ម៉ា្រឌីដ៖ លោក Josep Maria Bartomeu បាន​លាលែង​ពី​តំណែង​ប្រធាន​ក្លិប​ Barcelona (Barca) រួច​រាល់​ហើយ កាល​ពី​ថ្ងៃ​អង្គារ រួម​ជាមួយ​នឹង​នាយក​ក្រុមប្រឹក្សា​របស់​គាត់ ដោយ​បាន​ចាកចេញ​ជាមួយ​នឹង​ការ​ទទួល​ស្គាល់​ដ៏​គួរ​ភ្ញាក់​ផ្អើល​ថា លោក​បាន​យល់ព្រម​តាម​សំណើ​ឱ្យ​ក្រុម​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី European Super League ដែល​អាច​នឹង​កើត​មាន​នា​ពេល​អនាគត​។​

ការ​ដើរ​ចេញ​របស់​លោក Bartomeu កើត​ឡើង​ក្រោយ​​មាន​សម្ពាធ​កាន់​តែ​ខ្លាំងៗ​ឡើង​ពី​សំណាក់​អ្នក​គាំទ្រ និង​​ក្រោយ​មាន​ជម្លោះ​​ជាមួយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Lionel Messi ហើយ​ការ​លាលែង​នេះ​អាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ចំពោះ​អនាគត​របស់​កីឡាករ​អន្តរ​ជាតិ​អាហ្សង់ទីន ដែល​ឥឡូវ​នេះ​នឹង​ទទួល​បាន​ផែនការ​ថ្មី បន្ទាប់​ពី​ព្យាយាម​ចាកចេញ​ពី​ក្រុម​ក្នុង​ខែ​សីហា​។​

ក្នុង​សេចក្ដី​ប្រកាស​ផ្លូវ​ការ​មួយ​របស់​ខ្លួន លោក Bartomeu ឱ្យ​ដឹង​ថា​៖ «​ខ្ញុំ​សូម​ប្រកាស​ឱ្យ​ដឹង​ពី​ការ​លាលែង​របស់​ខ្ញុំ រួម​ជាមួយ​ក្រុមប្រឹក្សា​ផ្សេង​ទៀត​។ វា​ជា​ការ​ម្រេច​ចិត្ត​ប្រកប​ដោយ​វិចារណញ្ញាណ ដែល​មាន​ការ​យល់ព្រម​ពី​ក្រុម​ប្រឹក្សា​របស់​ខ្ញុំ​គ្រប់​រូប​»​។

ជាមួយ​គ្នា​នេះ​ លោក Bartomeu ​ឱ្យ​ដឹង​ថា លោក​បាន​ទទួល​យក​សំណើ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ ដែល​ចង់​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ចូលរួម​ប្រកួត​ក្នុង​លីគ​ថ្មី​របស់​អឺរ៉ុប គឺ European Super League ដែល​អាច​នឹង​បង្កើត​ឡើង​ពេល​ខាង​មុខ​ ដោយ​លោក​លើក​ឡើង​ថា ​ការ​ចូលរួម​នេះ​នឹង​ជួយ​ធានា​ឱ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្លិប​នឹងនរ​ជាង​មុន​។

កាល​ពី​ដើម​ខែ​នេះ ​ Barca បាន​ប្រកាស​ពី​ខាត​បង់​នូវ​​ទឹក​ប្រាក់​ចំនួន ៩៧ ​លាន​អឺរ៉ូ ($​១១៤ លាន) សម្រាប់​រដូវកាល​​មុន ជាមួយ​នឹង​ការ​ជំពាក់​បំណុល​កើន​ជាង​មុន​ទ្វេ​ដង​រហូត​​ដល់​ទៅ​ ៤៨៨ ​លាន​អឺរ៉ូ ($ ៥៧៥ លាន​)​។

លោក Bartomeu និង​ក្រុម​ប្រឹក្សា​អាច​នឹង​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ដូច​គ្នា​ចំពោះ​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ដែល​អាច​ជា​មូលហេតុ​ធ្វើ​ឱ្យ​គាត់​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​ការ​ប្រកួត​ប្រជែង​ថ្មី Super League ដោយ​យល់​ថា នេះ​ជា​ប្រភព​ចំណូល​របស់​ខ្លួន​។

ប្រធាន​គ្រប់គ្រង​ក្របខ័ណ្ឌ La Liga អេស្ប៉ាញ លោក Javier Tebas ​បាន​សរសេរ​តាម​បណ្ដាញ​សង្គម Twitter ថា​៖ «​សេចក្ដី​ប្រកាស​ដ៏​គួរ​ឱ្យ​សោក​ស្ដាយ​ពី​លោក Bartomeu ដែល​ថា​​​ Barca បាន​ចូលរួម​ការ​ប្រកួត​​ដ៏​អន់ និង​បែប​រវើ​រវាយ​រហូត​ធ្វើ​ឱ្យ​ក្រុម​ខាតបង់​នោះ វា​បញ្ជាក់​​ថា លោក​​អត់​ដឹង​អ្វី​សោះ​ចំពោះ​វិស័យ​បាល់​ទាត់​»​។

ការ​កាន់​តំណែង​រយៈពេល ៦ ​ឆ្នាំ​របស់​លោក Bartomeu ចាប់​​មាន​បញ្ហា​គួរ​ឱ្យ​សម្គាល់ បន្ទាប់​ពី​ទម្រង់​លេង​របស់​ក្រុម​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ជា​ពិសេស​ប្រកួត​ចាញ់​ក្រុម Bayern Munich ៨-២ យ៉ាង​គួរ​ឱ្យ​អាម៉ាស់ កាល​ពី​រដូវកាល​មុន ​នៅ Champions League និង​ក្រោយ​មក ​ប្រធាន​ក្រុម Messi សុំ​ចាក​ចេញ​។​

ការ​លាលែង​របស់​លោក​ប្រធាន​វ័យ ៥៧ ​ឆ្នាំ​រូប​នេះ បាន​ន័យ​ថា​ នឹង​មិន​មាន​ការ​បោះ​ឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត​ដែល​កើត​ឡើង​ បន្ទាប់​ពី​សមាជិក​ Barca ចំនួន​ជាង ២ ម៉ឺន​នាក់ ចុះ​ហត្ថលេខា​ស្នើ​ឱ្យ​ដក​គាត់​ចេញ​ពី​តំណែង​។

ការ​បោះ​ឆ្នោត​រើស​អ្នក​ស្នង​​លោក Bartomeu នឹង​កើត​​មាន​ក្នុង​រង្វង់ ៣ ខែ ដោយ​​រយៈពេល​នេះ មាន​ក្រុម​ប្រឹក្សា​បណ្ដោះ​អាសន្ន​មួយ ជា​អ្នក​ធ្វើ​តួនា​ទី​នេះ​​សិន​៕ AFP/VN