ក្រុង​ប៉ារីស៖ Robert Lewandowski បាន​ជួយ​ឱ្យ​ក្រុម Bayern Munich ធ្វើ​ដំណើរ​លើ​ផ្លូវ​នៃ​ជ័យជម្នះ​លើ​​ក្រុម Salzburg ៣-១ អំឡុង​ការ​ប្រកួត នៅ​ក្របខ័ណ្ឌ UEFA Champions League (UCL) កាល​ពី​ថ្ងៃ​ពុធ ដែល​ជា​លទ្ធផល​ជួយ​ឲ្យ​ក្រុម​ជើង​ឯក​ចាស់​ចូលរួម​ជាមួយ​ក្រុម Manchester City កក់​កៅអី​នៅ​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ ទាំង​ការ​ប្រកួត​ក្នុង​ពូល​នៅ​សល់ ២ ​លើក​ទៀត​។

នៅ​យប់ ដែល​ក្លិប​នានា ដឹង​ពី​ព័ត៌មាន​នៃ​ការ​ស្លាប់​របស់ Diego Maradona ហើយ​បាន​នាំ​គ្នា​ធ្វើ​ការ​ស្មឹងស្មាធិ៍ ១ នាទី ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​អតីត​វីរបុរស​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន មុន​ការ​ប្រកួត​ទាំង​អស់​នៅ UCL ចាប់​ផ្ដើម​នោះ ក្រុម Bayern បាន​បន្លាយ​ជ័យជម្នះ​រហូត​ដល់ ១៥ ​ប្រកួត​យ៉ាង​ងាយៗ​។

ខ្សែ​ប្រយុទ្ធ Lewandowski ជួយ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​បើក​ការ​នាំ​មុខ នៅ ២ ​នាទី មុន​ចប់​វគ្គ​ទី១ នៃ​ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន​ទទេ​ស្អាត (អត់​មាន​អ្នក​គាំទ្រ) Allianz Arena ដែល​វា​ជា​គ្រាប់​ទី១៤ របស់​កីឡាករ​អន្តរជាតិ​ប៉ូឡូញ​រដូវកាល​នេះ ហើយ​ក៏​ជា​គ្រាប់​សរុប​​ទី៧១ ​របស់​គេ​ផង​ដែរ ក្នុង​ក្របខ័ណ្ឌ UCL នេះ ពោល​គឺ​នាំ​ឱ្យ​គេ​​មាន​​ចំនួន​គ្រាប់​បាល់​ស្មើ​នឹង​​អតីត​កីឡាករ​ឆ្នើម​ Raul របស់​ក្រុម Real Madrid ក្នុង​បញ្ជី​កំណត់​ត្រា​ ដោយ​តាម​ពី​ក្រោយ​កីឡាករ Cristiano Ronaldo (១៣១ គ្រាប់) និង Lionel Messi (១១៨ គ្រាប់)​។

ខ្សែ​បម្រើ​ Kingsley Coman ស៊ុត​គ្រាប់​ទី២ ឱ្យ​ក្រុម Bayern ជា​មុន​សិន បន្ទាប់​មក​ក៏​លើក​បាល់​ចូល​តំបន់​គ្រោះ​ថ្នាក់​ឱ្យ​ Leroy Sane តែត​បញ្ចូល​ទី បន្ថែម​​ការ​នាំ​មុខ ៣-០ មុន​នឹង Mergim Berisha បំបែក​ពង​មាន់​ឱ្យ​ក្រុម​ទៅ​ពី​អូទ្រីស។

ទោះ​នៅ​សល់​គ្នា ១០ នាក់ ដោយសារ​កីឡាករ Marc Roca ត្រូវ​បណ្ដេញ​ចេញ​ក៏​ដោយ ក៏​ក្រុម Bayern ​នៅ​តែ​អាច​ដណ្ដើម​បាន​ ១២ ពិន្ទុ ពី​ការ​ប្រកួត ៤ ​ដង​របស់​ខ្លួន ហើយ​បាន​ជួយ​ធានា​ឱ្យ​ពួក​គេ​ឆ្លង​ទៅ​ជុំ​បន្ត ក្នុង​នាម​ជា​ក្រុម​លេខ ១ ក្នុង​ពូល A ខណៈ​​ក្រុម​លេខ ២​ Atletico Madrid បន្ត​ធ្វើ​ការ​ធ្ងន់​ទៀត ក្រោយ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Lokomotiv Moscow ០-០ នៅ​ផ្ទះ​ខ្លួន​ឯង​។​

ចំណែក​ក្រុម​ Man City របស់​លោក Pep Guardiola (Pep) ក៏​កក់​សំបុត្រ​នៅ​វគ្គ​បន្ត ដោយសារ​ ១ គ្រាប់​របស់ Phil Foden ដែល​ជួយ​ឱ្យ​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Olympiakos របស់​ក្រិក ពោល​គឺ​ជា​ជ័យជម្នះ ៤ ​លើក ក្នុង​ចំណោម​ការ​ប្រកួត ៤ ​ដង ក្នុង​ពូល C​។

«​វា​នឹង​កា្លយ​ជា​កាពិត​។ យើង​ត្រូវ​ប្រឹងប្រែង​បន្ថែម​ទៀត តែ​​ថ្ងៃ​ណា​មួយ​វា​នឹង​ក្លាយ​ជា​ពិត ហើយ​វា​នឹង​បំបែក​ឧបសគ្គ​គ្រប់​យ៉ាង​»​។ នេះ​ជា​សម្ដី​របស់​លោក​ Pep ដែល​ក្រុម​របស់​លោក​ត្រូវ​ការ​តែ ១ ​ពិន្ទុ​ទៀត​ប៉ុណ្ណោះ ពី​ការ​ប្រកួត​ ២ ​លើក​ចុង​ក្រោយ​របស់​ខ្លួន ដើម្បី​ធានា​នូវ​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​ពូល​។

ដូច្នេះ​ ទាំង​ Bayern និង Man City នឹង​ចូលរួម​ជាមួយ ៤ ក្រុម​ផ្សេង​ទៀត ដូច​ជា Barcelona, Juventus, Chelsea និង Sevilla ដែល​កក់​កៅអី​បាន​មុន កាល​ពី​ថ្ងៃ​អង្គារ នៅ​វគ្គ ១៦ ​ក្រុម​នេះ​៕ AFP/VN