ក្រុង​មីឡាន៖ កីឡាករ Gianluigi Buffon ​បង្កើត​នូវ​កំណត់ត្រា​ថ្មី​មួយ ​នាម​ជា​កីឡាករ​ដែល​បង្ហាញ​ខ្លួន​បាន​ច្រើន​ជាង​គេ​នៅ​ក្របខ័ណ្ឌ Serie A អ៊ីតាលី​កាល​ពី​ថ្ងៃ​សៅរ៍ ពេល​ក្រុម​សេះ​បង្កង់​ Juventus បំបាក់​ក្រុម​ Torino ៤-១ ក្នុង​ជំនួប​ក្រុម​នៃ​ក្រុង​តែ ​១ ហើយ​រំកិល​​កាន់​តែ​ឆ្ងាយ​ពី​ក្រុម​គូ​ប្រជែង ​៧ ​ពិន្ទុ​។

អ្នក​ចាំទី​សញ្ជាតិ​អ៊ីតាលី​វ័យ ៤២ ​ឆ្នាំ Buffon បាន​កន្លង​ផុត​កំណត់ត្រា​ចាស់​ចំនួន ៦៤៧ ​ដង ដែល​កាន់​កាប់​រួម​គ្នា​ជាមួយ​អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម AC- Milan គឺ​មិត្ត​រួម​ជាតិ Paolo Maldini ពេល​រូប​គាត់ ​មាន​មុខ​ក្នុង​ការ​ប្រកួត​ ដែល​ធ្វើ​នៅ​កីឡដ្ឋាន Allianz Stadium នេះ​។

Buffon ដែល​​ចំណាយ​​ពេល​ជាមួយ​ក្រុម​នៅ​បារាំង Paris Saint-Germain ​រដូវកាល​មុន មុន​​សម្រេច​ចូលរួម​ជាមួយ​អតីត​ក្រុម​ខ្លួន Juve នាពេល​នេះ ទើប​តែ​​បាន​យល់ព្រម​​បន្ត​កុង​ត្រា​ថ្មី​ ១ ​ឆ្នាំ​ទៀត ​នៅ​ដើម​សប្ដាហ៍​មុន ហើយ​ការ​​ប្រកួត​ជាមួយ​ក្រុម Torino នេះ វា​ជា​ការ​លេច​មុខ​នៅ​លើ​ទីលាន​លើក​ទី ​៨ នៅ​ Serie A សម្រាប់​រូប​គាត់ ខណៈ​អ្នក​ចាំ​ទី​ដៃទី ១ ដែល​តែង​ឈរ​ចាំ​បង្គោល​ទី​ឲ្យ​ក្រុម​យ៉ាង​ទៀង​ទាត់ គឺ​កីឡាករ​​ប៉ូឡូញ Wojciech Szczesny​។

កំណត់ត្រា​នេះ កើត​មាន​ឡើង​ក្រោយ​រយៈពេល​ ២៥ ​ឆ្នាំ គិត​តាំង​ពី​កីឡាករ Buffon ធ្វើ​ការ​បង្ហាញ​វត្តមាន​លើក​ដំបូង នៅ Serie A ពេល​លេង​ក្នុង​ក្រុម Parma ហើយ​ក្រោយ ១៩ ​ឆ្នាំ គិត​តាំង​ពី​រូប​គាត់ ចុះ​ហត្ថលេខា​ចូល​ជា​សមាជិក​ក្រុម​ Juve។

ការ​ប្រកួត​ក្នុង​សប្ដាហ៍​ទី ៣០ នេះ ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ Cristiano Ronaldo ក៏​​នៅ​ក្នុង​ចំណោម​កីឡាករ​ស៊ុត​បញ្ចូល​ទី​ទាំង​ ៤ គ្រាប់​នេះ​ដែរ ខណៈ​គ្រាប់​បាល់​របស់​កីឡាករ​អន្តរ​ជាតិ​ព័រទុយហ្គាល់ ដោយ​​ការ​ស៊ុត​ហ្វ្រ៊ីឃីក នៅ​នាទីទី ៦១ នេះ បាន​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​របស់ក្រុម Juve ដំបូង​គេ ដែល​រក​បាន ២៥ ​គ្រាប់ ១ ​រដូវកាល ក្នុង​រយៈពេល ៥៩ ឆ្នាំ​។ ចំណែក​ឯ​ ៣ គ្រាប់​ផ្សេង​ទៀត បាន​មក​​ដោយសារ​ខ្សែ​ប្រយុទ្ធ Paulo Dybala នាទីទី ​៣, ខ្សែ​បម្រើ Juan Cuadrado នាទីទី ២៩ និង​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ​ Koffi Djidji​ នៅ នាទីទី ៨៧។

ក្រោយ​ដណ្ដើម​បាន ៣ ​ពិន្ទុ​នេះ ធ្វើ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក​ Maurizio Sarri មាន ៧៥ ​ពិន្ទុ ឈរ​នៅ​កំពូល​តារាង ដោយនាំ​មុខ​ដាច់ ៧ ​ពិន្ទុ លើ​ក្រុម​លេខ ​២ Lazio ដែល​ប្រកួត​ចាញ់​ក្រុម​ AC Milan យ៉ាង​អាម៉ាស់​នៅ​ទឹក​ដី​ខ្លួន​ឯង​ក្នុង​លទ្ធផល ៣-០ ខណៈ​ការ​ប្រកួត​នៅ​សល់​ ៨ ​លើក​ទៀត នឹង​បញ្ចប់​រដូវកាល​ជា​ស្ថាពរ​។

ពាក់ព័ន្ធ​នឹង​ការ​បំបែក​កំណត់ត្រា​របស់​កីឡាករ Buffon នេះ​លោក Sarri ​ថ្លែង​ថា​៖ «​គ្មាន​អ្វី​ត្រូវ​និយាយ​ទេ គ្រប់​គ្នា​គ្រាន់​តែ​អាច​សម្ដែង​ការ​អបអរ​ជាមួយ Buffon នូវ​អ្វី​ដែល​គេ ​ធ្វើ​បាន​ក្នុង​អាជីព​របស់​ខ្លួន។ ​ គេ​គឺ​ជា​វីរបុរស។ មិន​ចាំ​បាច់​និយាយ​ពាក្យ​អ្វី​ឡើយ គ្រាន់​តែ​ទះ​ដៃ​អបអរ​សាទរ​ប៉ុណ្ណោះ​។ ពួក​យើង​ស្វាគមន៍​រូប​គេ ក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​ ដោយ​គ្មាន​ពាក្យពេចន៍​អ្វី​ពិសេស​នោះ​ទេ។ គ្រាន់​តែ​ក្រឡេក​មើល​ចំនួន​លេខ​របស់​​គេ នោះ​នឹង​ដឹង​ហើយ​ថា គេ​ជា​វីរ​បុរស​​»​៕ AFP/VN