ភ្នំពេញៈ ក្រុមបាល់បោះ Black Hawks បានជម្នះការប្រកួតយ៉ាងស្វិតស្វាញបំផុត ដើម្បីបន្តឈ្នះតំណែងជើងឯកក្នុងព្រឹត្តិការណ៍ប្រកួតបាល់បោះបុរសដណ្តើមពានរង្វាន់ខេមអេដ ឆ្នាំ ២០១៨ (CamEd Men''s Basketball Tournament 2018) ដែលបានបញ្ចប់ នៅលើទីលាន Premium Sport Club កាលពីព្រឹកថ្ងៃអាទិត្យ។
ការផ្លាស់ប្តូររូបមន្តប្រកួតពីការលេងម្ខាង ៦ នាក់ មកលេងម្ខាង ត្រឹម ៣ នាក់ នៅឆ្នាំនេះ បានធ្វើឲ្យក្រុម Black Hawks ដែលធ្លាប់បានគ្រងតំណែងជើងឯកកាលពីឆ្នាំ ២០១៧ ក្រោយផ្តួលក្រុម Zone ៥៨-៤២ នោះបានជួបការលំបាកច្រើន មុននឹងឈ្នះតំណែងជើងឯកនេះ។
នៅក្នុងការប្រកួតដែលមាន ១៣ ក្រុមចូលរួមនេះ ក្រុម Black Hawks បានឆ្លងកាត់ការប្រកួតជម្រុះវិលជុំតាមពូលទាំង ២ ដំណាក់កាល សរុបមាន ៨ ប្រកួត គឺដំណាក់កាលទី ១ មាន ៥ ប្រកួត និងវគ្គខ្វែង (ចែកជា ២ ពូលទៀត) មាន ៣ ប្រកួត ហើយក្នុងនោះ Black Hawks ទទួលបានជ័យជម្នះច្រើនជាងការចាញ់ មុនពេលពួកគេទៅទម្លាក់ក្រុម Viper X នៅវគ្គ ១/២ ផ្តាច់ព្រ័ត្រ ឯក្រុម Bumble Bee ក៏បានឈ្នះក្រុម Generals ក្នុងវគ្គនោះដែរ។
ជាមួយលទ្ធផលនេះបានធ្វើឲ្យក្រុមទាំង ២ នេះបានឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រជាថ្មីទៀត បន្ថែមទៅលើការជួបគ្នាទាំង ២ លើកក្នុងការប្រកួតវិលជុំ ហើយតាមរយៈការប្រកួតយ៉ាងស្វិតស្វាញនោះ Black Hawks បានប្រើពេលវេលាប្រកួត ២ នាទីចុងក្រោយក្នុងការយកឈ្នះ Bumble Bee ជាមួយពិន្ទុ ១៤-៨ ដើម្បីក្លាយជាម្ចាស់ជើងឯកប្រចាំឆ្នាំ ២០១៨ នេះ។
ចំណែកក្រុម Viper X បានយកឈ្នះក្រុម Generals ជាមួយពិន្ទុ ១៣-៩ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ៣ ប្រចាំការប្រកួតបាល់បោះបុរសដណ្តើមពានរង្វាន់ខេមអេដឆ្នាំ ២០១៨ នេះ ប៉ុន្តែអ្នករកបានពិន្ទុច្រើនជាងគេប្រចាំព្រឹត្តិការណ៍នេះ បានទៅលើកីឡាករ កុយវុន ឬទ្ធីយ៉ា របស់ក្រុម Generals ដោយរកបាន ៣០ ពិន្ទុតែម្នាក់ឯង។
តាមរយៈការប្រកួតដោយប្រើរូបមន្តលេង ៣ នាក់ទល់នឹង ៣ នាក់នេះ លោក Casey Barnett នាយកវិទ្យាស្ថានខេមអេដ ដែលជាអ្នកបង្កើតឲ្យមានការប្រកួតនេះឡើង មានការចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាពលេងរបស់ក្រុមចូលរួមទាំងអស់ ពិសេសជំនួបផ្តាច់ព្រ័ត្ររបស់ក្រុម Black Hawks និងក្រុម Bumble Bee ដែលជាការប្រកួតមានភាពទាក់ទាញខ្លាំង។
លោក Casey Barnett បានថ្លែង នៅក្នុងពិធីបិទការប្រកួតនោះថា៖ «ខ្ញុំពិតជាមានមោទនភាព ដែលបានឃើញពីការប្រកួតយ៉ាងស្វិតស្វាញរបស់ប្អូនៗ ហើយតាមរយៈការប្រកួតនេះបានបង្ហាញឲ្យអ្នកទាំងអស់គ្នាបានដឹងថា ការលេងកីឡា វាមិនត្រឹមតែទាមទារឲ្យយើងមានបទពិសោធ និងបច្ចេកទេសក្នុងការលេងប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវចេះសហការលេងជាក្រុមឲ្យបានល្អ ព្រមទាំងមានការតស៊ូ និងអំណត់ព្យាយាម ទើបយើងអាចទទួលបានជោគជ័យ»។
អនុបណ្ឌិតផ្នែកគណនេយ្យមកពីអាមេរិក លោក Casey បានបន្ថែមថា៖ «ចំណែកការចេញទៅបំពេញការងារ ឬការធ្វើអាជីវកម្មអ្វីមួយរបស់អ្នកទាំងអស់គ្នាទៅថ្ងៃអនាគត ក៏មិនខុសគ្នានេះដែរ គឺយើងមិនអាចមានត្រឹមចំណេះដឹងដែលទទួលបានពីការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវមានបទពិសោធចេះធ្វើការងារជាក្រុម ចេះគ្រប់គ្រង និងមានការតស៊ូ ទើបការងារនោះទទួលបានជោគជ័យ អ៊ីចឹងការលេងកីឡានេះ វាបានផ្តល់បទពិសោធទាំងនោះ ដល់អ្នកទាំងអស់គ្នា»៕