របស់​ពួកគេ ក្រោយពី​ពួកគេ​បាន​ផ្តួល​ក្រុម Atletico កាលពី​ថ្ងៃ​សៅរ៍​។

លោក Valverde បាន​ឲ្យ​ដឹងថា​៖ «​យើង​គឺជា​ក្រុម​ឈរ​លេខ​ ១ ​កាលពី​សប្តាហ៍​មុន ហើយ​យើង​នៅតែ​នាំមុខ ហើយ​ប្រសិន​បើ​ការគិត​របស់​ខ្ញុំ​មិន​ខុស​ទេ​នោះ យើង​នឹង​បន្ត​នាំ​មុខ​ម្តង​ទៀត​នៅ​សប្តាហ៍​ក្រោយ​»​។

ប៉ុន្តែ​ការ​ដណ្តើម​បាន​ជ័យជម្នះ​របស់​ក្រុម Real នា​កីឡដ្ឋាន Wanda Metropolitano គឺជា​ការ​ឈ្នះ​ជា​លើក​ទី​ ៥ ​ជាប់ៗ​គ្នា​របស់​ពួកគេ ហើយ​ស្រប​ពេល​ពួកគេ​វិល​ទៅរក​ភាព​ខ្លាំង​វិញ ក្រុម Barca ហាក់​បាត់បង់​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុង​ដំណាក់កាល​ដ៏សំខាន់​ស្រប​ពេល​នៅ​សល់​ការប្រកួត​ធំៗ​ជាច្រើន​ទៀត​។ ក្រោយពី​ជួប​ក្រុម Real Valladolid លើ​ទឹកដី​ខ្លួនឯង​នៅ​ចុង​សប្តាហ៍​នេះ ក្រុម​របស់​លោក Valverde នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ក្រុម Lyon ក្នុង​ក្របខ័ណ្ឌ Champions League និង Sevilla ក្នុង La Liga​។

ពួកគេ​នឹង​ត្រូវ​ជួប​ការប្រកួត Clasicos ២ ​លើក​ក្នុង​រយៈពេល​ ៤ ​ថ្ងៃ​ដោយ​ការប្រកួត​ ១ ​ក្នុង Copa del Rey និង​ ១ ​ទៀត​ក្នុង La Liga៕ IS

អត្ថបទគួរចាប់អារម្មណ៍