ភ្នំពេញ៖ ​ខណៈ​ផែនការ​សកម្មភាព​មួយ​ចំនួន​ត្រូវ​បាន​ជាប់​គាំង និង​ត្រូវ​បាន​ពន្យារពេល​ដោយសារ​វិបត្តិ​កូវីដ ​១៩​ ជា​លក្ខណៈ​សកល​នោះ គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ ​២០២៣ ហៅ​កាត់​ថា CAMSOC បាន​និង​កំពុង​តែ​ពិនិត្យ​ទៅ​លើ​ករណី​សំខាន់​ធំ​ចំនួន ​២ ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ឆមាសទី​២ ឆ្នាំ ​២០២០ ​នេះ​គឺ​ទី​១ ​ពិនិត្យ​វាយ​តម្លៃ​កំណត់​យក​ទីលាន​កីឡា​ប្រភេទ​លើ​ទឹក​ថ្មី​ចំនួន ​៣ ​កន្លែង​បន្ថែម​ទៀត ហើយ​​​ទី​២ ​ពិនិត្យ​ វាយ​តម្លៃ​ ព្រម​ទាំង​ភ្ជាប់​ទំនាក់ទំនង​ឡើង​វិញ​ នូវ​ប្រទេស​ជាង ​១០​ ដែល​គ្រោង​ទទួល​​អត្តពលិក​កម្ពុជា​ទៅ​ហ្វឹកហាត់​សម្រាប់​ត្រៀម​ស៊ីហ្គេម​ ​ឆ្នាំ ​២០២៣​​។​

ជាមួយ​គ្នា​នេះ​ដែរ ​គម្រោង​ចំណាយ​របស់​ CAMSOC​ ត្រូវ​បាន​កាត់​បន្ថយ​រហូត​ចំនួន ​៧០ ​ភាគរយ ​មាន​ន័យ​ថា ​ប្រតិបត្តិការ​សកម្មភាព​ដែល​​ផ្តោត​ទៅ​លើ​រដ្ឋបាល​ និង​បណ្តុះបណ្តាល​ផ្សេងៗ ​​គឺ​ចំណាយ​ត្រឹម ​៣០ ​ភាគរយ​ទេ នៃ​គម្រោង​ទាំង​មូល​។​

លោក​ វ៉ាត់​ ចំរើន ​អគ្គលេខាធិការ CAMSOC ​បាន​ប្រាប់​​ថា​ ពេល​នេះ​មាន​ប្រទេស​ចំនួន ​១២ ​ដែល​យើង​​បាន​ភ្ជាប់​ទំនាក់ទំនង​ក្នុង​ការ​ទទួល​យក​អត្តពលិក​កម្ពុជា​សម្រាប់​​ហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម​ឆ្នាំ ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​​ ហើយ​ដោយសារ​​កូវីដ ​១៩​ បាន​ធ្វើ​ឲ្យ​មាន​ការ​​ពន្យារពេល​ក្នុង​ការ​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​។​

ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក​ វ៉ាត់​ ចំរើន​ បាន​បញ្ជាក់​ថា​៖ «​ CAMSOC ​ដាក់​គោលដៅ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ជា​រឿង​សំខាន់​ ហើយ​កាល​បរិច្ឆេទ​ចុង​ក្រោយ​ គឺ​ខែ​វិច្ឆិកា ​នា​ចុង​ឆ្នាំ ​២០២០ នេះ​។ ប្រសិន​បើ​កូវីដ ​១៩ ​មាន​ការ​ថមថយ​នោះ​ កម្ពុជា​នឹង​បើក​យុទ្ធនាការ​បញ្ជូន​អត្តពលិក​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ក្នុង​ទ្រង់ទ្រាយ​ធំ​តែ​ម្តង​ ​ព្រោះ​ឆ្នាំ​ ២០២១ ​យើង​ត្រៀម​ចូល​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣១​ នៅ​វៀតណាម​ផង​ដែរ»​។

អគ្គលេខាធិការ NOCC រូប​នេះ ​បន្ថែម​ថា​ ​ប្រទេស​ជា​ដៃ​គូ​សហការ​ទទួល​យក​អត្តពលិក​កម្ពុជា​នោះ ​មាន​ដូច​ជា​ចិន (ច្រើន​ជាង​គេ)​​ កូរ៉េ ជប៉ុន ​ថៃ វៀតណាម​ ​និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាស៊ី​ អឺរ៉ុប ​និង​អាមេរិក ​គេ​ស្ម័គ្រ​ចិត្ត​ទទួល​យក​កីឡាករ​ កីឡាការិនី​កម្ពុជា​ទៅ​ហ្វឹកហាត់​ផង​ដែរ។

