ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ហៅ​កាត់​ថា CAMSOC បានដាក់​ចេញ​នូវ​ផែនការ​ចំនួន​ ៥ ​ចំណុច​សម្រាប់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ រាជធានី-ខេត្ត​ទូទាំង​ប្រទេស​ឲ្យ​ចូលរួម​ទ្រទ្រង់​ចលនា​កីឡា និង​ធ្វើឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​សម្រាប់​ការត្រៀម​លក្ខណសម្បត្តិ​ឆ្ពោះ​ទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​នេះ​។

ផែនការ​យុទ្ធសាស្ត្រ​នេះ​ត្រូវ​បានដាក់​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០ របស់ CAMSOC ក្រោម​អធិបតីភាព​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ប្រធាន CAMSOC ព្រមទាំង​អនុប្រធាន​អចិន្រៃ្តយ៍​លោក ថោង ខុន និង​មានការ​ចូលរួម​ពី​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ភាគី​ពាក់ព័ន្ធ និង​តំណាង​រាជធានី-ខេត្ត នៅ​វិមាន​មិត្តភាព​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​។

ទោះបីជា​យ៉ាងណា​ប្រភព​ជាច្រើន​ចេញពី​សហព័ន្ធ​កីឡា​ជាតិ​នៅតែ​ពុំមាន​ជំនឿ ទៅលើ​ផែនការ​នោះទេ ដោយសារ​កន្លងមក​គណៈកម្មការ​ហិរញ្ញវត្ថុ​របស់ CAMSOC ស្ថិតនៅ​ឆ្ងាយ​ពី​ការចំណាយ​ពិត និង​ជាក់ស្តែង​របស់​សហព័ន្ធ​កីឡា​ជាតិ ព្រោះ​អស់​រយៈពេល​ជិត​ ១ ​ឆ្នាំ​មក​នេះ ពួកគេ​បាន​ជួបប្រទះ​ការលំបាក​បំផុត ហើយ​បញ្ហា​នេះ​បាន​នាំ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​មួយចំនួន​អស់ជំនឿ​។

សម្រាប់​ផែនការ​ទាំង​ ៥ ​ចំណុច​នោះ​គឺ​ទី​ ១ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​ពី​កម្ពុជា​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ទី ​២ រៀបចំ​ផ្លាស់ប្ដូរ​ឥរិយាបថ​ប្រជាជន​ក្នុង​មូលដ្ឋាន​លើ​ភាព​ស្អាត និង​បៃតង និង​កាត់បន្ថយ​ភាព​អសកម្ម​ក្នុង​សង្គម ទី​ ៣ រៀបចំ​អប់រំ​ប្រជាជន​ឲ្យ​ស្គាល់​តម្លៃ​នៃ​ការធ្វើ​សកម្មភាព​អប់រំ និង​កីឡា ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព​។

ចំណែក​ទី​ ៤ រៀបចំ​រូបសំណាក ឬ​ផ្ទាំង​ផ្សព្វផ្សាយ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​មហាជន កម្មវិធី​កីឡា កម្មវិធី​សិល្បៈ វប្បធម៌ អំឡុងពេល​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ហើយ​ទី​ ៥ សហការ និង​ជួយ​រៀបចំ​សកម្មភាព​របស់​គណៈកម្មាធិការ​ជាតិ ស៊ីហ្គេម​នៅ​រាជធានី-ខេត្ត​។

