ក្រុង​ម៉ា​ឌ្រីដ: ខ្សែ​ប្រយុទ្ធ Lionel Messi និង Luis Suarez បាន​​ជួយ​ឲ្យ​​ក្រុម Barcelona បោះ​ជំហាន​កាន់​តែ​កៀក​ឆ្ពោះ​ទៅ​កាន់​ការ​ឈ្នះ​ពាន​ក្នុង​ស្រុក​២​នៅ​រដូវ​កាល​នេះ ខណៈ​ដែល​ពួក​គេ​បាន​​លត់​ក្រុម Sevilla យ៉ាង​ចាស់​ដៃ​ក្នុង​​លទ្ធ​ផល ៥-០ កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ឈ្នះ​ពាន Copa del Rey​​។

Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី​១ ហើយ Suarez រក​បាន​២​​គ្រាប់ នៅ​មុន​ពេល​បញ្ចប់​ការប្រកួត​តង់​ទី​១​នា​កីឡដ្ឋាន Wanda Metropolitano ខណៈ​ដែល​ខ្សែ​បម្រើ​បម្រុង Andres Iniesta និង Philippe Coutinho បាន​បន្ថែម​២​គ្រាប់​ទៀត​​ដើម្បី​បំពេញ​ការ​បរា​ជ័យ​ដ៏​ធំ​សម្រាប់​ក្រុម Sevilla តែម្តង​។

ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏ល្អ​ឥត​ខ្ចោះ​របស់​ក្រុម Barcelona បាន​ជួយ​ឲ្យ​ពួក​គេ​ឈ្នះ​ពាន Copa del Rey ជាលើក​ទី​៣០​របស់​ពួក​គេ និង​ជាលើក​ទី​៤​ជាប់​ៗ​គ្នា ក្រោយពី​បាន​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​រាល់​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។

កីឡាករ​របស់​ក្រុម Barcelona អប​អរ​ការ​ឈ្នះ​ពាន​អេ​ស្ប៉ាញ Copa del Rey ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Sevilla យ៉ាង​ងាយ​។ AFP

ប៉ុន្តែ ទោះ​បី​ជា​​បាន​បង្ហាញពី​ទម្រង់​លេង​ដ៏​ល្អ និង​រក​បាន​គ្រាប់​បាល់​ដល់​ទៅ​៥​គ្រាប់​ក៏ដោយ ការ​អប​អរ​យ៉ាង​ពិត​​ប្រាកដ​នឹង​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​អាទិត្យ​សប្តាហ៍​ក្រោយ ដែល​នៅ​ពេល​នោះ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​លើ​ក្រុម Deportivo La Coruna នឹង​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Ernesto Valverde លើក​ពាន​ក្រប​ខ័ណ្ឌ La Liga​។

ប៉ុន្តែ ការ​​លើក​ពាន​ក្នុង​ស្រុក​ទាំង​២ ក៏ដូច​ជា​ការ​​បន្ត​កំណត់​ត្រា​មិនស្គាល់​ចាញ់​សោះ​ក្នុង​ក្រប​ខ័ណ្ឌ La Liga ក៏ដោយ ប្រហែល​ជាមិន​អាច​លុប​ចោល​ការ​ខក​ចិត្ត​ផ្សេង​ៗ​ពី​ការ​ធ្លាក់​ចេញ​របស់​ក្រុម Barca ក្នុង​ក្រប​ខ័ណ្ឌ Champions League ក្រោម​ស្នា​ដៃក្រុម Roma ឡើយ​៕ IS

ខ្សែ​ប្រយុទ្ធ Lionel Messi (ឆ្វេង) របស់ Barcelona ដណ្តើម​បាល់​ជា​មួយ​នឹង​ខ្សែ​បម្រើ Pablo Sarabia របស់​ក្រុម Sevilla​។ AFP