ក្រុង​ប៉ារីស​: មិន​ដល់ ៦ ​​សប្តាហ៍​​ទេ ដែល​ក្រុម Bayern Munich បាន​ឈ្នះ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ រដូវ​កាល​មុន អំឡុង​ការ​ប្រកួត​បិទ​ទ្វារ ​ឥឡូវការ​ចាប់​ឆ្នោត​សម្រាប់​វគ្គ​ចែក​ពូល​នៃ​ក្រប​ខ័ណ្ឌ Champions League នា​ពេល​បន្ទាប់ ក៏​នឹង​ធ្វើ​ឡើង នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ក្រោម​ការ​គំរាម​កំហែង​ពី​ការ​ឆ្លង​​រាល​​ដាល​​នៃ​វីរុស​កូរ៉ូណាជា​ថ្មី​ម្ដង​ទៀត ចំពោះ​កម្ម​វិធី​ប្រកួត​នេះ​​។

ក្រុម Bayern បាន​គ្រង​តំណែង​ជើង​ឯក​អឺរ៉ុប​ជា​លើក​ទី៦ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម Paris Saint-Germain នៅ​ឯ​កីឡដ្ឋាន​ទទេ​ស្អាត Estadio da Luz នា​ក្រុងលីសបោន កាល​ពី​ខែ​សីហា ហើយ​ការ​ឈ្នះ​ពាន ក្នុង​កាលៈ​ទេសៈ​ដ៏​ចម្លែក​នេះ ហាក់​បី​ដូច​​ធ្វើ​ជា​តំណាង​នៃ​ភាព​ជោគ​ជ័យ​របស់​សហព័ន្ធ​បាល់​ទាត់​អឺរ៉ុប (UEFA) ​ផង​ដែរ​។​

ស្ថាប័ន​គ្រប់​គ្រង​បាល់ទាត់​អឺរ៉ុប បាន​រៀប​ចំ​ការ​ប្រកួត​ដ៏​មាន​ប្រជា​ប្រិយភាព​របស់​ខ្លួន​​ចប់​ចុង​ចប់​ដើម បើ​ទោះ​មាន​ការ​ពន្យារ​ពេល​យ៉ាង​យូរ ដោយសារ​វិបត្តិ​សុខ​ភាព​ក៏​ដោយ គ្រាន់​តែ​ថា រូប​មន្ត​ប្រកួត​នៃ​ជុំ​ចុង​ក្រោយ​ ត្រូវ​បាន​ធ្វើ​ឡើង​ខុស​ពី​មុន​។​

គ្រូបង្វឹក​ក្រុម Bayern លោក Hansi Flick បាន​និយាយ​រអ៊ូ​រទាំ​​ថា​៖ «​ការ​ប្រកួត ដែល​អត់​មាន​អ្នក​គាំទ្រ គឺ​មិន​មែន​ជា​បាល់​ទាត់ដែល​យើង​ស្គាល់​ឡើយ​។ ប្រហែល​ពេល​ខាង​មុខពួក​គេ (​អ្នក​គាំទ្រ) អាច​ត្រឡប់​មក​មាន​វត្តមាន​ក្នុង​កីឡដ្ឋាន​វិញ​»​។

ការ​ចាប់​ឆ្នោត​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ជា​ផ្នែក​ ១ នៃ​ព្រឹត្តិការណ៍​ ដែល​នឹង​ឃើញ​ផង​ដែរ​នូវ​វត្ត​មាន​របស់​កីឡាករ កីឡាការិនី​ឆ្នើម​ៗ​ ដែល​ជួយ​ក្រុម​ឱ្យ​ឈ្នះ​ជើង​ឯក​រដូវកាល​មុន​។

UEFA ត្រូវ​លុប​ចោល​គម្រោង ដែល​ប្រុង​រៀប​ចំ​កម្មវិធី​នេះ នៅ​ក្រុង​អាថែន ដោយ​ការ​យក​មក​ធ្វើ​នៅ​ស្នាក់​ការ​របស់​ខ្លួនវិញ នា​ក្រុងនី​យ៉ុង ប្រទេស​ស្វ៊ីស ដែល​នៅ​កន្លែង​នោះ ការ​ចាប់​ឆ្នោត​នឹង​ប្រព្រឹត្តទៅ​ដោយ​អត់​មាន​ភ្ញៀវ​ចូល​រួម​ឡើយ​។

ក្រុម​គូ​ប្រជែង​វគ្គ​ផ្ដាច់​ព្រ័ត​ទាំង ២ គឺ Bayern និង PSG នឹង​ស្ថិត​នៅ​ក្នុង​ក្រុម (ផត) ចំណាត់​ថ្នាក់​ទី១ រួម​ជាមួយ Liverpool, Real Madrid, Juventus, Porto, Zenit Saint-Petersburg និង​ក្រុម​ជើង​ឯក​ពាន Europa League​ គឺ Sevilla​។

ចំណែក​ក្រុម​នៅ​ក្នុង​ក្រុម​ចំណាត់​ថ្នាក់​ទី ២ មាន​ដូច​ជា​ Barcelona, Atletico Madrid, Manchester City, Manchester United, Shakhtar Donetsk, Borussia Dortmund, Chelsea និង Ajax​។

ក្រុម​ចំណាត់​ថ្នាក់​ទី៣ ទើប​កំណត់​បាន ៤ ក្រុម គឺ RB Leipzig, Inter Milan, Lazio និង Atalanta ខណៈ​ក្រុម​ចំណាត់​ថ្នាក់​ទី៤ មាន ៣​ ក្រុម គឺ Borussia Moenchengladbach, Istanbul Basaksehir និង Stade Rennais​។

រី​ឯ​ក្រុម​ Lokomotiv Moscow, Marseille និង Club Brugge ព្រម​ទាំង​ក្រុម​​ដែល​មិន​ទាន់​បាន​​ប្រកួត​បញ្ចប់​វគ្គ​នៅ​វគ្គ​ជម្រុះ ​មិន​ទាន់​បាន​កំណត់​ក្រុមចំណាត់​ថ្នាក់​នៅ​ឡើយ​ទេ ដោយ​ក្រុម​ទាំង​នោះ​ត្រូវ​ចូល​ទៅ​បំពេញ​ក្រុម​ចំណាត់​ថ្នាក់​ទី៣ និង​ទី៤​។​​

ពាក់​ព័ន្ធ​នឹង​ការ​វិបត្តិ​សុខភាព ប្រធាន​ UEFA លោក Aleksander Ceferin បាន​ថ្លែង​ថា​៖ «​សុខ​ភាព​ជា​បញ្ហា​ចម្បង​នា​ពេល​នេះ តែ​យើង​ចង់​នាំ​ឱ្យ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ។ អ្នក​គាំទ្រ និង​កីឡាករ​ គឺ​ជា​ផ្នែក​ដ៏​សំខាន់​របស់​បាល់​ទាត់​»​​៕ AFP/VN