ភ្នំពេញ៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ ​២០២៣ (CAMSOC) បាន​​ឯកភាព​គ្នា​នឹង​​​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ ដើម្បី​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​​ពី​យុទ្ធនាការ​​ស៊ីហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២ ឆ្នាំ ​២០២៣ ឱ្យ​បាន​ដល់​ទូទាំង​ប្រទេស ហើយ CAMSOC ក៏​មាន​គម្រោង​ពង្រីក​វិសាលភាព​នៃ​​គណៈកម្មការ​ទីផ្សារ និង​ចលនូបត្ថម្ភ ដើម្បី​រក​ចំណូល​មក​ទ្រទ្រង់​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​នេះ​ផង​ដែរ។

នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ លោក​បណ្ឌិត ថោង ខុន អនុ​ប្រធានអចិន្រៃ្តយ៍ CAMSOC បាន​លើក​យក​របៀបវារៈ​ទាំង ​២ ​នេះ មក​ពិភាក្សា​គ្នា ​ទី​១ គឺ​ការ​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​អប់រំ​សង្គម និង​បើក​យុទ្ធនាការ​ផ្សេងៗ​ទៀត​ក្នុង​​គោលដៅ​បញ្ជ្រាប​​ការ​ផ្សព្វផ្សាយ​អប់រំ​ឱ្យ​បាន​កាន់​ទូលំទូលាយ ជុំវិញ​ផែនការ​​ឆ្ពោះ​ទៅ​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ ​២០២៣ នៅ​កម្ពុជា។

ចំណែក​​ទី​២ គឺ​ពិនិត្យ​លើ​យន្តការ​នៃ​ការ​ស្វែង​រក​ធនធាន​ជួយ​ដល់​ព្រឹត្តិការណ៍​នេះ តាមរយៈ​ការ​រក​ចំណូល​បន្ថែម​នៃ​ទីផ្សារ​កីឡា និង​ការ​ស្វែង​រក​ចលនូបត្ថម្ភ (ស្វែង​រក​ម្ចាស់​ឧបត្ថម្ភ) ហើយ លោក ថោង ខុន បាន​ឯកភាព​ចំពោះ​គម្រោង និង​សមាសភាព​បន្ថែម​របស់​គណៈកម្មការ​ទីផ្សារ និង​ចលនូបត្ថម្ភ ដោយ​នឹង​ស្វែង​រក​អ្នក​ជំនាញ​ពី​ក្រៅ​ប្រទេស​ មក​ជួយ​ដល់​គណៈកម្មការ​ជំនាញ​នេះ។

ចំពោះ​ការ​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ ដែល​គ្រោង​​​ធ្វើ​ថ្ងៃទី ​១៦ ខែ ​ធ្នូ ឆ្នាំ ​២០២០ នៅ​សណ្ឋាគារ Garden City រាជធានី​ភ្នំពេញ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង ក្រោយ​កិច្ច​ប្រជុំ​នោះ​ថា៖ ​«ការ​រៀបចំ​សិក្ខាសាលា​នេះ ពិត​ជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​​បើ​យើង​មិន​រៀបចំ​ទេ យើង​មិន​ទទួល​បាន​នូវ​ធាតុ​ចូល និង​មិន​ទទួល​បាន​នូវ​ការ​ចាប់​ផ្តើម​មួយ​ទូទាំង​ប្រទេស​នោះ​ទេ ដូច្នេះ​​សិក្ខាសាលា​នេះ ​នឹង​ធ្វើឱ្យ​យុទ្ធនា​ការ​ទាំង​អស់​របស់​យើង ​បញ្ជ្រាប​ទៅ​ដល់​ទូទាំង​ប្រទេស»។

