ក្រុម​កាយវប្បកម្ម (បង្ហាញ​សាច់ដុំ) ដែល​ធ្លាប់មាន​ស្នាដៃ ដណ្តើម​មេដាយមាស ប្រាក់ និង​សំរឹទ្ធ ពី​ការប្រកួត​ជើងឯក​ពិភពលោក​ជូន​ជាតិ​នោះ ត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី ៣២ ឆ្នាំ ២០២៣ (CAMSOC) និង​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ដាក់ឱ្យ​ចូលរួម​នៅក្នុង​ការប្រកួត​ស៊ីហ្គេម​ជាថ្មី ដែល​នឹង​ត្រូវធ្វើ​នៅ​ប្រទេស​វៀតណាម​នាចុងឆ្នាំ ២០២១ នេះ ហើយ​មន្ត្រី​ជំនាញ​របស់ CAMSOC មាន​ការជឿជាក់ថា ក្រុម​កាយ​វប្បកម្ម​អាច​នឹង​ឈ្នះ​បាន​មេដាយមាស​ជូន​ជាតិ។

បើទោះបីជា សហព័ន្ធ​កីឡា​កាយវប្បកម្ម​កម្ពុជា​មាន​ការបែកបាក់​ផ្ទៃក្នុង​ ដោយសារ​តែ​ការដឹកនាំ​គ្រប់គ្រង ពេល​ខ្លះ​ធ្វើឱ្យ​កីឡាករ​មិន​សប្បាយចិត្ត​ជាមួយ​ប្រាក់រង្វាន់ នៅពេល​ពួកគេ​ឈ្នះ​បាន​មេដាយ​កន្លងមក ប៉ុន្តែ​ក្រោម​ការសម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) អគ្គនាយកដ្ឋាន​កីឡា និង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ធ្វើឱ្យ​សហព័ន្ធ​នេះ​មាន​ការបង្រួបបង្រួម​គ្នា​ឡើងវិញ តែ​បាន​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ ដោយបាន​តែងតាំង​ម្ចាស់​មេដាយប្រាក់​ពិភពលោក តឹក ប៊ុនវី ឱ្យ​ឡើង​ធ្វើជា​ប្រធាន​សហព័ន្ធ​ជំនួស​តំណែង​ជា​អគ្គលេខាធិការ។

ជាមួយ​គ្នា​នេះ​សហព័ន្ធ​កីឡា​កាយវប្បកម្ម​កម្ពុជា​ត្រូវ​បាន​ក្រសួង​អប់រំ អនុញ្ញាត​ឱ្យ​មានការ​ប្រមូល​ផ្តុំ គ្រូបង្វឹក និង​ក្រុម​អត្តពលិក​ចំនួន ៥ នាក់​នៅ​ឆ្នាំ ២០២១ នេះ ប៉ុន្តែ​នៅក្នុង​បេក្ខភាព​ទាំងនេះ គ្មាន​វត្តមាន​កីឡាករ​ជា​បងប្អូន​បង្កើត សំបូរ ណាន និង សំបូរ សោភ័ណ្ឌ ដែល​ធ្លាប់​ឈ្នះ​បាន​មេដាយមាស​ជើងឯក​ពិភពលោក​ជូន​ជាតិ​កន្លងមក​នោះទេ។

ជុំវិញ​បញ្ហា​នេះ​លោក សុខ វណ្ណៈ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយវប្បកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «យើង​បាន​ទាក់ទង​ទៅ​ពួកគាត់​ដែរ ប៉ុន្តែ​កីឡាករ សំបូរ ណាន, សំបូរ សោភ័ណ្ឌ, សំបូរ នន់ និង​កីឡាករ​មួយ​ចំនួន​ទៀត ដែល​ល្បីៗ​នោះ​បាន​ប្រាប់​មកវិញ​ថា ពួកគាត់​ចាស់ និង​ឈប់​ហាត់​អស់​ហើយ គឺ​ពួកគាត់​បាន​ប្តូរ​ទៅ​ប្រកប​មុខរបរ​ផ្សេង​ដោយ​បាន​ហាត់ប្រាណ​ធម្មតាៗ ដើម្បី​ត្រឹម​សុខភាព»។

