ក្រុងបាសេឡូណា: ខ្សែប្រយុទ្ធ​អន្តរជាតិ​ហ្គាណា Kevin-Pri-nce Boateng បាន​សន្យា​ថា​នឹង​ព្យាយាម​បង្កើត​ឲ្យ​មាន​ការចាប់អារម្មណ៍​បំផុត​ពី​ការចូលរួម​ដ៏មិន​នឹកស្មាន​ដល់​របស់​គេ​ជាមួយ​ក្លិប Barcelona ក្រោយពី​ការផ្ទេរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​សម្រាប់​កីឡាករ​រូបនេះ​ពី​ក្លិប​អ៊ីតាលី Sassuolo ត្រូវ​បាន​បំពេញ​កាលពី​ថ្ងៃ​ចន្ទ​។

ក្រុម​កំពុង​នាំ​មុខ​លើ​តារាង​ក្របខ័ណ្ឌ La Liga មួយ​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ពួកគេ​បាន​យល់ព្រម​លើ​ការផ្ទេរ​មួយ​ដើម្បី​នាំយក Boateng ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូត​ដល់​បញ្ចប់​រដូវកាល​នេះ​ជាមួយ​នឹង​ជម្រើស​ក្នុង​ការទិញ​យក​ដាច់​នៅ​រដូវក្តៅ​ខាង​មុខ​។

ក្លិប Barca បាន​ឲ្យ​ដឹង​ថា​៖ «​ការព្រមព្រៀង​គ្នា​នេះ​ក៏​រាប់បញ្ចូល​ទាំង​ជម្រើស​នៃ​ការទិញ​យក​ដាច់​ក្នុង​តម្លៃ​ខ្លួន​ ៨ ​លាន​អឺរ៉ូ (​ស្មើនឹង​ ៩ ​លាន​ដុល្លារ​អាមេរិក​) ផង​ដែរ​»​។

ការចូលរួម​របស់ Boateng វ័យ​ ៣១ ​ឆ្នាំ​នឹង​ផ្តល់​ជម្រើស​នៃ​ការជំនួស​កន្លែង​របស់ Luis Suarez នៅ​តំបន់​ប្រយុទ្ធ​ក្នុង​ក្រុម​របស់​លោក Ernesto Valverde ក្រោយពី​ការចាកចេញ​របស់​កីឡាករ Munir El Haddadi ទៅកាន់ Sevilla​។

ខ្សែប្រយុទ្ធ​រូប​នេះ​បាន​ជួប​ភាពជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​កាលពី​មុន​ដែល​នាំ​ឲ្យ​លោក Ernesto Valverde គ្រូបង្វឹក​នៃ​ក្រុម Barcelona ធ្វើការ​សម្រេចចិត្ត​ក្នុង​ការនាំយក​រូបគេ​។

លោក Valverde បាន​ឲ្យ​ដឹងថា​៖ «​រូបគេ​ហាក់​មិន​ចាំបាច់​ត្រូវការ​ពេល​ច្រើន​ក្នុង​ការសម្រប​ខ្លួន​ឡើយ រូបគេ​ដឹង​ពី​សមត្ថភាព​របស់​គេ និង​អាច​ចាប់ផ្តើម​លេង​ភ្លាមៗ​បាន​»​។ គ្រូបង្វឹក​រូប​នេះ​បាន​ប្រាប់​គេហទំព័រ​របស់​ក្លិប​បន្ថែម​ទៀត​ថា​៖ «​រូបគេ​អាច​លេង​ក្នុង​តួនាទី​ជាច្រើន​ដូចជា​ខ្សែប្រយុទ្ធ​កណ្តាល​ម្នាក់ ឬ​ក៏​លេង​ក្នុង​តំបន់​ប្រយុទ្ធ​ផ្សេងទៀត​ផងដែរ​»​។ កីឡាករ​រូបគេ​ខ្លួនឯង​ក៏មាន​សុទិដ្ឋិនិយម​លើ​ការផ្ទេរ​នេះ​ផង​ដែរ​នៅ​ពេល​អ្នកកាសែត​បាន​និយាយ​ទៅ​កាន់​រូបគេ​នៅឯ​អាកាសយានដ្ឋាន​ក្នុង​ប្រទេស​អ៊ីតាលី​៕ IS