ក្រុង​ហ្សួរិច៖ ក្រុម Bayern Munich ​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ជើងឯក​អាហ្វ្រិក Al Ahly ឬ​ Al Duhail របស់​កាតា ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព័ត្រ​កម្មវិធី ​Club World Cup ​ខែ​ក្រោយ ក្រោយ​បញ្ចប់​ការ​ចាប់​ឆ្នោត​នៅ​ឯ​ស្នាក់ការ​​សហព័ន្ធ​បាល់​ទាត់​ពិភព​លោក (FIFA) នា​ក្រុង​ហ្សួរិច កាល​ពី​ថ្ងៃ​អង្គារ​។

វគ្គ ៤ ក្រុម​​នេះ នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ចន្ទ ទី ៨ ខែ​កុម្ភៈ​ នៅ​ឯ​កីឡដ្ឋាន Ahmad Bin Ali នា​ក្រុង Al Rayyan របស់​កាតា។

មុន​ជំនួប​នោះ ក្រុម​ Al Ahly និង​ Al Duhail នឹង​ជួប​ប្រកួត​គ្នា​នៅ​ថ្ងៃទី ៤ ខែ​កុម្ភៈ នៅ​ Education City ដែល​ជា​កីឡដ្ឋាន​មួយ​ត្រូវ​ជ្រើសរើស​ទុក​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​​បាល់ទាត់​​​ World Cup 2022 នៅ​​កាតា​ផង​ដែរ​។

ក្រុម​យក្ស​ទៅ​ពី​ក្រុង​គែរ​របស់​​អេហ្ស៊ីប Al Ahly របស់​គ្រូបង្វឹក​ជាតិ​អាហ្វ្រិក​ខាង​ត្បូង លោក Pitso Mosimane គឺ​ក្លិប​​ជោគជ័យ​បំផុត​របស់​ទ្វីប​អាហ្វ្រិក ដោយ​​កា្លយ​ជា​ជើងឯក​របស់​ទ្វីប​នេះ​រហូត​ដល់​ទៅ ៩ ​ដង​។

ជាមួយ​គ្នា​នេះ ក្រុម Al Duhail ដែល​​អ្នក​ចាត់​ការ ​លោក Sabri Lamouchi ជា​អតីត​កីឡាករ​​របស់​ក្រុម​​បារាំង និង Rennes ព្រម​ទាំង​​ជា​អតីត​គ្រូបង្វឹក​របស់​ក្រុម​ Nottingham Forest បាន​សិទ្ធិ​មក​ទាត់​វគ្គ​នេះ ក្នុង​នាម​ជា​ជើង​ឯក​លីគ​កំពូល​របស់​ប្រទេស​ ដែល​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី​នេះ​។​

គូ​​ផ្សេង​ទៀត​នៃ​​ការ​ចាប់​ឆ្នោត​ក្រុម​ម៉ិកស៊ិក Tigres UANL ដែល​ជា​​ជើងឯក​ Champions League នៅ​តំបន់ CONCACAF នឹង​ត្រូវ​ជួប​ក្រុម​ជើងឯក​ទ្វីប​អាស៊ី Ulsan Hyundai របស់​​កូរ៉េ​ខាង​ត្បូង​ នៅ​ថ្ងៃទី ៤ ខែ​កុម្ភៈ ដើម្បី​ដណ្ដើម​សិទ្ធិ​ឡើង​ទៅ​ជួប​ម្ចាស់​ពាន​ Copa Libertadores ក្នុង​ជំនួប​វគ្គ ១/២ គូ​ទី​ ១ នា​ថ្ងៃ​ទី ​៧ ខែ​កុម្ភៈ​។

ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​ Copa Libertadores របស់​តំបន់​អាមេរិក​ឡាទីន ដែល​ត្រូវ​បាន​ពន្យារ​ពេល​នោះ គឺ Santos និង Palmeiras ​ត្រូវ​តទល់​គ្នា ហើយ​ការ​បញ្ចេញ​សាច់​ដុំ​ដាក់​គ្នា​​រវាង​ក្រុម​នៅ​ប្រទេស​ប្រេស៊ីល ​តែ ១ នេះ នឹង​កើត​ឡើង​នៅ​ថ្ងៃ​ទី ​៣០ ខែ​មករា​ នា​កីឡដ្ឋាន Maracana ក្នុង​​ក្រុង​រីយោដឺហ្សេនេរ៉ូ។

ក្រុម​ជើងឯក​ចាស់​​ Club World Cup ​ឆ្នាំ​២០១៩ គឺ Liverpool ដោយ​ធ្វើ​ឱ្យ​ក្រុម​នៅ​អឺរ៉ុប​ឈ្នះ​ពាន​នេះ ​ឆ្លាស់​គ្នា​ក្នុង​ចំណោម​ ៧ ​លើក​ចុង​ក្រោយ​។​

ជយលាភី​នោះ ផ្ដើម​​ពី​ Bayern ​ឆ្នាំ ​២០១៣​ នៅ​ម៉ារ៉ុក ខណៈ​ក្រុម​របស់​លោក Hansi Flick រំពឹង​ថា នឹង​បន្ថែមពាន​ របស់​ FIFA នេះ ទៅ​ក្នុង​ពាន​ទាំង​ ៥ ក្នុង​ឆ្នាំ ​២០២០ មាន​ Bundesliga, German Cup, Champions League, UEFA Super Cup និង German Super Cup​​៕ AFP/VN