ក្រុងមុយនិច: លោក Jupp Heynckes នឹងរៀបចំផែនការផ្សេងៗដើម្បីទម្លាក់អតីតក្លិបរបស់ខ្លួនគឺ Real Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី ១ នៅរាត្រីនេះ និងបោះជំហានឆ្ពោះទៅកាន់ការជួយឲ្យក្រុម Bayern Munich ឈ្នះពាន ៣ ក្នុងរដូវកាលតែមួយផ្សេងទៀត។
លោក Heynckes អាយុ ៧២ ឆ្នាំ បានឈ្នះពាន Champions League រួចជាស្រេចក្នុងនាមជាគ្រូបង្វឹករបស់ក្លិបទាំង ២។
គ្រូបង្វឹកចាស់វស្សារូបនេះបានដឹកនាំឲ្យក្រុម Real លើកពាននេះក្នុងឆ្នាំ ១៩៩៨ បន្ទាប់មក ក្រុម Bayern ក្នុងឆ្នាំ ២០១៣ ក្នុងរដូវកាលមួយដែលក្រុមយក្សអាល្លឺម៉ង់មួយនេះ បានបញ្ចប់ដោយការឈ្នះពាន។ ក្នុងវ័យមួយដែលមិត្តភក្តិរបស់លោកផ្សេងទៀតកំពុងតែរវល់នឹងការលេងល្បែងកម្សាន្តផ្សេងៗ និងមើលថែចៅៗ លោក Heynckes កំពុងតែរីករាយទៅនឹងសម្ពាធដ៏ខ្ពស់ក្នុងការប្រកួតក្របខ័ណ្ឌអឺរ៉ុប។
លោក Heynckes បានឲ្យដឹងថា៖ «វាជាការប្រកួតដ៏រំភើបមួយ ដែលជាការជួបគ្នារវាងក្រុម ខ្លាំងក្នុងភាពវិជ្ជមាន។ ក្រុមទាំង ២ នេះ មានប្រពៃណីដ៏អស្ចារ្យដូចគ្នាក្នុងកីឡាបាល់ទាត់អឺរ៉ុប ខណៈដែលពួកគេលេងកីឡាបាល់ទាត់ប្រកបដោយការទាក់ទាញ។ វាជាការចាប់ឆ្នោតប្រកួតដ៏លំបាកមួយសម្រាប់ក្រុមទាំង ២»។
Bayern គឺជាក្លិបតែមួយដែលនៅសល់ក្នុងក្របខ័ណ្ឌ Champions League ដែលមានសមត្ថភាពក្នុងលើកពាន ៣ ក្នុងរដូវកាលតែមួយ។ ពួកគេបានលើកពានក្របខ័ណ្ឌ Bundesliga ជាលើកទី ៦ ជាប់ៗគ្នារួចជាស្រេចកាលពី ៣ សប្តាហ៍មុន ហើយនឹងត្រូវប៉ះជាមួយក្រុម Eintracht Frankfurt ក្នុងការប្រកួតដណ្តើមពាន German Cup វគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ១៩ ខែ ឧសភា ខាងមុខ។
ប្រសិនបើក្រុម Bayern ឈ្នះពាន Champions League ក្នុងទីក្រុង Kiev ប្រទេសអ៊ុយក្រែន នាថ្ងៃទី ២៦ ខែឧសភា លោក Heynckes ដែលនឹងឈានចូលវ័យ ៧៣ ឆ្នាំ នាថ្ងៃទី ៩ ខែឧសភា នឹងបង្កើតប្រវត្តិសាស្ត្រ ក្នុងនាមជាគ្រូបង្វឹកមានវ័យចាស់ជាងគេបំផុតក្នុងការឈ្នះពាន European Cup។ លោកនឹងបំបែកកំណត់ត្រានៃអាយុ ៧១ ឆ្នាំ និង ២៣១ ថ្ងៃ ដែលត្រូវបានបង្កើតឡើងដោយលោក Raymond Goethals នៅពេលដែលក្រុម Marseille បានឈ្នះពានក្របខ័ណ្ឌ Champions League ក្នុងទីក្រុងមុយនិច កាលពីឆ្នាំ ១៩៩៣។
ការឈ្នះពាននេះជាលើកទី ៣ នឹងក្លាយជាកាដូនៃការចែកផ្លូវដ៏ល្អឥតខ្ចោះរបស់លោកជាមួយនឹងក្លិប Bayern នៅមុនពេលលោក Niko Kovac ចូលកាន់តំណែងក្នុងនាមជាគ្រូបង្វឹកសម្រាប់រដូវកាលក្រោយ។
លោក Heynckes បានបង្កើតកំណត់ត្រាថ្មីរួចជាស្រេចក្នុង Champions League វគ្គ ៨ ក្រុមចុងក្រោយ។ ការទទួលជ័យជម្នះ ២-១ ក្នុងការប្រកួតជើងទី ១ របស់ក្រុម Bayern នៅលើទឹកដីក្រុម Sevilla គឺជាជ័យជម្នះជាលើកទី ១ ជាប់ៗគ្នារបស់លោកក្នុងនាមជាគ្រូបង្វឹក ក្នុងយុទ្ធនាការនេះ ជាកំណត់ត្រាមួយដែលបានបន្តពីការដឹកនាំកាលពីមុនរបស់លោកក្នុងនាមជាគ្រូបង្វឹកក្នុងរដូវកាលឆ្នាំ ២០១២-២០១៣។
មានតែលោក Louis van Gaal រួមជាមួយនឹងក្លិប Barcelona និង Bayern និងលោក Carlo Ancelotti ជាមួយនឹងក្លិប Real Madrid ប៉ុណ្ណោះ ដែលបានឈ្នះចាប់ពី ១០ ប្រកួតជាប់ៗគ្នាឡើងទៅក្នុងនាមជាគ្រូបង្វឹក។
បើមិនគិតពីលទ្ធផលក្នុងពេលប្រកួតជាមួយនឹងក្រុម Real លោក Heynckes បានបង្ហាញពីកម្រិតសមត្ថភាពរបស់លោកក្នុងការផ្លាស់ប្តុរជោគជ័យវាសនារបស់ក្រុម Bayern ចាប់តាំងពីលោកបានវិលទៅកាន់ការដឹកនាំជាលើកទី ៤ របស់ខ្លួនក្នុងក្លិបនេះ កាលពីខែតុលា ឆ្នាំមុន។
គ្រូបង្វឹករូបនេះបានចូលជំនួសកន្លែងរបស់លោក Ancelotti ដែលត្រូវបានបណ្តេញចេញ ក្រោយពីការចាញ់ក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុម Paris Saint-Germain ក្នុងវគ្គចែកពូល។
ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង ១:៤៥ រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)៕