ទោះជា​យ៉ាងណា​ចំណុច​សំខាន់​នៃ​ការចំណាយ ដែល​មាន​គណៈកម្មការ​ហិរញ្ញវត្ថុ​នោះ​នៅ​មិនទាន់​ជំរុញ និង​សម្រួល​ឲ្យ​តំណាង​ខាង​សហព័ន្ធ​កីឡា​ជាតិ​មាន​ជំនឿ​នៅឡើយ​ទេ​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែងថា​៖ «​ផែនការ​សំខាន់​នេះ​នឹងត្រូវ​ដាក់ចេញ​សម្រាប់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ពិសេស​ថ្នាក់​រាជធានី-ខេត្ត​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ព្រមទាំង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ដើម្បី​ជ្រាប និង​ដឹង​នូវ​កាតព្វកិច្ច​របស់​ខ្លួន​គឺ​កីឡា​ដើម្បី​ទាំងអស់​គ្នា ហើយ​លុបបំបាត់​នូវ​រូបភាព​អវិជ្ជមាន​ក្នុង​សង្គមជាតិ និង​កសាង​កេរ្ដិ៍ឈ្មោះ និង​បង្ហាញ​សក្តានុពល​កម្ពុជា​ឲ្យ​បណ្ដា​ប្រទេស​លើ​សកលលោក​ស្គាល់​តាមរយៈ​ចូលរួម​ប្រកួត​ស៊ីហ្គេម​មាន​ភាពកក់ក្ដៅ និង​កោតសរសើរ​ដល់​ការធ្វើ​ម្ចាស់ផ្ទះ លើកដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក វ៉ាត់ ចំរើន ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​កម្ពុជា​ផង​នោះ បាន​បន្ថែមថា​៖ «​អ្វីដែល​ពិសេស គឺ​ការ​បំផុស​កម្មភាព​កីឡា​ផ្សារភ្ជាប់​ជាមួយ​ការផ្សព្វផ្សាយ​កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម​ឲ្យ​បាន​ទៅដល់​មូលដ្ឋាន​ទីកន្លែង​តាម ​រាជធានី-ខេត្ត​ទូទាំងប្រទេស​អ៊ីចឹង​នៅ​គ្រប់​វេទិកា សាធារណៈ និង​ការជួបជុំ​នានា គឺ​អង្គប្រជុំ​ត្រូវមាន​ប្រសាសន៍​ពី​ស៊ីហ្គេម​លើក​ទី​ ៣២ ដែល​នឹង​ត្រូវធ្វើ​ពីថ្ងៃ​ទី​ ៥ ដល់​ថ្ងៃទី​ ១៥ ខែ​ឧសភា ឆ្នាំ​ ២០២៣»​។

ជាមួយ​គ្នា​នេះ​លោក ទៀ បាញ់ បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​វឌ្ឍនភាព​ការងារ​របស់ CAMSOC ក្នុង​ឆ្នាំ​ ២០១៩ និង​ការដាក់ចេញ​នូវ​ផែនការ​ការងារ​ថ្មីៗ​សម្រាប់​អនុវត្ត​បន្ដ​ក្នុង​ឆ្នាំ​ ២០២០ ដែលជា​ជំហាន​មួយ​ដ៏សំខាន់ ពិសេស​ផែនការ​សម្រាប់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ រាជធានី-ខេត្ត​ទូទាំង​ប្រទេស​ដែល​សុទ្ធតែ​មាន​ភារកិច្ច​ដូចគ្នា ដើម្បី​សហការ​ឆ្ពោះទៅរក​ភាព​ជោគជ័យ​ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​ ២០២៣​។

យ៉ាងណា​ក៏ដោយ​តាមរយៈ​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​តំណាង​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​ ៣ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​គឺ​ពួកគាត់​បាន​និយាយ​រិះគន់​ពី​កម្មវិធី​ចំណាយ​របស់ CAMSOC កាលពី​ឆ្នាំ​ ២០១៩ ព្រោះ​ការចំណាយ​ទៅលើ​ធនធាន​បណ្តុះបណ្តាល​មិន​សម​ទៅនឹង​ស្ថានភាព​ការចំណាយ​ជាក់ស្តែង​គឺ​ចំនួន​តិចតួច ហើយ​ត្រូវ​ប្រើពេល​ច្រើន​ខែ​ទៀត​ទើប​បើក​ថវិកា​នោះបាន ដែល​នេះ​ជា​ទម្លាប់​ចាស់គំរឹល​មួយ​គួរតែ​មាន​កំណែទម្រង់​។ ហេតុនេះ​ពួកគាត់​នៅតែ​មិនទាន់​មាន​ភាពជឿជាក់​ទៅ​លើ​គណៈកម្មការ​ហិរញ្ញវត្ថុ​របស់​ CAMSOC នៅឡើយ​៕