យ៉ាងណាក៏ដោយ លោក សុខ វណ្ណៈ បាន​អះអាង​ថា កីឡាករ​ទាំង ៤ នាក់ ដែល​ត្រូវបាន​ដាក់ឱ្យ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​ជាមួយ​លោកគ្រូ ចាប វ៉ាននី រួមមាន​កីឡាករ កែវ សំណាង, ទ្រីង ចាន់, អ៊ុន បូរ៉ាត់ និង​កីឡាករ អ៊ិត សុធា សម្រាប់​ត្រៀម​ការប្រកួត​ស៊ីហ្គេម​លើក​ទី ៣១ នៅ​វៀតណាម​ឆ្នាំ​នេះ ក៏​មាន​សមត្ថភាព​ល្អ​ផងដែរ ហើយ​ទោះ​ស្ថិតក្នុង​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ១៩ ក៏ដោយ ក៏​ពួកគេ​បាន​ហ្វឹកហាត់​យ៉ាងសកម្ម នៅ​ទីលាន​ហ្វឹកហាត់ ១ កន្លែង​លើ​ផ្សារ​សំណង់១២ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស។

អគ្គលេខាធិការ​រូបនេះ បាន​បន្ថែមថា៖ «កីឡាករ​ទាំង ៤ នាក់​ដែល​ដាក់ឱ្យ​ហ្វឹកហាត់ ត្រៀម​ការប្រកួត​ស៊ីហ្គេម​នេះ ក៏​ស្ថិត​នៅក្នុង​ក្តីសង្ឃឹម​ផងដែរ ព្រោះ​ពួកគាត់​ធ្លាប់​បាន​ឈ្នះ​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ក្នុង​ការប្រកួត​អន្តរជាតិ កន្លងមក ហើយ​ពេលនេះ​ពួកគាត់​បាន​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាងសកម្ម ដើម្បី​ធ្វើឱ្យ​សាច់ដុំ​កាន់តែ​ល្អ​ថែមទៀត»។

ចំណែក​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែងថា ៖ «កីឡា​កាយវប្បកម្ម​ជា​ប្រភេទ​កីឡា មាន​សក្តានុពល​ល្អ​អាច​មាន​សមត្ថភាព​ដណ្តើម​មេដាយ​ណាមួយ​ជូន​កម្ពុជា ព្រោះ​តាម​លទ្ធផល​ប្រកួត​កន្លងមក ពួកគាត់​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ​គួរឱ្យ​កត់សម្គាល់។ ហេតុនេះ សម្រាប់​ស៊ីហ្គេម​នៅ​ប្រទេស​វៀតណាម​ឆ្នាំ​នេះ និង​ស៊ីហ្គេម​នៅ​កម្ពុជា ឆ្នាំ ២០២៣ យើង​ហ៊ាន​វាយតម្លៃថា នឹង​មាន​ការប្រកួតប្រជែង​ក្នុង​លំដាប់​ជួរមុខ»។

លោក វ៉ាត់ ចំរើន ដែលជា​អគ្គលេខាធិការ NOCC ផង​នោះ​បាន​បន្ថែមថា៖​«កីឡា​កាយវប្បកម្ម​ពេល​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​តែងតែ​ឈ្នះ​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ ហេតុនេះ​ក្នុង​កម្រិត​ស៊ីហ្គេម​លើក​នេះ យើង​ក៏​នៅតែ​មាន​ទំនុកចិត្ត​ថា ទទួល​ផល​ល្អ​ដែរ ដោយ​យើង​ព្យាករ​ថា នឹង​អាច​ដណ្តើម​បាន​មេដាយមាស ២ គ្រឿង ព្រោះ​សហព័ន្ធ​កីឡា​កាយវប្បកម្ម បាន​ជ្រើសរើស​កីឡាករ​ជើង​ខ្លាំង មក​ហ្វឹកហាត់​ឡើងវិញ ត្រៀម​ការប្រកួត​នេះ»។

តាម​ការបញ្ជាក់​ពី​លោក តឹក ប៊ុនវី ជា​ប្រធាន​សហព័ន្ធ​បាន​ឱ្យ​ដឹងថា សម្រាប់​លទ្ធផល​នៃ​ការប្រកួត​កន្លងមក ក្រុម​កាយវប្បកម្ម​ធ្លាប់​ឈ្នះ​បាន​មេដាយមាស ៥ ប្រាក់ ៣ និង​សំរឹទ្ធ ២ ពី​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ ចំណែក​ការប្រកួត​ជើងឯក​ពិភពលោក យើង​ធ្លាប់​ឈ្នះ​បាន​មេដាយមាស​ ២ ប្រាក់ ១ និង​មេដាយ​សំរឹទ្ធ ២ គ្រឿង៕