ភ្នំពេញ៖ ​គណៈកម្មការ​អចិន្ត្រៃយ៍​​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​​កីឡា​អាស៊ីអាគ្នេយ៍​លើកទី ​៣២ ឆ្នាំ ​២០២៣ (CAMSOC) នឹង​កោះ​ហៅ​អ្នក​ពាក់ព័ន្ធ​ឱ្យ​ចូល​រួមប្រជុំ​នៅ​ដើម​សប្តាហ៍​នេះ ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​បណ្ឌិត ​ថោង ​ខុន ​​ដើម្បី​​ត្រួត​ពិនិត្យ​វាយ​តម្លៃ​ និង​តម្រង់​ទិស​ការងារ​ចំបាច់​ចំនួន ​២ ​គឺ​ទី១ ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​លើ​ការ​រៀបចំ​ប្រកួត​របស់​កីឡា​ជន​ពិការ​​ឈ្មោះ​ថា ​អាស៊ាន​ ប៉ារ៉ាហ្គេម​ លើក​ទី​១២ ​ដែល​កម្ពុជា​ត្រូវ​​ធ្វើ​ម្ចាស់​ផ្ទះ ​ក្រោយ​ស៊ីហ្គេម ​ឆ្នាំ ​២០២៣​ ហើយ​ទី​២ ​ត្រួតពិនិត្យ​វាយ​តម្លៃ​ចំពោះ​គណៈកម្មការ​ដឹក​ជញ្ជូន​ការ​ហូប​ចុក ​និង​ស្នាក់នៅ​។

លោក​បណ្ឌិត ​ថោង ​ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ ​CAMSOC ​ថ្លែង​ប្រាប់​​ថា​៖ «នៅ​​សប្តាហ៍​នេះ​ ​ CAMSOC នឹង​មាន​របៀបវារៈ​ចំនួន ​២ ​ទៀត ​ដាក់​ឆ្លង​គណៈ​អចិន្ត្រៃយ៍​ ខណៈ​ដែល​សប្តាហ៍​មុន ​យើង​បាន​សម្រេច​យល់ព្រម​ជា​គោលការណ៍​នូវ​ទីតាំង​ទីលាន​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​មួយ​ចំនួន​ទៅ​តាម​ជំនាញ​របស់​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​»។

លោក​បាន​បន្ថែម​ថា៖ ​«ចំណែក​នៅ​សប្តាហ៍​នេះ​ CAMSOC នឹង​ប្រជុំ​​ពិនិត្យ​វាយ​តម្លៃ និង​​រៀបចំ​តម្រង់​ទិស​ទៅ​លើ​​ប្រភេទ​កីឡា​ជន​ពិការ ​ដែល​នឹង​រៀបចំ​ប្រកួត ​ក្រោយ​ពេល​ស៊ីហ្គេម​លើក​ទី​៣២​ បាន​បិទ​បញ្ចប់​។ ​ជាមួយ​គ្នា​នេះ​ កីឡា​ប៉ារ៉ាហ្គេម​លើក​ទី​១២ ​ឆ្នាំ ​២០២៣​ នឹង​បន្ត​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​របស់​កម្ពុជា​ដែរ​ ហើយ​គណៈកម្មការ​រៀបចំ​ប្រកួត​​អាស៊ាន​ប៉ារ៉ាហ្គេម​នេះ ​គឺ​យើង​ប្រើប្រាស់​ធនធាន និង​​រចនា​សម្ព័ន្ធ​ ដែល​មាន​ស្រាប់​​របស់​ CAMSOC ​អ៊ីចឹង​​គណៈកម្មការ​អាស៊ាន​ប៉ារ៉ាហ្គេម​ ក៏​ជា​ផ្នែក​មួយ​ក្នុង​ CAMSOC ​ដែរ ​គឺ​មាន​ឯកឧត្តម ​យី ​វាសនា​ ជា​អគ្គលេខាធិការ​កីឡា​ជន​ពិការ​ និង​​ជា​អគ្គ​លេខាធិការ​រង ​CAMSOC»​។​

ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) លោក​បណ្ឌិត ​ថោង ​ខុន ​ប្រាប់​​បន្ថែម​ទៀត​​ថា​៖ «​ចំពោះ​របៀបវារៈ​ទី​២​ CAMSOC នឹង​​ពិនិត្យ​វាយ​តម្លៃ​ជំរុញ​​ទៅ​លើ​ការងារ​សកម្មភាព​របស់​គណៈ​កម្មការ​ដឹក​ជញ្ចូន​​ការ​ហូប​ចុក​ស្នាក់នៅ​ ​ព្រោះ​ក្រុម​ជំនាញ​ការងារ​នេះ ​គប្បី​ស្គាល់​ភូមិសាស្ត្រ​ ទីតាំង ​ទីលាន​ ព្រម​ទាំង​ពេល​វេលា​​ឱ្យ​​បាន​ច្បាស់​ ទើប​ការងារ​ផ្សារ​ភ្ជាប់​គ្នា​​មាន​ប្រសិទ្ធភាព​ខ្ពស់​»។​

ចំណែក​លោក ​យី ​វាសនា​ ​មិន​ទាន់​​អាច​លម្អិត​បាន​​​ទេ ​ពី​ប្រភេទ​កីឡា​ជន​ពិការ​នេះ​ ​ដោយ​លោក​បញ្ជាក់​ថា​ ចាំ​ប្រជុំ​ហើយ​សិន​ ខណៈ​​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​កម្ពុជា​នេះ នឹង​​ចាប់​ប្រកួត​ពី​ថ្ងៃទី ​១ ​ដល់​ថ្ងៃ​ទី ​១០​ ខែ​ មិថុនា ​ឆ្នាំ ​២០២៣ ​​ដោយ​ប្រើប្រាស់​គណៈកម្មការ​មាន​ស្រាប់​របស់ CAMSOC។​

លោក ​វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ​ CAMSOC ​​បាន​ប្រាប់​​ថា​៖ «​កិច្ច​ប្រជុំ​នេះ​ នឹង​ប្រារព្ធ​ធ្វើ​​នៅ​ថ្ងៃ​ពុធ ​​ដើម​សប្តាហ៍​នេះ​ ​ហើយ​​របៀបវារៈ​ធំ​ចំនួន ​២ ​ដែល​សំខាន់​ គឺ​វឌ្ឍនភាព​របស់​កីឡា​ជន​ពិការ​ និង​ជំរុញ​ផ្សារ​ភ្ជាប់​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មការ​ទីលាន​ការ​​ហូប​ចុក​ស្នាក់នៅ​នេះ​ឱ្យ​​បន្ស៊ី​ជាមួយ​ប្រភេទ​កីឡា ​ក្នុង​នោះ​មាន​ពេល​វេលា​ប្រកួត​ ដើម្បី​ជា​មធ្យោបាយ​ឱ្យ​​សកម្មភាព​ប្រកួត​ទៅ​មាន​លក្ខណៈ​រលូន​។​ ហេតុ​នេះ​ពេល​វេលា​ហូប​ចុក ​ស្នាក់នៅ ​និង​ពេល​វេលា​ប្រកួត​ត្រូវ​តែ​ដឹង​ឱ្យ​​បាន​ច្បាស់​ ព្រោះ​ជា​ការ​​ប្រកួត​ក្នុង​កម្រិត​ស្តង់ដា​អន្តរជាតិ ​ព្រម​ទាំង​ជា​មុខ​មាត់​​របស់​កម្ពុជា ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​»​៕

​​