ក្រុង​ Madrid: ក្លិប Barcelona បាន​បញ្ជាក់​ពី​ថ្ងៃ​ចន្ទ​ថា កីឡាករ​ Philippe Coutinho នៅ​ក្លិប Barcelona បាន​ចូលរួម​នឹង​ក្លិប Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល ​១ ​ឆ្នាំ ​ក្នុង​តម្លៃ​ខ្លួន ​៨,៥ ​លាន​អឺរ៉ូ ​ប្រហែល ​៩,៥ ​លាន​ដុល្លារ ដែល​មាន​​ជម្រើស​អាច​​​ទិញ​ដាច់​​ក៏​បាន​​។​

ក្រុម Barcelona បាន​និយាយ​ថា៖ «​កិច្ច​ព្រមព្រៀង​នេះ​បាន​ផ្ដល់​ជម្រើស​មួយ​សម្រាប់​ក្រុម​ Bayern ក្នុង​ការ​ទិញ​ផ្ដាច់​ក៏​បាន​ដែរ​ក្នុង​តម្លៃ ​១២០ ​លាន​អឺរ៉ូប​»។​

ខ្សែ​​បម្រើប្រយុទ្ធ​ប្រេស៊ីល​អាយុ ​២៧ ​ឆ្នាំ​រូប​នេះ ​បាន​ចាកចេញ​ពី​ក្រុម Liverpool ទៅ​ចូលរួម​នឹង​ក្លិប Barcelona នៅ​ខែ​មករា​ ឆ្នាំ ​២០១៨​ ក្នុង​តម្លៃ​ខ្លួន​ដំបូង​ចំនួន​ ១២០​ លាន​អឺរ៉ូ​ដែល​រួម​បញ្ចូល​ទាំង​ប្រាក់​ផ្សេងៗ​ទៀត​ចំនួន ​៤០ ​លាន​អឺរ៉ូ​ផង​ដែរ​។​​

ប៉ុន្តែ​សកម្មភាព​​​របស់​ខ្សែ​បម្រើ​អន្តរជាតិ​​នៅ​ក្លិប Barcelona នេះ​មិន​ដែល​បាន​កំណត់​ឲ្យ​បាន​ច្បាស់​លាស់​​នោះ​ទេ​ បើ​ទោះ​ជា​មាន​ការ​រំពឹង​ខ្លាំង​ជុំវិញ​ការ​មក​ដល់​របស់​រូប​គេ​នៅ​កីឡដ្ឋាន​ Camp Nou ក៏​ដោយ​។​​

ដំបូង​ឡើយ​រូប​គេ​បាន​សាកល្បង​ធ្វើ​ជា​ខ្សែ​បម្រើ​នៅ​ពេល​រូប​គេ​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​​បន្ទាប់​មក​​រូប​គេ​បាន​ឡើង​មក​ឈរ​នៅ​តំបន់​ប្រយុទ្ធ​តាម​ការ​បង្គាប់​របស់​លោក Ernesto Valverde គ្រូ​បង្វឹក​ក្លិប Barcelona ពី​រដូវកាល​មុន​​ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​នេះ​មិន​បាន​ជោគជ័យ​ទេ ​ខណៈ​​​​អ្នក​គាំទ្រ​កម្រ​នឹង​បាន​ឃើញ​​ទម្រង់​លេង​ដែល​រូប​គេ​បាន​បង្ហាញ​នៅ​ក្លិប Liverpool។​

កាសែត​ Sport ​នៅ​ទីក្រុង​ Barcelona ប្រទេស អេស្ប៉ាញ​ បាន​ដាក់​នៅ​លើ​ទំព័រ​មុខ​ថា៖ «​Coutinho គឺ​ជា​រឿង​រ៉ាវ​នៃ​គ្រោះ​ថ្នាក់​ធំ ​១»​។​