ជាមួយ​គ្នា​នោះ លោក​បណ្ឌិត ថោង ខុន បាន​ដឹកនាំ ដើម្បី​ប្រើប្រាស់​យន្តការ​នានា ដែល​ត្រូវ​ធ្វើ​ក្នុង​អំឡុង​យុទ្ធនាការ​អប់រំ​សង្គម ប្រជាជន​ម្នាក់​លេង​កីឡា ​១ មុខ កម្ពុជា​ស្អាត បដិសណ្ឋាកិច្ច​ល្អ ការ​កាត់​បន្ថយ​គ្រឿង​ញៀន និង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​កំណត់​​​រួម​គ្នា​ថា ជា​យុទ្ធនាការ​ឆ្ពោះ​ទៅ​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ ​២០២៣ ហើយ​​​ភាគី​ពាក់ព័ន្ធ​មាន​​តំណាង​ក្រសួង​បរិស្ថាន និង​​​នគរបាល​ជាតិ សុទ្ធ​តែ​​យល់​ច្បាស់​ពី​គោលដៅ​ និង​​ខ្លឹមសារ​សិក្ខាសាលា​ថ្នាក់​ជាតិ​នេះ។

យ៉ាង​ណា​ក៏​ដោយ ​សិក្ខាសាលា​ថ្នាក់​ជាតិ​​នេះ នឹង​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​របស់​រាជ​រដ្ឋាភិបាល ដោយ​​​ប្រមូល​ផ្តុំ​គ្នា​​ត្រឹម ​២០០ ទៅ ​៣០០ នាក់​​ទេ ហើយ​​​អ្នក​ចូលរួម​​ទាំង​នោះ ​គឺ​ជា​មនុស្ស​គន្លឹះ ដែល​ជា​អាជ្ញាធរ អភិបាល​ទាំង ​២៥ ​រាជធានី-ខេត្ត សហព័ន្ធ​កីឡា​ជាតិ ​អង្គការ​កីឡាជាតិ និង​អន្តរជាតិ ព្រម​ទាំង​មន្ទីរ​អប់រំ យុវជន និង​កីឡា និង​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត ដែល​​ជា​ភ្នាក់ងារ​ផ្សព្វផ្សាយ បញ្ជ្រាប​ចំណេះ​ដឹង​បន្ត​ជូន​ទៅ​ដល់​មូលដ្ឋាន​របស់​ខ្លួន ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស។

លោក វ៉ាត់ ចំរើន ​បន្ថែម​ថា៖ ​«ការ​ប្រកួត​កីឡា​ស៊ីហ្គេម ហេតុអ្វី​ត្រូវ​រៀបចំ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​បរិស្ថាន​កម្ពុជា​ស្អាត កាត់​បន្ថយ​គ្រឿង​ញៀន និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ដែរ? ព្រោះ​បញ្ហា​នេះ​ ជា​គោលការណ៍​របស់​អន្តរជាតិ ដែល​ម្ចាស់​ផ្ទះ​ត្រូវ​តែ​ស្អាត​ស្អំ មាន​ឥរិយាបថ​ល្អ​ក្នុង​ការ​ទទួល​ស្វាគមន៍​ប្រតិភូ​ក៏​ដូច​ជា​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ផង​ដែរ ដ្បិត​អី​​ម្ចាស់​ផ្ទះ​ ក៏​មាន​​ឱកាស​ផ្សព្វផ្សាយ​ពី​វិស័យ​នានា​បន្ថែម ក្រៅ​ពី​​កីឡា​ផង​ដែរ ដើម្បី​ឱ្យ​អន្តរជាតិ​មើល​ឃើញ​ពី​ភាព​ល្អ ហើយ​យើង​នឹង​ទទួល​បាន​ភាព​ជោគជ័យ​នយោបាយ ​ការ​ទូត សេដ្ឋ​កិច្ច សង្គម​របស់​យើង ព្រោះ​​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​បែប​នេះ គឺ​ជា​ឱកាស​ក្នុង​ការ​ស្រូប​ទាញ​ឱ្យ​មាន​ការ​គាំទ្រ​ពី​លើ​ឆាក​អន្តរជាតិ»៕