ក្រុងប៊ែរឡាំង៖ ក្រុមរួចពីគ្រោះ Werder Bremen អាចធានាបានជីវិតនៅ Bundesliga ក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ សម្រាប់រដូវកាលក្រោយ ដោយសារគ្រាប់បាល់ក្រៅផ្ទះ (away goal) ក្រោយពីមានលទ្ធផលស្មើ ២-២ ជាមួយក្រុមនៅលីកទី ២ Heidenheim អំឡុងការប្រកួតកាត់ក្ដីធ្លាក់ជាប់ដ៏អន្ទះអន្ទែង នៅជើងទី២ ជាមួយនឹងការរកបានគ្រាប់បាល់ទី២ ក្នុងម៉ោងបន្ថែមបង្គ្រប់។
បន្ទាប់ពីក្រុមមានគ្រាប់បាល់សរុប ២-២ សម្រាប់ការប្រកួតកាត់ក្ដីនេះ គ្រូបង្វឹករបស់ក្រុម Bremen លោក Florian Kohfeldt និយាយថា៖ «ខ្ញុំពិតជារីករាយ និងសប្បាយចិត្ត ដែលយើងជោគជ័យ ក្រោយបញ្ចប់ការប្រកួតនោះ។ យើងអស់សង្ឃឹមជាច្រើនលើកច្រើនសាឆ្នាំនេះ តែយើងកែប្រែស្ថានការណ៍បានវិញរហូត។ វាជាសម្ពាធធំ ដែលបានរបូតចេញពីយើងទាំងអស់គ្នាទាំងមិនគួរឲ្យជឿ»។
ក្រោយបញ្ចប់ការប្រកួតទាំង ២ ជើង ក្នុង និងក្រៅទឹកដី ក្រុម Bremen ដែលឈ្នះពានលីកកំពូលរបស់អាល្លឺម៉ង់ជាលើកទី៤ ចុងក្រោយ នៅរដូវកាល ២០០៣-២០០៤ នោះ រក្សាកំណត់ត្រារបស់ខ្លួនក្នុងការបានលេងនៅក្របខ័ណ្ឌ Bundesliga ច្រើនជាងក្រុមណាទាំងអស់ រីឯក្រុម Heidenheim បន្តនៅលីកទី ២ ដដែល។
ពេលមិនអាចជួយក្រុមឡើងទៅលីកទី ១ បាន គ្រូបង្វឹករបស់ក្រុម Heidenheim លោក Frank Schmidt និយាយថា៖ «យើងមានឱកាសល្អៗច្រើន តែអត់សំណាង។ យើងខកចិត្តខ្លាំងណាស់។ យើងមិនបានចាញ់ឡើយ ក្នុងការប្រកួតទាំង ២ លើក តែទាំងអស់គ្នាមានអារម្មណ៍ដូចជាយើងចាញ់។ វាពិតជាធ្ងន់ធ្ងរណាស់សម្រាប់ ពួកយើង។ យើងត្រូវការពេលមិនតិចថ្ងៃនោះទេ ក្នុងការសម្រួលអារម្មណ៍ឡើងវិញ»។
កាលពីជើងទី១ នៅទឹកដីរបស់ក្រុម Bremen ស្មើ ០-០ ខណៈនៅជើងទី ២ នេះ ត្រឹមតែ ៣ នាទី ក្រុម Heidenheim បានរបូតគ្រាប់បាល់បាត់ទៅហើយ ដោយសារការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារ Norman Theuerkauf តែសល់ ៥ នាទី ចប់់ការប្រកួតផ្លូវការខ្សែប្រយុទ្ធ Tim Kleindienst ជួយឲ្យក្រុមម្ចាស់ផ្ទះមានសង្ឃឹមស្ដួចស្ដើងវិញ ដោយការស៊ុតបំប៉ោងសំណាញ់ទីបានសម្រេចឲ្យលទ្ធផលស្មើគ្នា ១-១។
សម្រាប់ការប្រកួតដ៏តឹងតែងនេះ បើបញ្ចប់ទៅក្នុងលទ្ធផល ១-១ ក៏ក្រុម Bremen ជាអ្នកមានសិទ្ធិបន្តលេងនៅ Bundesliga ដែរ ដោយសារគ្រាប់បាល់ក្រៅទឹកដី អ៊ីចឹងមានន័យថា ក្រុម Heidenheim ត្រូវការឈ្នះតែម្យ៉ាងប៉ុណ្ណោះ តែគួរឲ្យស្ដាយ ក្ដីសង្ឃឹមរបស់ក្រុមនេះ ត្រូវរលាយស្ទើរ ១០០ ភាគរយ ពេលដែលកីឡាករ Ludwig Augustinsson ធ្វើបានសម្រេច ១ គ្រាប់ នៅក្នុងម៉ោងបន្ថែមបង្គ្រប់ ពោលគឺនៅនាទីទី ៩០+៤ ឲ្យក្រុមភ្ញៀវនាំមុខជាថ្មីម្ដងទៀត ហើយបើទោះ ៤ នាទី បន្ទាប់ពីហ្នឹងមានឱកាសតាមស្មើវិញ ដោយសារការស៊ុតបាល់ពិន័យ ១១ ម៉ែត្ររបស់កីឡាករ Kleindienst ក៏ដោយ ក៏យឺតពេលហើយដែរ។
សម្រាប់លីកអាជីពទី១ និងទី២ របស់អាល្លឺម៉ង់ កំណត់ក្រុមធ្លាក់ និងឡើង មានចំនួន ៣ ក្រុម ដោយ ២ ក្រុម ត្រូវបានទម្លាក់ និងដំឡើងស្វ័យប្រវត្តិ គឺក្រុមនៅបាតតារាងទាំង ២ ក្នុង Bundesliga និងក្រុមកំពូលតារាងទាំង ២ នៅ Bundesliga 2 ខណៈក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់ទី១៦ នៅលីកកំពូល និងក្រុមឈរនៅលេខ ៣ ក្នុងលីកទី២ នឹងត្រូវប្រកួតកាត់ក្ដី ដើម្បីដណ្ដើមសិទ្ធិលេងនៅក្របខ័ណ្ឌកំពូល៕ AFP/VN