ក្រុងម៉ាឌ្រីដ៖ Lionel Messi ត្រូវបណ្ដេញចេញជាលើកដំបូងក្នុងនាមជាកីឡាករអាជីព នៅក្រុម Barcelona ខណៈ Athletic Bilbao យកឈ្នះក្រុមនៅកាតាឡាន់លើកពាន Spanish Super Cup នៅថ្ងៃអាទិត្យ ក្រោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏តឹងតែងនេះ បញ្ចប់ក្នុងលទ្ធផល ៣-២ ក្នុងម៉ោងបន្ថែមពិសេស ១៥ នាទី ២ ដង។
មុនជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ Bilbao ត្រូវបានអះអាង គឺថា Messi គ្រវាសដៃចំ Asier Villalibre ដែលស៊ុតគ្រាប់បាល់តាមស្មើ នាទីទី ៩០ អំឡុងការប្រកួតក្នុងម៉ោងធម្មតា ពោលគឺគ្រាប់បាល់ដែលបដិសេធជ័យជម្នះរបស់ក្រុម Barca។
២ គ្រាប់របស់ Antoine Griezmann ដែលជួយឱ្យក្រុមនាំមុខម្ដងហើយម្ដងទៀត ទំនងជាអាចធ្វើឱ្យក្រុមអ្នកមានបុណ្យជាម្ចាស់ពាននេះទៅហើយ តែ Villalibre បានមករារាំងមុនពេលមានគ្រាប់បាល់ដ៏ស្អាតរបស់ Inaki Williams ដែលកើតឡើងត្រឹមតែ ៣ នាទី ពេលការប្រកួតក្នុងម៉ោងពិសេសចាប់ដំណើរការ។
Messi ជាពីរបួសភ្លៅទើបបានលេងការប្រកួតនេះ ហើយចាំបាច់ត្រូវមានវត្តមានពេញ ១២០ នាទី ដោយសារ Barca មានបំណងពន្យារការប្រកួតនេះឱ្យដល់វគ្គប៉េណាល់ទី។
តែផ្ទុយទៅវិញ ខ្សែប្រយុទ្ធ វ័យ ៣៣ ឆ្នាំ មិនអាចគ្រប់គ្រងអារម្មណ៍បាននៅវិនាទីចុងក្រោយនៃការប្រកួតស្វិតស្វាញនេះ ដោយប្រតិកម្មតបនឹងការជែងរបស់ Villalibre ជាមួយនឹងការគ្រវាសដៃចំពីក្រោយខ្នងគូបដិបក្ខ ហើយពេលអាជ្ញាកណ្ដាលពិនិត្យមើល វី អេ អា (VAR) រួច ក៏សម្រេចផ្ដល់កាតក្រហមឱ្យ Messi តែម្ដង។
មានន័យថា ជាកាតក្រហមលើកដំបូងសម្រាប់ Messi ក្នុងចំណោមការបង្ហាញខ្លួនឱ្យក្រុម Barca ៧៥៣ ប្រកួត ដោយបន្ថែមពីលើការទទួលបាន ២ ដង ក្នុងឆ្នាំ ២០០៥ និង ២០១៩ ពេលលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន។
លោក Ronald Koeman និយាយខ្លីៗថា៖ «ក្រោយប្រកបអាជីពច្រើនឆ្នាំ ក្នុងវិស័យបាល់ទាត់ Messi ដឹងច្បាស់ថា តើពេលណា គេមានភាពរឹងមាំក្នុងការចូលលេង។ យើងបានសួរ ហើយគេបានប្រាប់ថា សុខភាពរឹងមាំល្អអាចលេងបាន»។
វាជាពានទី ១ និងជាការចាប់ផ្ដើមដ៏ល្អឥតខ្ជោះ សម្រាប់លោក Marcelino Garcia Toral ដែលទើបចូលមកធ្វើតួនាទីជាគ្រូបង្វឹកមិនដល់ ២ សប្ដាហ៍ផង៕ AFP/VN