ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ហៅកាត់ថា CAMSOC បានសម្រេចក្នុងអង្គប្រជុំកាលពីសប្តាហ៍មុន ដើម្បីពង្រឹង និងជំរុញឱ្យគណៈកម្មការជំនាញជួបជុំពិភាក្សាគ្នា លើការត្រៀមរៀបចំមហាសន្និបាត និងសិក្ខាសាលាថ្នាក់ជាតិ ដែលត្រូវធ្វើនៅថ្ងៃចន្ទនេះ។
កិច្ចប្រជុំប្រចាំសប្តាហ៍ ដែលបានធ្វើកាលពីថ្ងៃទី ១២ ខែមករា កន្លងមកនេះ គឺដើម្បីប្រសិទ្ធភាពក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ ព្រមទាំងផ្តោតទៅលើការត្រួតពិនិត្យមើលលើឯកសារនៃនីតិវិធី និងសកម្មភាព ដើម្បីឈានទៅអនុវត្តតាមវិធានការជំនាញក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩។
ចំណែកមហាសន្និបាត និងសិក្ខាសាលាថ្នាក់ជាតិ នឹងមានការចូលរួមពីផ្នែកបរិស្ថាន នគរបាលជាតិ ក្នុងការកាត់បន្ថយឥទ្ធិពលគ្រឿងញៀនចរាចរណ៍ សណ្តាប់ធ្នាប់អនាម័យជាដើម ដែលអ្នកជំនាញទាំងនោះ នឹងធ្វើបទបង្ហាញជូនដល់មតិជាតិ និងអន្តរជាតិ ស្តីពីការត្រៀមខ្លួនឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេមជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ។
យ៉ាងណាក៏ដោយ មហាសន្និបាតនេះ បានកំណត់ឲ្យមានអ្នកចូលរួមត្រឹម ២០០ នាក់ចុះក្រោម ហើយសន្និបាតនេះ នឹងបង្ហាញពីការបូកសរុបលទ្ធផលការងារឆ្នាំ ២០២០ និងលើកទិសដៅ ឆ្នាំ ២០២១ ព្រមទាំងដោះស្រាយបញ្ហា ដែលគណៈកម្មការជំនាញរបស់ខ្លួននីមួយៗជួបប្រទះ រីឯសិក្ខាសាលាថ្នាក់ជាតិវិញ នឹងផ្តោតសំខាន់ទៅលើយុទ្ធនាការជាតិឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានលើកឡើងថា នៅក្នុងមហាសន្និបាតនេះ CAMSOC នឹងធ្វើរបាយការណ៍លម្អិតជូនទៅដល់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាកីឡាអាស៊ី និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដើម្បីបង្ហាញជូននូវវឌ្ឍនភាពការងារ និងការត្រៀមខ្លួនរបស់យើង ហើយរបាយការណ៍វឌ្ឍនភាពការងារនេះ គឺការស្វែងរកការគាំទ្រមួយនៅក្នុងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះ ដែលអាចចាត់ទុកជាប្រវត្តិសាស្ត្រ ព្រោះយើងមិនធ្លាប់បានធ្វើ។
លោកបានបន្តថា៖ «នៅក្នុងមហាសនិ្នបាត និងសិក្ខាសាលាថ្នាក់ជាតិនាថ្ងៃទី ១៨ ខែមករាដែលគ្រោងធ្វើក្នុងរយៈពេល ៥ ម៉ោងនេះ នឹងជួយជំរុញបន្ថែមដល់ភាគីពាក់ព័ន្ធទាំងអស់ស្របតាមផែនការយុទ្ធសាស្ត្រ និងសុំនូវគោលការណែនាំបន្ថែមពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដែលឆ្នាំ ២០២១ គឺជាឆ្នាំកំណត់នូវពេលវេលាចាប់ផ្តើម ដើម្បីឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣»។
អ្នកជំនាញកីឡារូបនេះ បានបន្ថែមថា គណៈកម្មការជំនាញទាំងអស់នឹងត្រូវចាប់ផ្តើមធ្វើការងារចាប់ពីឆ្នាំ ២០២១ នេះ ហើយក្នុងឆ្នាំ ២០២២ គឺជាឆ្នាំត្រៀមលក្ខណៈឲ្យបានរួចរាល់ តាមរយៈការប្រកួតមុនស៊ីហ្គេម ឬហៅថា Pre-SEA Games ចំណែកឆ្នាំ ២០២៣ គឺជាឆ្នាំស៊ីហ្គេមតែម្តង ដែលទាំងអស់នេះ គឺជាផែនការយុទ្ធសាស្ត្ររបស់យើង ដោយមានភាពច្បាស់លាស់ស្របតាមផែនការមេរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល CAMSOC ត្រូវបង្កើតឡើងកាលពីឆ្នាំ ២០១៦។
លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្រៃ្តយ៍ CAMSOC និងជាប្រធាន NOCC បានលើកឡើងថា៖ «អ្វីដែលសំខាន់នៅក្នុងដំណាក់កាលនីមួយៗ គឺគ្រប់កិច្ចការងារទាំងអស់ត្រូវបានត្រួតពិនិត្យតាមដាន វាយតម្លៃយ៉ាងហ្មត់ចត់ ពីគណៈកម្មាធិការរបស់ CAMSOC ហើយបេសកកម្មនឹងប្រព្រឹត្តទៅដោយតម្លាភាព និងវឌ្ឍនភាពច្បាស់លាស់ ដែលជាក្តីសង្ឃឹមនៃភាពជោគជ័យរបស់កម្ពុជានាឆ្នាំ ២០២៣»៕