ក្រុងប៊ែរឡាំង: ក្រុម Bayern Munich ទិញបានកីឡាករដល់ទៅ ៣ រូប នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករកាលពីថ្ងៃចន្ទ ដែលនាំមុខដោយខ្សែបម្រើស្លាប Douglas Costa របស់ក្រុម Juventus និងខ្សែប្រយុទ្ធសញ្ជាតិកាមេរូន Eric Maxim Choupo-Moting ពីក្រុម Paris Saint-Germain។
កីឡាករទាំង ២ រូបខាងលើ ព្រមព្រៀងចុះហត្ថលេខា ១ ឆ្នាំ ខណៈក្រុមជើងឯកអឺរ៉ុបមួយនេះ ក៏ពង្រឹងផងដែរនូវតំបន់ការពាររបស់ខ្លួន ដោយការនាំយកខ្សែការពារស្ដាំសញ្ជាតិបារាំង Bouna Sarr ជាមួយនឹងកិច្ចសន្យា ៤ ឆ្នាំ។ ក្រុម Bayern បានទិញខ្សែបម្រើ Marc Roca ពីក្រុម Espanyol រួចហើយ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយបានផ្ដល់កិច្ចសន្យារយៈពេល ៥ ឆ្នាំ។
កីឡាករ Saar បានបង្ហាញខ្លួនជាមួយក្រុម Marseille ចំនួន ១៨១ប្រកួត ក្នុងនោះមានទាំងការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រក្របខ័ណ្ឌ Europa League 2018 ដែលពេលនោះក្រុមរបស់បារាំងមួយនេះ ចាញ់ក្រុម Atletico Madrid របស់អេស្ប៉ាញ ហើយការបានចូលរួមជាមួយក្រុមយក្សអាល្លឺម៉ង់នេះ កីឡាករវ័យ ២៨ ឆ្នាំ ប្រាប់ថា៖ «សុបិនកា្លយជាពិត»។
ជាមួយគ្នានេះ នាយកកីឡារបស់ក្រុម Bayern លោក Hasan Salihamidzic បាននិយាយពីគុណសម្បត្តិរបស់ Sarr ថា៖ « Bouna Sarr ជាខ្សែការពារស្ដាំដ៏ស្វាហាប់មួយរូប ដែលសមជាមួយប្រព័ន្ធលេងរបស់ក្រុមយើង។ គេនាំឱ្យមានស្ថិរភាព និងបទពិសោធន៍ល្អៗសម្រាប់ក្រុមយើង ហើយយើងក៏ជឿដែរថា គេនឹងធ្វើឱ្យក្រុម FC Bayern រីកចម្រើនកាន់តែខ្លាំងឡើងៗជាមិនខាន»។
ចំណែកកីឡាករ Choupo-Moting វ័យ ៣១ ឆ្នាំ ដែលផុតកុងត្រាជាមួយក្រុម PSG ក្រោយជួយឱ្យក្លិបនៅបារាំងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីខែសីហា ត្រូវបានក្រុម Bayern នាំមកសម្រាប់ត្រៀមជំនួសខ្សែប្រយុទ្ធឆ្នើម Robert Lewandowski។
នេះជាការត្រឡប់មកកាន់ក្របខ័ណ្ឌ Bundesliga ជាថ្មីម្ដងទៀតរបស់ Choupo-Moting ដែលធ្លាប់លេងផងដែរឱ្យក្រុមនៅអង់គ្លេស Stoke City បន្ទាប់ខ្សែប្រយុទ្ធសញ្ជាតិកាមេរូនរូបនេះ ធ្លាប់បានចំណាយពេលរួមរស់ជាមួយក្រុមជាច្រើន ដូចជា Hamburg, Nuremberg, Mainz និង Schalke។
Choupo-Moting ប្រាប់ថា៖ «វាជាអារម្មណ៍ដ៏អស្ចារ្យមួយ ដែលបានត្រឡប់មកកាន់ Bundesliga វិញ ជាពិសេសបានលេងឱ្យក្លិបធំបំផុតនៅអាល្លឺម៉ង់។ តើនរណាមិនចង់លេងឱ្យក្រុម FC Bayern»។
ឯខ្សែបម្រើស្លាប Costa ដែលចំណាយពេល ២ ឆ្នាំ នៅ Bayern មុនចាកចេញក្នុងឆ្នាំ២០១៧ កំពុងត្រឡប់មកប្រជែងជាមួយ Serge Gnabry, Kingsley Coman និង Leroy Sane ដើម្បីឱ្យបានតំណែងណាមួយ នៅខ្សែខាងឆ្វេង ឬស្ដាំ។ ការមកលេងលើកនេះ គឺក្នុងលក្ខខណ្ឌខ្ចីជើង ១ ឆ្នាំ។
កីឡាករវ័យ ៣០ ឆ្នាំ ដែលបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិប្រេស៊ីលបាន ៣១ ប្រកួត បាននិយាយថា៖ «ខ្ញុំរីករាយ ដែលបានត្រឡប់មកលេងឱ្យក្រុម Bayern។ ខ្ញុំធ្លាប់មានពេលវេលាដ៏អស្ចារ្យ នៅក្រុងមុយនិចនេះ ដោយមានជោគជ័យយ៉ាងច្រើន ហើយខ្ញុំប្រាកដថា យើងនឹងឈ្នះពានរង្វាន់ជាច្រើនម្ដងទៀត»។
គ្រូបង្វឹករបស់ក្រុម Bayern លោក Hansi Flick និយាយដោយឥតលាក់បាំងថា គាត់ត្រូវការកីឡាករថ្មីបន្ថែម បន្ទាប់ពីបាត់បង់ Philippe Coutinho, Ivan Perisic និង Thiago Alcantara ដែលសុទ្ធតែបានរួមចំណែកជួយឱក្រុមលោកឈ្នះពាន Champions League៕ AFP/VN