ប៊ែរឡាំង៖ បន្ទាប់​ពី​ពាន​ក្របខ័ណ្ឌ Bundesliga ឥឡូវ​នេះ ក្រុម Bayern Munich ឈ្នះ​​ពាន​ក្នុង​ស្រុក ១ ​ទៀត​ហើយ គឺ German Cup ឬ DFB-Pokal ក្រោយ​ពី​បំបាក់​ក្រុម​ Bayer Leverkusen ៤-២ អំឡុង​ការ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ឯ​កីឡដ្ឋាន​ Olympiastadion នា​ក្រុង​ប៊ែរឡាំង​កាល​ពី​ថ្ងៃ​សោរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ​ ហើយ​ជ័យជម្នះ​នេះ ធ្វើ​ឲ្យ​ក្រុម​កំពូល​របស់​អាល្លឺម៉ង់ ១ ​នេះ កំពុង​ដើរ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ពាន​រង្វាន់​ធំៗ​ ៣ រដូវ​កាល​នេះ​។

៤ ​គ្រាប់​ ដែល​ធ្វើ​ក្រុម Bayern កា្លយ​ជា​ម្ចាស់​ពាន​នេះ ជា​លើក​ទី ​២០ គឺ​គ្រាប់​ទី​១ ស៊ុត​បញ្ចូល​​ទី​ដោយ​ខ្សែ​ការពារ​សញ្ជាតិ​អូទ្រីស David Alaba នាទីទី​១៦ ខណៈ​គ្រាប់​ទី​២ ធ្វើ​បាន​ដោយ​ខ្សែ​បម្រើ Serge Gnabry របស់​អាល្លឺម៉ង់ នាទីទី​២៤ ហើយ​គ្រាប់​ទី​៣ និង​ទី៤ បំប៉ោង​សំណាញ់​ទី​ដោយ​កីឡាករ​​​តែ ១ ​រូប គឺ​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ប៉ូឡូញ Robert Lewandowski នាទីទី​៥៩ និង ​៨៩​។

ចំណែក ២ ​គ្រាប់​របស់​ក្រុម Leverkusen ធ្វើ​បាន​​ដោយ​កីឡាករ​​សញ្ជាតិ​អាល្លឺម៉ង់ ២ ​រូប គឺ ១ ​គ្រាប់ ដោយ​​ខ្សែ​ការពារ Sven Bender នៅ​នាទីទី​៦៣ ដែល​ជា​ការ​តែត​បាល់​ជ្រុង និង ​១ គ្រាប់​ទៀត ទម្លុះ​សំណាញ់​ទី​ដោយ​ខ្សែ​បម្រើ​វ័យ​ក្មេង​ Kai Havertz នាទីទី ​៩០​+​៥ ដែល​ជា​បាល់​ពិន័យ ១១ ម៉ែត្រ។

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ​ គ្រូ​បង្វឹក​របស់ក្រុម Bayern លោក Hansi Flick ​និយាយ​សរសើរ​កូន​ក្រុម​របស់​ខ្លួន​ចំពោះ​សមិទ្ធផល ដែល​ពួក​គេ​សម្រេច​បាន ដោយ​ប្រាប់​ទូរទស្សន៍ Sky ថា​៖ «​យើង​ចាកចេញ​ពី​កីឡដ្ឋាន​​ជាមួយ​នឹង​មោទនភាព ដែល​ពួក​យើង​សម្រេច​បាន​នេះ​។ អ្វី​ដែល​ក្រុម​ ធ្វើ​បាន​ជោគជ័យ​នៅ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ គឺ​អស្ចារ្យ​ណាស់​។​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ សប្បាយ​ចិត្ត​មែន​ទែន។ វិធី​ដែល​ក្រុម​កំពុង​អនុវត្ត គឺ​ពិសេស​ណាស់​។ យើង​មាន​សំណាង​ណាស់​ ដែល​​ឈ្នះ​ពាន​រង្វាន់​ដល់​ទៅ​ ២​ ថ្ងៃ​នេះ​​»​។

