The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Buffon និង Chiellini បន្ត​កុង​ត្រា​ជាមួយ Juventus ១​ ឆ្នាំ​ទៀត

Buffon និង Chiellini បន្ត​កុង​ត្រា​ជាមួយ Juventus ១​ ឆ្នាំ​ទៀត

Content image - Phnom Penh Post
កីឡាករ Buffon និង Chiellini ព្រម​ត​កុង​ត្រា​ជាមួយ​ក្រុម Juventus ដល់​ឆ្នាំ​ ២០២១​។​

Buffon និង Chiellini បន្ត​កុង​ត្រា​ជាមួយ Juventus ១​ ឆ្នាំ​ទៀត

ក្រុងរ៉ូម: Juventus (Juve) ក្រុម​ដែល​កំពុង​មាន​ពិន្ទុ​នាំ​មុខ​គេ ក្នុង​តារាង​ក្រប​ខ័ណ្ឌ Serie A អ៊ីតាលី បាន​ប្រកាស កាល​ពី​ថ្ងៃ​ចន្ទថា អ្នក​ចាំ​ទី Gianluigi Buffon និងខ្សែ​ការពារ Giorgio Chiellini បាន​ព្រម​ព្រៀង​បន្ត​កិច្ច​សន្យា​របស់​ពួក​គេ​ជាមួយ​ក្រុម រហូត​ដល់​ឆ្នាំ​ ២០២១​។

កិច្ច​ព្រម​ព្រៀង​ថ្មី ដែល​ទំនង​ជា​រំពឹង​ទុក​ជា​យូរ​មក​ហើយនោះ ​​ត្រូវបាន​អះអាង​ដោយ​ក្រុម ​Juve ដែល​នេះ បាន​ន័យ​ថា អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី Buffon នឹង​ស្នាក់​នៅ​ជា​មួយ​ក្លិប ដែល​មាន​មូល​ដ្ឋាន​នៅទី​ក្រុងទូរីននេះ លើស​អាយុ ៤៣​ ឆ្នាំ​។

ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ ក្រុម​ Juve​ បាន​ឲ្យ​ដឹង​ថា​៖ «​ក្រុម Bianconeri (ស-ខ្មៅ) តាំង​ពី​ចាប់​ផ្ដើម​ដំបូង។ ក្រុម​ Bianconeri ជា​រៀង​រហូត។ ហើយ​ដើម្បី​បញ្ជាក់​ពី​វា ថ្ងៃ​នេះ​ការ​ពន្យារ​កុង​ត្រា បាន​ធ្វើ​ជា​ផ្លូវការ​ហើយ សម្រាប់​ ១​ ឆ្នាំ​ទៀត គឺ​ ២០២១​»​។

កីឡាករ Buffon បាន​វិល​ត្រឡប់​មក​កាន់​ក្រុម Juve វិញ កាល​ពី​រដូវ​ក្តៅ​មុន ក្រោយ​​ពី​មាន​​រដូវ​កាល​ដ៏​គួរ​​ឲ្យ​ខក​ចិត្ត​មួយជាមួយ​ក្រុម​នៅ​បារាំង Paris Saint-Germain និង​ជា​អ្នក​បង្កើត​កំណត់​ត្រា​ល្អ​បំផុត​ ក្នុង​ការ​មាន​វត្តមាន​សម្រាប់​ក្លិបនៅ​ក្របខ័ណ្ឌ Serie A ដោយ​បាន​បង្ហាញ​ខ្លួន​ចំនួន ​៤៧៩ ​ដង សម្រាប់​ការ​ប្រកួត​ក្នុង​លីក ​គិត​ចាប់​​តាំង​ពី​បាន​មក​ចូលរួម​ជាមួយក្រុម ក្នុង​ឆ្នាំ​ ២០០១​។

ជាមួយក្រុម​សេះ​បង្កង់​នេះ កីឡាករ Buffon ធ្លាប់​ឈ្នះពាន​លីក​កំពូល​ចំនួន ៩​ ដង តែ​នៅ​តំបន់​អឺរ៉ុប មាន​តែ​ម្ដង​គត់ ពេលគាត់លើក​ពាន​រង្វាន់ UEFA Cup ជាមួយក្រុម Parma កាល​ពី​ឆ្នាំ​ ១៩៩៩។ គាត់​ គឺ​ជា​ម្ចាស់​កំណត់​ត្រា​ការ​​បង្ហាញ​ខ្លួននៅ Serie A ​ រួម​ជាមួយ​អតីត​កីឡាករ Paolo Maldini ដែល​លេង​នៅ​លីក​ទី១ អ៊ីតាលី​ បាន​ដល់​ទៅ ៦៤៧​ ការ​ប្រកួត ហើយ​រូប​គាត់ ក៏កាន់​កាប់​កំណត់ត្រា​នេះ​ផងដែរ សម្រាប់​ក្រុម​ជម្រើស​ជាតិ ជាមួយ​នឹង​ការ​ឈរ​ចាំ​បង្គោលទី​ ១៧៦ ​លើក ចន្លោះ​ឆ្នាំ​ ១៩៩៧-២០១៨ ដោយ​បាន​​ឈ្នះ​ពាន World Cup ម្ដង ក្នុង​ឆ្នាំ ​២០០៦​។​

តែ​រដូវកាល​នេះ កីឡាករចាស់​វស្សារូប​​នេះ មិន​សូវ​បាន​បង្ហាញ​ខ្លួន​ញឹក​ញាប់​ប៉ុន្មាននោះ​ទេ ដោយ​មាន​វត្តមាន​តែ ១៣​ លើក​ប៉ុណ្ណោះ សម្រាប់​ការ​ប្រកួត​គ្រប់​កម្មវិធី​ទាំង​អស់​ ខណៈ​ដែល​ភាគ​ច្រើន Juve ក្រុម​ជើង​ឯក​ Serie A ៣៥​សម័យ​កាល តែង​តែ​​​យក​​កីឡាករ​ប៉ូឡូញ Wojciech Szczesny ជា​អ្នក​ចាំ​ទី​ជម្រើស​ទី១​។

ចំណែក​ឯ កីឡាករ​វ័យ ៣៥ ​ឆ្នាំ Chiellini ដែល​បាន​ស្នង​តំណែង Buffon ជា​ប្រធាន​ក្រុម Juve និង​ជម្រើសជាតិ​អ៊ីតាលី បាន​មក​ចូល​រួម​ជាមួយ​ក្រុម ក្នុង​ឆ្នាំ​ ២០០៥ ហើយ​ចាប់​ពី​ពេល​នោះ​មក បាន​ក្លាយ​ជា​ខ្សែ​ការ​ពារ​ដ៏រឹង​មាំ ១ ​រូប ក្នុង​យុគ​សម័យ​ដ៏​ជោគ​ជ័យបំផុត​របស់​​ក្រុម​យក្ស នា​​ក្រុង​ទូរីន​មួយ​នេះ​។​​​

កីឡាករ Chiellini បាន​ឈ្នះ​ពាន​លីក​កំពូល ៨ ដង និង​ពាន​ Italian Cup ៤ ​ដង តែ​រដូវកាល​នេះ​ មិនសូវ​បាន​ចូល​លេង​​​ទៀង​ទាត់​នោះ​ទេ ដោយសារមាន​របួស​សរសៃ​ពួរធ្ងន់​ធ្ងរកាល​ពី​ខែ​សីហា​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