The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - CAMSOC កែ​សម្រួល​រចនា​សម្ព័ន្ធ ដើម្បី​ពង្រឹង​ការងារ​ឆ្ពោះ​ទៅ​ស៊ីហ្គេម

CAMSOC កែ​សម្រួល​រចនា​សម្ព័ន្ធ ដើម្បី​ពង្រឹង​ការងារ​ឆ្ពោះ​ទៅ​ស៊ីហ្គេម

Content image - Phnom Penh Post
កិច្ច​ប្រជុំ​ត្រីមាស​ទី​៣​របស់ CAMSOC ដែល​​ធ្វើ​នៅវិមាន​មិត្ត​ភាព ពី​ថ្ងៃអង្គារ។ រូប ណន

CAMSOC កែ​សម្រួល​រចនា​សម្ព័ន្ធ ដើម្បី​ពង្រឹង​ការងារ​ឆ្ពោះ​ទៅ​ស៊ីហ្គេម

ភ្នំពេញ៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ ឆ្នាំ ២០២៣​ ហៅ​​កាត់​ថា CAMSOC បាន​សម្រេច​​ឲ្យ​មាន​ការ​កែ​សម្រួល​រចនា​សម្ព័ន្ធ​មួយ​ចំនួន ដើម្បី​ធ្វើ​ឲ្យ​ផែនការ​ឆ្ពោះ​ទៅ​កាន់​ការ​​ប្រកួត​​ស៊ីហ្គេម​ឆ្នាំ ​២០២៣ នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​ច្បាស់​លាស់ និង​ធានា​បាន​នូវ​ការ​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិសាស្រ្ត​លើក​ដំបូង​នេះ។

នៅ​ក្នុង​កិច្ច​ប្រជុំ​​បូក​សរុប​លទ្ធផល​ការងារ​ត្រីមាស​ទី ​៣ ឆ្នាំ ​២០១៩ និង​ទិសដៅ​បន្ត​របស់ CAMSOC នៅ​វិមាន​មិត្តភាព​កាល​ពី​ថ្ងៃ​អង្គារ ​គ្រប់​ភាគី​ពាក់ព័ន្ធ​សុទ្ធ​តែ​​បាន​ផ្តល់​ឱកាស​ឲ្យ​បញ្ចេញ​មតិយោបល់ និង​លើក​ជា​សំណើ​ទៅ​កាន់​​លោក ទៀ បាញ់ ​ជា​ប្រធាន CAMSOC ដែល​ជា​អ្នក​ដឹកនាំ​ការ​ប្រជុំ​នោះ​ផ្ទាល់។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​ CAMSOC បាន​ថ្លែង ក្រោយ​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នោះ​​ថា៖ «នៅ​ក្នុង​កិច្ច​ប្រជុំ​ត្រីមាស​ទី ​៣ ​នេះ គឺ​បាន​ផ្តោត​ទៅ​របៀបវារៈ​ជា​ច្រើន ហើយ​នៅ​ក្នុង​នោះ គឺ​ការ​បង្ហាញ​នូវ​វឌ្ឍនភាព​​ការងារ​របស់​ CAMSOC ដែល​បាន​ធ្វើ​កន្លង​មក ក្នុង​ឆមាស​ទី ​៣ ដែល​យើង​ឃើញ​ថា មាន​កំណើន​ច្រើន​ដោយ​សម្តេច​ប្រធាន​បាន​វាយ​តម្លៃ​ខ្ពស់​លើ​ការ​ខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ដែល​យើង​ទទួល​បាន»។

យ៉ាង​ណា​ក៏​ដោយ តាមរយៈ​ការ​ពិភាក្សា និង​សំណើ​ដែល​បាន​លើក​ឡើង​ក្នុង​អង្គ​ប្រជុំ​នោះ គឺ​គណៈកម្មាធិការ​របស់ CAMSOC នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​មិន​ទាន់​បាន​ធ្វើ ហើយ​គណៈកម្មាធិការ​មួយ​នេះ​ក៏​មិន​ទាន់​មាន​ត្រា​ផ្ទាល់​ខ្លួន សម្រាប់​ប្រើប្រាស់​ជា​ផ្លូវ​ការ​នោះ​ទេ ហើយ​នេះ​ជា​អ្វី​ដែល​លោក ទៀ បាញ់ ជំរុញ​ឲ្យ​គណៈកម្មាធិការ​សុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​បង្កើត​ឲ្យ​មាន​ត្រា​របស់ CAMSOC។

លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គ​លេខាធិការ NOCC ផង​នោះ ​បាន​បន្ថែម​ថា៖ ​«ក្រៅ​ពី​វឌ្ឍនភាព យើង​នៅ​មាន​បញ្ហា​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ និង​ត្រូវ​កែ​សម្រួល​ជា​ប្រចាំ អ៊ីចឹង​ក្នុង​កិច្ច​ប្រជុំ​នេះ សម្តេច​ប្រធាន​បាន​ធ្វើ​ការ​ណែនាំ និង​ផ្តល់​អនុសាសន៍​បន្ថែម​ឲ្យ​កែ​សម្រួល​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ការ​រៀបចំ​អនុក្រឹត្យ​ស្តីពី​ការ​រៀបចំ​ឲ្យ​មាន​ត្រា​របស់​ ​CAMSOC ព្រោះ​កន្លង​មក ​យើង​ប្រើ​ត្រា​របស់ NOCC តែ​ពេល​នេះ CAMSOC របស់​យើង​ដំណើរ​ការ​បាន​មួយ​រយៈ​ហើយ អ៊ីចឹង​ត្រូវ​រៀបចំ​ឲ្យ​មាន​ត្រា​ផ្ទាល់​ខ្លួន»។

លោក​បញ្ជាក់​​ថា៖ ​«កាល​ណា​គណៈកម្មាធិការ CAMSOC មាន​យន្តការ​ដើរ​ហើយ គឺ​ត្រូវ​តែ​មាន​ត្រា​របស់​ខ្លួន ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​អនុលោមភាព​នៃ​ហិរញ្ញវត្ថុ​ផង និង​និយាម​​នៃ​រដ្ឋបាល​ផង គឺ​​បង្កើត​ឲ្យ​​ស្រប​គ្នា​​ទៅ​តាម​យន្តការ​ទាំង​អស់​ដែល​កំពុង​តែ​ដំណើរ​ការ និង​ឆ្ពោះ​ទៅ​រក​ស៊ីហ្គេម​។ បន្ថែម​លើ​នេះ ​យើង​នឹង​ប្រើ Logo របស់​ស៊ីហ្គេម​ធ្វើ​ជា Logo របស់ CAMSOC បន្ថែម​ទៀត ហើយ​ត្រា និង Logo នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ណែនាំ​ឲ្យ​យើង​សុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល គឺ​សម្តេច​តេជោ បន្ថែម​ទៀត»។

ជាមួយ​គ្នា​នេះ អង្គ​ប្រជុំ​របស់ CAMSOC ក៏​នឹង​ធ្វើ​ការ​កែ​សម្រួល​សេចក្តី​សម្រេច ដើម្បី​ដាក់​បញ្ចូល​នូវ​សមាសភាព​ថ្នាក់​ដឹកនាំ​ផ្នែក​កីឡា​ជនពិការ​ផង​ដែរ ព្រោះ​នៅ​ក្នុង​កិច្ច​ប្រជុំកាល​ពី​ថ្ងៃ​អង្គារ​នោះ លោក យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា (NPCC) បាន​ស្នើសុំ​ទៅ​លោក​ប្រធាន ទៀ បាញ់ ឲ្យ​បង្កើត​គណៈកម្មាធិការ​ជំនាញ​ដាច់​ដោយ​ឡែក​មួយ​ទៀត តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ CAMSOC ដដែល ដើម្បី​គ្រប់គ្រង​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម ដែល​ធ្វើ​នៅ​ក្រោយ​ការ​ប្រកួត​ស៊ីហ្គេម។

ជុំវិញ​បញ្ហា​នេះ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖ ​«យើង​​នឹង​​កែ​សម្រួល​សេចក្តី​សម្រេច​បន្ថែម​សមាសភាព ដើម្បី​បញ្ចូល​សមាសភាព​ផ្នែក​កីឡា​ជនពិការ គឺ​​យើង​នឹង​បញ្ចូល​សមាសភាព​ថ្នាក់​ដឹកនាំ ក៏​ដូចជា​រៀបចំ​រចនាសម្ព័ន្ធ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​មួយ​ទៀត ដើម្បី​ចូល​រួម​រៀបចំ​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម អ៊ីចឹង​យើង​នឹង​រៀបចំ​គណៈកម្មាធិការ​នេះ ឲ្យ​ស្មើ​ទៅ​នឹង​គណៈកម្មាធិការ​ជំនាញ​របស់ CAMSOC»៕

អត្ថបទគួរចាប់អារម្មណ៍