លោក វ៉ាត់ ចំរើន បាន​បន្ត​ថា៖ ​«​ចំណែក​​អត្តពលិក​កម្ពុជា​ ដែល​ត្រៀម​ខ្លួន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន ​១១០ ​នាក់​ ក្នុង​នោះ​មាន​ប្រភេទ​កីឡា​ ដែល​មាន​សក្ដានុពល​ដូចជា ​ប៉េតង់​ ចំបាប់ ​វូស៊ូ ​វ៉ូវីណាម ​តេក្វាន់ដូ​ សូហ្វតិន្នីស វាយ​កូន​បាល់ វាយសី​ និង​ប្រភេទ​កីឡា​ជា​ច្រើន​ទៀត។ ​មិន​តែ​ប៉ុណ្ណោះ​ ប្រភេទ​កីឡា​មួយ​ចំនួន ​ដែល​កន្លង​មក ​ពុំ​ធ្លាប់​ប្រជែង​បាន​មេដាយ​នោះ​ ក៏​កំពុង​តែ​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ដែរ​ ដូច​ជា ​ម៉ូតូទឹក ​ជា​ដើម»​។

តាម​កិច្ច​ប្រជុំ​វាយ​តម្លៃ​សកម្មភាព​ផែនការ​ឆមាស​ទី​២ ​ឆ្នាំ ​២០២០ ​លោក ​ថោង ​ខុន ​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC ​បាន​​ថ្លែង​ថា​ ក្រៅ​ពី​មជ្ឈមណ្ឌល​កីឡា​លើ​ទឹក​នៅ​ខេត្ត​កំពត ​យើង​មាន​ស្រាប់ ​គឺ​យើង​កំពុង​ពិនិត្យ​ទៅ​លើ​ទីលាន​ចំនួន ​៣ ​កន្លែង​ទៀត​ គឺ​ បឹង​តាមោក (ភ្នំពេញ)​ ​បឹង​ទឹក​សាប​កង្កែប ជិត​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ ​​និង​នៅ​ខេត្ត​កែប​ ដែល​តម្រូវ​ទៅ​លើ​កីឡា​ទ្រីយ៉ាត្លុង​ ​ដែល​យើង​ធ្លាប់​ប្រើប្រាស់​នៅ​ទីនោះ​ ព្រោះ​ប្រភេទ​កីឡា​លើ​ទឹក​ត្រូវ​ការ​ទីលាន​ច្រើន ដ្បិត​អី​ក្រៅ​ពី​ប្រកួត​ហែល​នៅ​មាន​​ប្រណាំង​ទូក ​(​ទូក​ប្រពៃណី​ ទូក​រ៉ូវឹង​ និង​កាយ៉ាក់)​ ប្រណាំង​​ម៉ូតូ​ទឹក​, ​ប្រណាំង​ទូក​ក្តោង​, ជិះ​ស្គី ​និង​កីឡា​ទ្រី​យ៉ាត្លុង (​រត់​ ជិះ​កង់ ​និង​ហែល​ទឹក​) ​​ជា​ដើម​។​

លោក ​ថោង ​ខុន ​ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​ផង​នោះ បាន​បន្ថែម​ថា៖ «​យើង​មាន​ទីលាន​កីឡា​លើ​ទឹក​នៅ​ខេត្ត​កំពត ​ប្រើប្រាស់​យូរ​ហើយ​ ប៉ុន្តែ​មិន​ទាន់​អាច​បម្រើ​ការ​ប្រកួត​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជា​អន្តរជាតិ​ដូច​ស៊ីហ្គេម​នេះ​បាន​នៅ​ឡើយ ​ហេតុ​នេះ​យើង​កំពុង​ពិនិត្យ​វាយ​តម្លៃ ​និង​ដាក់​ជូន​ប្រធាន CAMSOC ​និង​ក្រុម​បច្ចេកទេស​ពិនិត្យ​សម្រេច​ជា​ចុង​ក្រោយ ​ក្នុង​ការ​សម្រប​សម្រួល​ទីលាន​ឲ្យ​ត្រូវ​ខ្នាត​អន្តរជាតិ​»៕​​​