ជាមួយ​គ្នា​នេះ​ដែរ ​គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ លោក Flick ក៏​បាន​សរសើរ Lewandowski ជា​ពិសេស​​ថា កីឡាករ​វ័យ ៣១ ​ឆ្នាំ​រូប​នេះ អាច​ឈ្នះ​ពាន Ballon d''Or បន្ទាប់​ពី​រូប​គេ រក​គ្រាប់​បាល់​សរុប​បាន​ដល់​ទៅ ៥១ ​គ្រាប់ នៅ​គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់​ ជាពិសេស​នោះ​គ្រាប់​បាល់ នៅ​ក្របខ័ណ្ឌ​កំពូល​ ​ ៣៤ ​គ្រាប់​ និង ​១១ ​គ្រាប់ ក្នុង​​ក្របខ័ណ្ឌ Champions League។​

ដោយ​លោក Flick ​និយាយ​ដូច្នេះ​ថា​​៖ «​៥១ ​គ្រាប់ គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​​ណាស់។ គ្រាប់​ទី​១ របស់​ Lewandowski ដែល​ជា​គ្រាប់​ទី​៣ របស់​ក្រុម​យើង ពិត​​ជា​អស្ចារ្យ​ណាស់​។ វិធី​ដែល​គេ​ទទួល​បាល់ និង​របៀប ​ដែល​គេ​ស៊ុត​បញ្ចូល​ទី​ ពិត​មែន​ហាក់​ដូច​ជា​សំណាង​ជួយ តែ​វា​នៅ​តែ​គួរ​ឲ្យ​សរសើរ​ដដែល ព្រោះ​អ្វី​ដែល​ធ្វើ គឺ​ប្រកប​ដោយ​ទំនុក​ចិត្ត និង​គុណភាព​»​។

អ្នក​ចាត់​ការ​វ័យ ៥៥ ​ឆ្នាំ បាន​បន្ត​ទៀត​ថា​៖ «​ប្រសិន​បើ ពេល​នេះ ខ្ញុំ​រាប់​ចំនួន​គ្រាប់​បាល់ ហើយ​ខ្ញុំ​ដឹង​ថា គាត់​ស៊ុត​បាន ៣៤ ​គ្រាប់​ហើយ នៅ Bundesliga រដូវកាល​នេះ ដូច្នេះ អ្នក​សាក​​គិត​មើល​ថា តើ​កីឡាករ​ម្នាក់​ពី​ Bundesliga អាច​ក្លាយ​​ជា​ម្ចាស់​ជយលាភី​ពាន Ballon d''Or បាន​ឬ​អត់​? ហេតុ​អី​មិន​អាច​? គេ​ឈរ​នៅ​លើ​ទីលាន​ជាមួយ​នឹង​ជោគជ័យ​ ហើយ​ខ្ញុំ​ផ្ទាល់​ខ្លួន ចង់​ឲ្យ​គេ​កាន់​តែ​ប្រសើរ​ឡើង​​ ជាពិសេស​ឈ្នះ​ពាន​ដែល​កីឡាករ​ទាំង​អស់់​ប្រាថ្នា​ចង់​បាន​»​។

បន្ទាប់​ពី​លើក​ពាន​ក្នុង​ស្រុក ទាំង Bundesliga និង German Cup នេះ​ហើយ ក្រុម​ Bayern នឹង​ត្រូវ​បន្ត​យុទ្ធនាការ​របស់​ខ្លួន​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​ដ៏​ធំ​ប្រចាំ​តំបន់​អឺរ៉ុប គឺ​ UEFA Champions League ដែល​ពេល​បាន​ឡើង​ដល់​វគ្គ​ ១៦ ​ក្រុម​ចុង​ក្រោយ ដោយ​​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​តោខៀវ​ Chelsea ក្នុង​ប្រកួត​ជើង​ទី​២ ខណៈកាល​ពី​ជើង​ទី១ នៅ​ទឹក​ដី​ប្រទេស​អង់គ្លេស​ ពួក​គេ​ឈ្នះ ៣-០​។ ​បើ​តាម​ការ​គ្រោង​ទុក​ក្របខ័ណ្ឌ​របស់​អឺរ៉ុប​នេះ នឹង​ធ្វើ​នៅ​ខែ​សីហា៕ AFP/VN