ភ្នំពេញ៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ីហ្គេម) លើក​ទី​៣២ ឆ្នាំ ​២០២៣​ ​ហៅ​កាត់​ថា ​CAMSOC​ បាន​កំណត់​យក​ថ្ងៃ​សុក្រ ​ទី ​៧ ​ខែ ​សីហា​ ឆ្នាំ ​២០២០ ​​ដើម្បី​ប្រារព្ធ​កម្មវិធី​ជា​ផ្លូវ​ការ​ដ៏​ធំ​មួយ​ គឺ​ការ​ប្រកាស​ពាន​រង្វាន់​ជូន​​ជយលាភី​ដល់​បេក្ខជន​ដែល​ឈ្នះ​ស្លាក​សញ្ញា​ ឬ​និមិត្តសញ្ញា​ស៊ីហ្គេម​លើក​ទី​៣២ និង​ស្លាក​សញ្ញា​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​១១ ឆ្នាំ ​២០២៣ ព្រម​ទាំង​ពិធី​រាប់​ថយ​ក្រោយ​ ១ ​០០០ ​ថ្ងៃ។

កម្មវិធី​ដ៏​ធំ​នេះ ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ខណ្ឌ​ជ្រោយ​ចង្វារ រាជ​ធានី​ភ្នំពេញ​ ដោយ​មាន​ការ​ចូលរួម​ពី​​លោក​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ទៀ បាញ់ ដែល​ជា​ប្រធាន CAMSOC ហើយ​ស្ថាប័ន​ជំនាញ​មួយ​នេះ បាន​កំណត់​យក​ការ​រាប់​ថយ​ក្រោយ​ ​១ ០០០ ថ្ងៃ​ ឲ្យ​​ដល់​ថ្ងៃទី ​៥ ​ខែ ​ឧសភា​ ឆ្នាំ ​២០២៣​ ដើម្បី​​បង្ហាញ​ជា​ពាក្យ​ស្លោក​របស់​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​ គឺ​កីឡា​រស់​ក្នុង​សន្តិភាព​​។​

លោក ​វ៉ាត់ ​ចំរើន ​ជា​អគ្គ​លេខាធិការ​ CAMSOC បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ថា​ CAMSOC​ គ្រោង​រៀបចំ​កម្មវិធី​នៅ​ថ្ងៃ​សុក្រ​ ទី ​៧ ខែ ​សីហា​ ​ឆ្នាំ ​២០២០ នា​វេលា​ម៉ោង ​៥​ ល្ងាច​ ហើយ​កម្មវិធី​សំខាន់ៗ​រួមមាន​ របាំ​ជូនពរ​, សុន្ទរកថា​ស្វាគមន៍​ដោយ​លោក​​បណ្ឌិត ​ថោង ​ខុន ​អនុ​ប្រធាន​អចិន្រ្តៃយ៍​ CAMSOC, ​មតិ​សំណេះ​សំណាល​ និង​ការ​ផ្តល់​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧបនាយក​រដ្ឋមន្រ្តី ​ទៀ បាញ់​, ពិធី​ប្រកាស​បេក្ខជន​ បេក្ខនារី ​ដែល​ជា​ម្ចាស់​ជយលាភី ស្លាក​សញ្ញា​និមិត្តសញ្ញា​ស៊ីហ្គេម​លើកទី​៣២ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​១១ ឆ្នាំ ​២០២៣ ​ព្រម​ទាំង​ជូន​រង្វាន់​លើក​ទឹក​ចិត្ត​។

លោក ​វ៉ាត់​ ចំរើន ជា​អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) ផង​នោះ ​បាន​បន្ថែម​ថា៖ ​«​កម្មវិធី​យើង​ មាន​សម្តែង​សិល្បៈ និង​ពិធី​រាប់​ថយ​ក្រោយ​ចំនួន ​១ ​០០០ ​ថ្ងៃ​ ដោយ​សន្ធឹក​ស្គរជ័យ​​ អបអរ​សាទរ​ ចំពោះ​ពាក្យ​ស្លោក​របស់​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​​ដែល​យើង​បាន​ជ្រើសរើស​ថា​ កីឡា​រស់​ក្នុង​សន្តិភាព​ ឬ SPORT LIVE IN PEACE»។​

ជាមួយ​គ្នា​នេះ​ដែរ ​កម្មវិធី​ក៏​បាន​បូក​បញ្ជូល​នូវ​ការ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម (​កីឡា​ជនពិការ​) ​លើក​ទី​១២​ ឆ្នាំ ​២០២៣​ បន្ទាប់​ពី​បញ្ចប់​ស៊ីហ្គេម​លើក​ទី​៣២​ រយៈ​​ពេល​ជាង ​១០ ​ថ្ងៃ​ផង​ដែរ ​ដោយ​​មាន​កាល​បរិច្ឆេទ​ពី​ថ្ងៃ​ទី ​១ ​ដល់​ថ្ងៃទី ​១០ ​ខែ ​មិថុនា ​ឆ្នាំ ​២០២៣​។​

លោក​ យី​ វាសនា​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​រង​ CAMSOC​ មិន​អាច​សុំ​សម្ភាស​បាន ​ប៉ុន្តែ​លោក ​ម៉ៅ​ សុជា​ ប្រធាន​រដ្ឋបាល​នៃ​កីឡា​ជន​ពិការ ​បាន​ឲ្យ​ដឹង​ថា​ ​កីឡាករ​ជន​ពិការ​បច្ចុប្បន្ន​មាន​ចំនួន ​១៦ ​ប្រភេទ ​ហើយ​មាន​សកម្មភាព​ខ្លាំង​ចំនួន ​៩ ​ប្រភេទ ​ដើម្បី​ត្រៀម​ជា​បណ្តើរៗ​ សម្រាប់​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម ​ឆ្នាំ ​២០២៣​។

លោក ​ម៉ៅ ​សុជា​ បន្ថែម​ថា​៖ «​តាម​គោលការណ៍​ច្បាប់​របស់​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​ ដែល​ម្ចាស់​ផ្ទះ​រៀប​ចំ ​គឺ​មិន​​អាច​មាន​ប្រភេទ​កីឡា​តិច​ជាង​ប្រទេស​ម្ចាស់​ផ្ទះ​រៀបចំ​មុនៗ​នោះទេ​ គឺ​មាន​ន័យ​ថា ​បើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​នៅ​វៀតណាម​មាន​ ១៦​ ប្រភេទ គឺ​​អ្នក​រៀបចំ​ក្រោយ​បន្ត​បន្ទាប់ ត្រូវ​តែ​ច្រើន​ជាង​ ហេតុ​នេះ​កម្ពុជា​នឹង​រង់ចាំ​មើល​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១១​ ឆ្នាំ​ ២០២១​ នៅ​ប្រទេស​វៀតណាម​ សិន»​៕​