The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Bayern ឈ្នះ​ ខណៈ Real ចាញ់




Bayern ឈ្នះ​ ខណៈ Real ចាញ់

Content image - Phnom Penh Post
Coman (ស្ដាំ) ស៊ុត​គ្រាប់​ទី២ ឱ្យ​ក្រុម Bayern ឈ្នះ Atletico ៤-០ អំឡុងការប្រកួតបើកឆាកនៅអឺរ៉ុប។ AFP

Bayern ឈ្នះ​ ខណៈ Real ចាញ់

ប៉ារីស៖ ក្រុម Bayern Munich ​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន នៅ​ក្របខ័ណ្ឌ Champions League ជាមួយ​នឹង​វិធី​គំរាម​មួយ ដោយ​ការ​បំបាក់​ក្រុម Atletico Madrid ៤-០ អំឡុង​ការ​ប្រកួត​កាល​ពី​យប់​ថ្ងៃ​ពុធ ខណៈ​ក្រុម​ Real Madrid រង​បរាជ័យ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​។

រយៈពេល ២ ​ខែ ក្រោយ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជម្នះ​លើ​ក្រុម Paris Saint-Germain ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នាក្រុង​លីស​បោន ជា​ថ្មី​ម្ដង​ទៀត​​ សម្រាប់​ការ​ប្រកួត​នៅ​ពូល A នេះ Kingsley Coman ជួយ​ឱ្យ​ក្រុម Bayern បើក​ការ​នាំ​មុខ​ Atletico នៅ​នាទីទី​២៨ ហើយ​ក្រោយ​មក​ ក៏​មាន​ឱកាស​ប្រើ​បច្ចេកទេស​ផ្ទាល់​ខ្លួន​ បន្ថែម​ ១ គ្រាប់​ទៀត នៅ​នាទីទី​៧២ ដើម្បី​ធានា​ ៣ ពិន្ទុ​ឱ្យ​ក្រុម នៅ​ឯ​​កីឡដ្ឋាន​ទទេ​ស្អាត Allianz Arena​។

២ គ្រាប់​ផ្សេង​ទៀត បាន​មក​ដោយសារ Leon Goretzka នៅ​នាទីទី៤១ និង Corentin Tolisso នៅ​នាទីទី៦៦ ដែល​ជា​ការ​ស៊ុត​ពី​ចម្ងាយ​បញ្ចូល​ទី​យ៉ាង​ល្អ​ឥត​ខ្ចោះ​។

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ​ កីឡាករ​សញ្ជាតិ​បារាំង Coman ​ប្រាប់​ទូរទស្សន៍ Sky Sports ថា​៖ «​គ្រាប់​ជ័យ​ជម្នះ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ រដូវ​កាល​មុន ជា​កត្តា​ជំរុញ​ទឹក​ចិត្ត​​ដ៏​ល្អ​មួយ តែ​​វា​ជា​ពេល​វេលា​កន្លង​ផុត​ហើយ តែ​​ពេល​នេះ យើង​រក​បាន​គ្រាប់​ថ្មី​ជា​ច្រើន​ នា​រដូវ​កាល​នេះ​»​។

នេះ​ជា​ការ​ឈ្នះ​ ១២ ​លើក​ជាប់ៗ​គ្នា​របស់​ Bayern នៅ​ Champions League ខណៈ​លទ្ធផល​នេះ ទំនង​ជា​បរាជ័យ​ដ៏​អាក្រក់​បំផុត​សម្រាប់ Atletico ក្រោម​ការ​ដឹកនាំ​របស់​លោក​ Diego Simeone​។

បន្ទាប់​ពី​ចប់​ប្រកួត​បើក​ឆាក​ដំបូង​នេះ ក្រុម Bayern កំពុង​ឈរ​ទី១ ក្នុង​ពូល A ដោយ​មាន ៣ ពិន្ទុ ខណៈ​ក្រុម​លេខ ២ Lokomotiv Moscow និង​ក្រុម​លេខ ៣ Red Bull Salzburg មាន ១ ពិន្ទុ​ដូច​គ្នា ក្រោយ​ប្រកួត​ស្មើ​គ្នា ២-២ នា​ទឹក​ដី​អូទ្រីស ហើយ​ក្រុម Atletico នៅ​បាត​តារាង មាន ​០ ពិន្ទុ​។

រឿង​មិន​គួរ​ឱ្យ​ជឿ​សម្រាប់​ប្រកួត​បើក​ឆាក​ក្របខ័ណ្ឌ​អឺរ៉ុប​នេះ គឺ​ថា ក្រុម​យក្ស​អេស្ប៉ាញ​ដូច​ជា​​ Real Madrid ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ ច្រើន​ជាង​ក្រុម​ណា​ទាំង​អស់​រហូត​ដល់​ទៅ ១៣ ​សម័យ​កាល បែរ​ជា​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ទៅ​ពី​អ៊ុយក្រែន Shakhtar Donetsk នៅ​ផ្ទះ​ខ្លួន​ឯង ៣-២ ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុម​របស់​លោក Zinedine Zidane មាន​ស្ដង់ដា​ឆ្ងាយ​ពី​ក្រុម​ Bayern កម្រិត​ណា នា​ពេល​នេះ​។

នៅ​កីឡដ្ឋាន​បណ្ដោះ​អាសន្ន Alfredo di Stefano របស់​ខ្លួន Real ត្រូវ​ក្រុម​ភ្ញៀវ Shakhtar នាំ​មុខ ៣-០ តាំង​ពី​វគ្គ​ទី១ ម្ល៉េះ​ហើយ​វគ្គ​ទី២ ក៏​មិន​អាច​វាយ​បក​​តាម​ស្មើ​វិញ​ទៀត ធ្វើ​ឱ្យ​​យុទ្ធនាការ​នៅ​តំបន់​អឺរ៉ុប​របស់​ខ្លួន ចាប់​ផ្ដើម​ជាមួយ​នឹង​ដំណើរ​ទ្រេត​ទ្រោត​ ពោល​គឺ​ទទួល​បាន​នូវ​លទ្ធផល​ខក​ចិត្ត​មួយ​។

សម្រាប់​ការ​ប្រកួត​ក្នុង​ពូល B ជាមួយ​គ្នា​នេះ​ដែរ នៅ​ឯ​ទឹក​ដី San Siro ក្រុម​លំដាប់​កំពូល​អ៊ីតាលី Inter Milan ប៊ិះ​នឹង​មាន​ជោគ​វាសនា​មិន​ខុស​ពី​ Real ប៉ុន្មាន​ឡើយ តែ​សំណាង​ល្អ បាន​ខ្សែ​ប្រយុទ្ធ Romelu Lukaku មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី២ របស់​ខ្លួន​នៅ​ចុង​ម៉ោង ជួយ​ឱ្យ​ក្រុម​តាម​ស្មើ​ Borussia Moenchengladbach របស់​អាល្លឺម៉ង់ ២-២​ វិញ​បាន​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