ក្រុងសេវីលៈ ក្រុម Barcelona ចង់​លើក​ពាន​អេស្ប៉ាញ Copa del Rey យ៉ាង​ខ្លាំង​ដើម្បី​បន្ធូរ​ការឈឺចាប់​ក្រោយ​មិន​បាន​លើក​ពាន Champioans League រដូវកាល​នេះ​ ប៉ុន្តែ​គោលបំណង​របស់​ក្រុម​នេះ​ត្រូវ​បរាជ័យ​ក្រោយពី​ចាញ់​ក្រុម Valencia ២-១ កាលពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ​។

គោលបំណង​របស់​ក្រុម Barcelona ដើម្បី​លើក​ពាន Copa del Rey ឲ្យ​បាន​ ៥ ​លើក​ជាប់ៗ​គ្នា​នេះ​គឺ​មិន​បាន​សម្រេច​ទេ​ ក្រោយពី​កីឡាករ​ឆ្នើម Lionel Messi របស់​ក្រុម Barcelona រកបាន​តែ​ ១ ​គ្រាប់​គត់​សម្រាប់​ក្រុម​នេះ​ធ្វើឲ្យ​ចាញ់​ក្រុម Valencia ដែល​កំពុង​តែ​ចង់​បាន​ពាន​នេះ​ផង​ដែរ​។

ជុំវិញ​លទ្ធផល​នៃ​ការប្រកួត​នេះ​គឺ​ក្រុម Valencia បាន​នាំមុខ​ក្រុម Barcelona ២ ​គ្រាប់​ដោយ​ការបញ្ចូល​ទី​របស់​កីឡាករ Kevin Gameiro នៅ​នាទី​ទី​ ២១ និង​កីឡាករ Rodrigo នៅ​នាទី​ទី​ ៣៣ ប៉ុន្តែ​នៅក្នុង​តង់​ទី​ ២ ​ក្រុម Barcelona បាន​ខិតខំ​វាយ​សម្រុក​យ៉ាង​ខ្លាំង​រហូត​រក​បាន​ ១ ​គ្រាប់​វិញ​ដោយ​កីឡាករ​ឆ្នើម Messi នៅ​នាទី​ទី​ ៧៣ ​ប៉ុន្តែ​គ្មាន​ឱកាស​រកបាន​ ១ ​គ្រាប់​ទៀត​ដើម្បី​តាម​ស្មើ​គូប្រកួត​ខ្លួន​នោះ​ឡើយ​។

គ្រូបង្រឹក​ក្លិប Valencia លោក Marcelino ដែល​អាច​ត្រូវ​បាន​បណ្ដេញចេញ​នៅពេល​ក្រុម​របស់​គាត់​ជិត​ធ្លាក់​ដល់​បាត​តារាង​កាលពី​ខែ​មករា​នោះ​បាន​មាន​អារម្មណ៍​ល្អប្រសើរ​ឡើង​វិញ​ក្រោយពី​បាន​យក​ឈ្នះ​ក្រុម Barcelona ដើម្បី​លើក​ពាន Copa del Rey នេះ​។

លោក Marcelino បាន​និយាយ​ថា​៖ «​យើង​តែងតែ​មាន​ជំនឿ​ចិត្ត​ជានិច្ច ហើយ​ការយក​ឈ្នះ​ក្រុម Barcelona ដើម្បី​លើក​ពាន​នេះ​គឺ​ពិសេស​ខ្លាំងណាស់​ព្រោះ​យើង​សម​នឹង​ទទួល​បាន​ពាន​នេះ​»​។

ចំណែក​កីឡាករ Messi វិញ​បាន​និយាយ​ពី​ថ្ងៃ​សុក្រ​ថា ក្រុម​របស់​គាត់​នៅ​មាន​ការឈឺចាប់​នៅ​ឡើយ​ក្រោយពី​ចាញ់​ក្រុម Liverpool ៤-០ យ៉ាង​ចាស់ដៃ​ក្នុង​ការប្រកួត​ជើង​ទី​ ២ ​នៃ​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ​ក្នុង​ក្របខ័ណ្ឌ Champions League នៅក្នុង​ខែ​ឧសភា​នេះ​។

កីឡាករ Messi ក៏​បាន​គាំទ្រ​គ្រូបង្វឹក​ក្រុម Barcelona លោក Ernesto Valverde ផង​ដែរ​ ប៉ុន្តែ​គេ​នៅតែ​រង់ចាំ​មើល​ថា តើ​នៅ​មាន​ការគាំទ្រ​គ្រូបង្វឹក​នេះ​ដដែល​ឬ​យ៉ាងណា​ក្រោយពី​ទទួល​បរាជ័យ​ចំនួន​ ២ ​លើក​ធ្វើឲ្យ​ប៉ះពាល់​ដល់​ភាពខ្លាំង​របស់​ខ្លួន​ដែល​បាន​លើក​ពាន La Liga មុន​ពេល​កំណត់​នោះ​។

លោក Valverde បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​អី​ទេ ហើយ​ខ្ញុំ​ដឹង​ថា​ការបរាជ័យ​សម្រាប់​ក្លិប​នេះ​គឺ​មាន​ការឈឺចាប់​បន្តិច​ហើយ​»​។

លោក Josep Maria Bartomeu ប្រធាន​ក្លិប Barc បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា វា​មិនមែន​ជា​កំហុស​របស់​គ្រូបង្វឹក​នោះ​ទេ ហើយ​ខ្ញុំ​តែង​គិត​ថា​លោក Ernesto នឹង​ត្រូវ​បាន​បន្ត​កុងត្រា​សម្រាប់​រដូវកាល​ក្រោយ​ទៀត​»​។

កីឡាករ Gerard Pique របស់​ក្លិប Barcelona បាន​និយាយ​ថា​៖ «​ខ្ញុំ​ក៏​គិត​ដែរ​ថា គាត់​បាន​ធ្វើ​ការងារ​ល្អ​រួច​ទៅ​ហើយ​ ប៉ុន្តែ​វា​មិន​អាស្រ័យ​លើ​ពួកយើង​នោះទេ​»​។

ក្រុម Barcelona បាន​លើក​ពាន​នេះ​ជា​លើកដំបូង​តាំងពី​ឆ្នាំ​ ២០០៨ ​ជា​ពេល​មួយ​ដែល​ក្រុម​នេះ​ទទួល​បាន​ជ័យជម្នះ​ ១៥ ​ប្រកួត​ជាប់ៗ​គ្នា​៕ SN