ក្រុងម៉ាឌ្រីដ៖ ១ គ្រាប់ ដោយការស៊ុតបាល់ក្នុងលម្ហរបស់ខ្សែប្រយុទ្ធ Ousmane Dembele ក្នុងនាទីទី៩០ បានជួយឱ្យក្រុម Barcelona ឈ្នះក្រុម Real Valladolid អំឡុងការប្រកួតនៅផ្ទះខ្លួនឯង កាលពីថ្ងៃចន្ទ ខណៈការណ្ដើមបាន ៣ ពិន្ទុនេះ ធ្វើឱ្យក្រុមអ្នកមានបុណ្យតាមតែ ១ ពិន្ទុ ពីក្រោយក្រុមកំពូលតារាង Atletico Madrid មុនមានជំនួប El Clasico ក្នុងក្របខ័ណ្ឌ La Liga នាសប្ដាហ៍ក្រោយ។
ក្រុម Barca ប៊ិះនឹងមិនអាចបំបែកភាពជាប់គាំង ដែលនាំឱ្យមានលទ្ធផលអាក្រក់នៅទឹកដី Camp Nou នេះ ព្រោះមិនអាចទាញយកផលពីការចាញ់របស់ក្រុម Atletico កាលពីថ្ងៃសៅរ៍ តែការបាត់បង់សមាជិកម្នាក់របស់ក្រុម Valladolid ដោយសារ Oscar Plano ត្រូវបណ្ដេញចេញ បានធ្វើឱ្យក្រុមម្ចាស់ផ្ទះមានប្រៀប នៅ ១២ នាទីចុងក្រោយ ហើយទីបំផុត Dembele ស៊ុតឱ្យក្រុមឈ្នះ ១-០។
គ្រាប់បាល់របស់កីឡាករអន្តរជាតិបារាំងវ័យ ២៣ ឆ្នាំ អាចបង្ហាញឱ្យឃើញនូវពេលវេលាដ៏សំខាន់ក្នុងការប្រកួតប្រជែងដណ្ដើមពានលីគកំពូលអេស្ប៉ាញ ដោយឥឡូវនេះ Barca បានជ្រែកចូលទៅក្នុងចំណាត់ថ្នាក់របស់ Atletico ហើយមុននឹងជួបជាមួយក្រុមអធិរាជស Real Madrid ដែលមានគម្លាត ៣ ពិន្ទុ ពីក្រោមក្រុមនៅទីកំពូល។
ប្រសិនបើក្រុមរបស់លោក Ronald Koeman ឈ្នះការប្រកួតនៅឯទឹកដី Valdebebas នាថ្ងៃសៅរ៍នេះ នោះពួកគេនឹងកាន់កាប់តំណែងលេខ ១ យ៉ាងហោចណាស់ក៏ ២៤ ម៉ោងដែរ មុនក្រុមធ្លាក់ទម្រង់ Atletico ដែលកំពុងមាន ៦៩ ពិន្ទុ ត្រូវធ្វើដំណើរទៅផ្ទះរបស់ក្រុម Real Betis នាថ្ងៃអាទិត្យ។
តែយ៉ាងណា ពួកគេត្រូវតែលេងឱ្យល្អជាងនេះ ក្រោយហៀបនឹងទទួលបានការខកចិត្តពីក្រុមដ៏រឹង Valladolid ដែលចាំបាច់តម្រូវឱ្យកីឡាករ Lionel Messi ប្រើពាក្យសម្ដីយ៉ាងម៉ឺងម៉ាត់ចំពោះមិត្តរួមក្រុមក្នុងកន្លែងច្រកផ្លូវចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ ក្រោយចប់វគ្គទី១។
ពាក្យសម្ដី ដែលប្រធានក្រុម Barca កីឡាករ Messi បាននិយាយនោះ គឺថា៖ «យើងត្រូវតែបង្កើនល្បឿនជាងនេះ។ យើងត្រូវលេងឱ្យស៊ីចង្វាក់ជាងនេះ ប្រសិនបើមិនអ៊ីចឹងទេនោះ វានឹងធ្វើឱ្យពួកយើងកាន់តែស្មុគស្មាញ»។
វាប្រហែលជាកាន់តែលំបាកជាងហ្នឹងទៀតជាមិនខាន បើកីឡាករ Plano មិនទទួលបានកាតក្រហមនៅនាទីទី៧៨ ទេនោះ តែការលូកជើងស្កាត់បាល់ពីក្រោយកីឡាករ Dembele របស់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បានផ្ដល់ភាពចំណេញដ៏មានតម្លៃដល់ Barca នៅដំណាក់កាលចុងក្រោយ សម្រាប់ការប្រកួតនៅសប្ដាហ៍ទី២៩ នេះ។
នេះជាជ័យជម្នះ ៦ លើកបន្តបន្ទាប់គ្នារបស់ក្រុម Barca សម្រាប់ហ្គេម នៅក្របខ័ណ្ឌ La Liga ហើយការឈ្នះ ១ ទៀតនេះ ពិសេសបន្ទាប់មានទម្រង់មិនល្អមួយរយៈពេលធំ បានជួយបន្ថែមការដឹងកាន់តែច្បាស់ថា ឥឡូវនេះ សម្ទុះដ៏ខ្លាំងក្លា កំពុងកើតមាននៅក្នុងក្រុម ដែលជាគូប្រជែងរបស់ Atletico៕ AFP/VN