ការ​រំពឹង​​ពី​​អនាគត​របស់​កីឡាករ Coutinho នៅ​មាន​ភាព​ស្រពេចស្រពិល​នៅ​ឡើយ​នៅ​ក្នុង​រដូវ​ក្ដៅ​នេះ​ដោយសារ​ម្ចាស់​ជើងឯក​បារាំង​ Paris Saint-Germain បាន​បញ្ជាក់​​ថា ​​ពួក​គេ​​ទំនង​ជា​​មាន​បំណង​​​សម្រេច​កិច្ច​ព្រមព្រៀង​មួយ​​​ពាក់ព័ន្ធ​នឹង​​កីឡាករ ​Neymar ដែល​អាច​នឹង​​ត្រឡប់​ទៅ​ក្លិប Barcelona វិញ​។​

កន្លែង​របស់​កីឡាករ Coutinho នៅ​ក្នុង​ក្លិប​នេះ​មើល​ទៅ​ដូច​ជា​រង្គោះរង្គើ​ក្រោយ​ពី​ការ​មក​ដល់​របស់​ម្ចាស់​ជើងឯក​​ World Cup របស់​បារាំង ​គឺ​កីឡាករ Antoine Griezmann មក​ពី​ក្លិប Atletico កាល​ពី​ខែ​កក្កដា​ ដែល​​រូប​គេ​បាន​ចេញ​លេង​ឲ្យ​ក្លិប​នេះ​ជា​លើក​ដំបូង​នៃ​រដូវកាល​ La Liga ថ្មី​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​​ចាញ់​ក្រុម Athletico Bilbao ១-០។​

កីឡាករ Coutinho ​បាន​ចូលរួម​ប្រកួត ​៧៥ ​លើក ​និង​រក​បាន​គ្រាប់​បាល់ ​២១ ​គ្រាប់ ​ឲ្យ​ក្រុម Barcelona ក្នុង​ការ​ប្រកួត​ទាំង​អស់​ ហើយ​បាន​និយាយ​ថា ​​រូប​គេ​ពេញ​ចិត្ត​នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ក្លិប​នៅ​ប្រទេស ​អាល្លឺម៉ង់ ​មួយ​នេះ​។​​

កីឡាករ​ Coutinho បាន​និយាយ​តាម​គេហទំព័រ​របស់​ក្លិប Bayern ថា៖ «​ចំពោះ​ខ្ញុំ​ ការ​ធ្វើ​ដំណើរ​នេះ​បង្ហាញ​ពី​បទពិសោធ​ថ្មី​​នៅ​ក្នុង​ប្រទេស​ថ្មី​មួយ​ជាមួយ​ក្លិប​ធំ​បំផុត​​នៅ​តំបន់​អឺរ៉ុប​»។​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​កំពុង​ទន្ទឹង​រង់ចាំ​ខ្លាំង​មែន​ទែន​ចំពោះ​ការ​ធ្វើ​ដំណើរ​នេះ​ ហើយ​ជាមួយ​ក្លិប Bayern នេះ​ ខ្ញុំ​មាន​មហិច្ឆតា​ធំ​មួយ​ចំនួន​ ហើយ​ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​អាច​សម្រេច​មហិច្ឆតា​ជាមួយ​មិត្តរួម​ក្រុម​ថ្មី​របស់​ខ្ញុំ​»។​

ក្លិប​អាល្លឺម៉ង់​នេះ​សង្ឃឹម​ថា រូប​គេ​នឹង​ផ្ដល់​ការ​ពង្រឹង​សមត្ថភាព​ប្រយុទ្ធ​ជា​ថ្មី​ក្រោយ​ពី​មាន​ការ​ចាកចេញ​​របស់​កីឡាករ​ជើង​ចាស់ ​២ ​រូប ​គឺ​ Arjen Robben និង​ Frank Ribery នៅ​ចុង​រដូវកាល​មុន​។​ ​

នាយក​ប្រតិបត្តិ​ក្លិប Bayern គឺ​លោក Karl-Heiz Rummenigge បាន​និយាយ​ថា៖ «​ជាមួយ​ការ​បង្កើត​ថ្មី​ ​និង​ជំនាញ​​ទេពកោសល្យ​របស់​កីឡាករ​ Coutinho នោះ ​គាត់​គឺ​ជា​កីឡាករ​ម្នាក់​ដែល​នឹង​ពង្រឹង​ការ​ប្រយុទ្ធ​របស់​យើង​ភ្លាមៗ​»៕ AFP/SN