ក្រុងហ្គោថេនប៊ឺក៖ ក្រុមបាល់ទាត់នារី Barcelona បានកា្លយជាក្រុមរបស់ប្រទេសអេស្ប៉ាញទី១ ដែលឈ្នះពានក្របខ័ណ្ឌ UEFA Champions League (UCL) បន្ទាប់ពីមាននូវទម្រង់លេងយ៉ាងអស្ចារ្យរហូតអាចបំបាក់ក្រុមគូបដិបក្ខ Chelsea យ៉ាងចាស់ដៃ ៤-០ អំឡុងការប្រកួតប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅក្រុងហ្គោថេនប៊ឺក ប្រទេសស៊ុយអែត កាលពីថ្ងៃអាទិត្យ។
គ្រាប់បាល់ទាំង ៤ គ្រាប់ របស់ក្រុមជើងឯកក្របខ័ណ្ឌ La Liga នេះ កើតឡើងក្នុងរង្វង់តែ ៣៦ នាទីប៉ុណ្ណោះ ក្នុងវគ្គទី១ ដោយគ្រាប់ទី ១ ជាការធ្វើឱ្យចូលទីខ្លួនឯងរបស់កីឡាការិនី Melanie Leupolz គ្រាប់ទី ២ បានពីការស៊ុតបាល់ពិន័យ ១១ ម៉ែត្ររបស់ខ្សែបម្រើ Alexia Putellas ហើយគ្រាប់ទី៣ និងទី៤ ធ្វើបានសម្រេចដោយ Aitana Bonmati និង Caroline Graham Hansen។
ក្រុមនារី Barca គ្រងជើងឯកលីគកំពូលរបស់អេស្ប៉ាញជាមួយនឹងកំណត់ត្រាឈ្នះ ១០០ ភាគរយ ក្រោយបញ្ចប់ ២៦ ហ្គេម នៅ La Liga ដោយសល់គ្រាប់បាល់ចំណេញរហូតដល់ ១២៣ គ្រាប់។
ប្រធានក្លិប Barcelona លោក Joan Laporta បានសម្ដែងការអបអរចំពោះការឈ្នះជើងឯកអឺរ៉ុបនេះ ដោយសរសេរនៅលើគណនី Twitter របស់លោកថា៖ «សូមអបអរសាទរ! ជើងឯក! គ្មានអ្នកណាអាចបញ្ឈប់ពួកអ្នកបាននោះឡើយ។ ពួកអ្នក គឺជាបុគ្គល ដែលគ្រប់គ្នានិយាយដល់។ ពួកអ្នក គឺជាបុគ្គលត្រូវបានយកធ្វើជាគំរូ។ ពួកអ្នក គឺជាហេតុផលមួយដ៏ធំ ដែលធ្វើឱ្យ Barca លើសពីពាក្យថា ជាក្លិប ១។ ពួកអ្នកបាននាំពួកយើងធ្វើដំណើរទៅមុខជាមួយនឹងជ័យជម្នះដ៏អស្ចារ្យនេះ»។
ក្រុមនារីតោខៀវ Chelsea កំពុងស្ថិតនៅលើ ក្នុងការឈ្នះពាន ៤ ក្នុង ១ រដូវកាល តែទោះបីជាបានចំណាយលុយច្រើនសន្ធឹកសន្ធាប់ក៏ដោយក៏ក្រុមជើងឯកលីគកំពូលអង់គ្លេសមួយនេះ មិនអាចប្រៀបផ្ទឹមនឹងក្រុមអ្នកមានបុណ្យនៃតំបន់កាតាឡាន់បានដែរ ទាំងគំនិតនៃការលេង និងការធ្វើចលនា អំឡុងការប្រកួតដ៏ធំប្រចាំតំបន់អឺរ៉ុបនេះ។
អ្នកចាត់ការរបស់ Chelsea អ្នកស្រី Emma Hayes បានប្រាប់ថា៖ «ថ្ងៃនេះ គឺពិតជាពិបាកណាស់ ព្រោះហ្គេមបានចប់តាំងពីមុនចាប់ផ្ដើម។ យើងនឹងរៀនសូត្រពីបរាជ័យនេះ ព្រោះនេះជាការធ្វើឱ្យមានភាពប្រសើរនៅពេលខាងមុខ។ ខ្ញុំយល់ថា ពេលខ្លះ ពួកយើងបានបង្ហាញឱ្យឃើញពីភាពឆោតល្ងង់»។
អ្នកគ្រូបង្វឹក Hayes បានបន្ថែមថា៖ «យើងនៅមិនទាន់ស័ក្តិសមជាជើងឯកអឺរ៉ុបទេ តែយើងគឺជាក្រុមល្អបំផុតទី២ របស់អឺរ៉ុប ហើយខ្ញុំនឹងយកលទ្ធផលនេះ ធ្វើជាជំហានឆ្ពោះទៅរកគោលដៅដ៏ត្រឹមត្រូវឱ្យបាន»។
កាលពី ២ ឆ្នាំកន្លងទៅ គឺក្រុម Barca ខ្លួនឯងបានភ្លាត់ចាញ់ក្នុងលទ្ធផល ៤-០ ក្រោយហ្គេមដំណើរការបានត្រឹមតែ ៣០ នាទី ក្រោមថ្វីជើងរបស់ក្រុមដ៏ពិបាកទប់ទល់ Lyon អំឡុងការប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។
«យើងសមនឹងទទួលបានជ័យជម្នះ។ មានការងារជាច្រើនត្រូវបានធ្វើ តាំងពីវគ្គផ្ដាច់ព្រ័ត្រនៅក្រុងប៊ុយដាប៉ែស។ ពួកយើងស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់ ដើម្បីត្រឡប់មកវគ្គផ្ដាច់ព្រ័ត្រវិញ ហើយឈ្នះជើងឯក ហើយយើងក៏ធ្វើបានសម្រេច»។ នេះជាសម្ដីរបស់កីឡាការិនី Bonmati ដែលជាអ្នកលេងល្អជាងគេប្រចាំការប្រកួតនេះ៕ AFP/VN