ភ្នំពេញ៖ ក្រុម​គណៈកម្មការ​ជំនាញ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី ៣២ ឆ្នាំ ២០២៣ ហៅ​កាត់​ថា CAMSOC ព្រមទាំង​ក្រុម​ជំនាញ និង​តំណាង​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ៤០ បាន​ឈានដល់​ការឯកភាព​គ្នា ក្នុង​ការកំណត់​ទីតាំង នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​ខេត្ត​មួយចំនួន ដើម្បី​រៀបចំ​ធ្វើជា​ទីលាន​ប្រកួត​របស់​ប្រភេទ​កីឡា​មួយចំនួន​នៅ​ស៊ីហ្គេម ឆ្នាំ ២០២៣។

នៅក្រោយ​កិច្ចប្រជុំ​តាម​អនឡាញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ខ្លឹមសារ​នៃ​កិច្ចប្រជុំ​មាន ២ របៀបវារៈ គឺ​ទី ១ កំណត់​ទីតាំង​ប្រកួត សម្រាប់​កីឡា​ក្នុង​ការគ្រោង ៤០ ប្រភេទ និង​ទី ២ យើង​ពិភាក្សា​លើ​ពិធី​បិទ ពិធី​បើក និង​ពិធី​រត់​ភ្លើង​គប់ នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី ៣២ ឆ្នាំ ២០២៣ ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ»។

លោក ថោង ខុន បាន​លម្អិត​ថា៖ «ជា​លទ្ធផល យើង​សម្រេចបាន ជាគោលការណ៍​មួយ​ចំនួនធំ ដូចជា​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ភាគច្រើន គឺមាន​ទីតាំង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ (ស្តាតថ្មី) ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ពហុកីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (ស្តាត​ចាស់) សាល​ពិព័រណ៍​អន្តរជាតិ សាល​រៀប​អាពាហ៍ពិពាហ៍​ជ្រោយចង្វារ ដែលមាន​សក្តានុពល​សម្រាប់​កីឡា​ក្នុង​សាល​មួយចំនួន អនុលោក​តាម​លក្ខណៈ​បច្ចេកទេស​ផ្ទាល់​របស់​សហព័ន្ធ​កីឡានីមួយ។

ចំណែក​នៅតាម​ខេត្ត អង្គប្រជុំ​បាន​កំណត់​យក​ខេត្ត​មួយចំនួន​ទៅ​តាម​ភូមិសាស្ត្រ និង​បច្ចេកទេស​របស់​ប្រភេទ​កីឡា​នីមួយៗ​ក្នុង​នោះ​ខេត្ត​ព្រះសីហនុ កំណត់​យក​សម្រាប់​ប្រភេទ​កីឡា​ចំនួន ២ មាន​ទូកក្តោង និង​ម៉ូតូ​ទឹក រីឯ​ខេត្ត​កែប មាន​កីឡា ១ ប្រភេទ គឺ​ទ្រីយ៉ាត្លុង ហើយ​នៅ​ខេត្តសៀមរាប​សម្រេច​យក​សម្រាប់​ការប្រណាំង​កង់។

លោក ថោង ខុន ពេល​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​របស់ CAMSOC នាពេល​កន្លងមក។ រូប CAMSOC

លោក ថោង ខុន ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ផង​នោះ​បាន​បន្តថា ចំណែក​ខេត្តកំពត កំពុង​ពិនិត្យ​មើល​ទៅលើ​ប្រភេទ​កីឡា​ប្រណាំងទូក ដោយ​មិនទាន់​ដាច់ស្រេច​នៅ​ឡើយ​ទេ គឺ​រង់​ចាំមើល​លក្ខណសម្បត្តិ​គ្រប់​ជ្រុងជ្រោយ​ពី​អ្នកជំនាញ​បច្ចេកទេស​សិន។ ទោះជា​យ៉ាងណា ការកំណត់​ទីតាំង​នេះ​ជា​បច្ចេកទេស​បឋម ហើយ CAMSOC នឹង​សម្រេច​ជាមួយ​ក្រុម​ជំនាញ​មកពី​គណៈកម្មាធិការ​រៀបចំ ស៊ីហ្គេម អន្តរជាតិ បន្តទៀត។

ទាក់ទង​ទៅនឹង​ពិធី​បើក-បិទ និង​រត់​ភ្លើង​គប់ លោក​រដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍​ថា៖ «នេះ​ជា​កម្មវិធី​មួយ​សំខាន់​ខ្លាំងណាស់ ព្រោះ​ជា​ឱកាស ដែល​យើង​ជា​ម្ចាស់ផ្ទះ ត្រូវ​ធ្វើ​បទបង្ហាញ​ពី​សក្តានុពល​វប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច សន្តិសុខ និង​ភូមិសាស្ត្រ​ចំណុច​ខ្លាំង​របស់​ប្រទេស​យើង​ឱ្យ​ពិភពលោក​ស្គាល់។ បន្ថែម​ពីលើ​នេះ យើង​នឹង​ផ្តល់ឱកាស​ជូន​គណៈប្រតិភូ​មក​ចូលរួម​ទាំង ១១ ប្រទេស​ក្នុង​អាស៊ាន ដើម្បី​បានបង្ហាញ​នូវ​សក្តានុពល​របស់​គេ​ដូចៗ​គ្នា។ ផែនការ​នេះ គឺ​មិនមែន​ងាយស្រួល​នោះទេ គឺ​ត្រូវ​សិក្សា​ស្វែងយល់ និង​រៀបចំ ដោយ​ហ្វឹកហាត់​សាកល្បង​ឱ្យបាន​ល្អប្រសើរ ទើប​ទម្រង់​នៃ​ព្រឹត្តិការណ៍​វា​ទាក់ទាញ​ខ្លាំង»។

ចំណែក​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ប្រាប់ថា៖ «ព្រឹក​មិញ​មាន​ការចូលរួម​ពី​គណៈកម្មការ​ជំនាញ និង​សហព័ន្ធ​កីឡា​ជាតិ គឺ​យើង​សម្រេច​ការងារ បាន​ជា​ដុំកំភួន ក្នុង​សម័យ​លំបាក​នៃ​កូវីដ១៩ ក្នុងនោះ​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​របស់​ឯកឧត្តម ថោង ខុន និង​ការផ្តល់​ការទុកចិត្ត​ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជា​ប្រធាន CAMSOC គឺ​បានធ្វើ​ឱ្យកម្លាំង​ជំនាញ តាម​ផ្នែក​នីមួយៗ ដំណើរការ​សកម្មភាព​បាន​រលូន ដែល​ធ្វើឱ្យ​ផែនការ​សកម្មភាព​មិន​ខកខាន ឬ​រាំងស្ទះ​ដោយ​កូវីដ១៩ ទេ»។

តាមរយៈ​អង្គប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បាន​បង្ហាញ​ឱ្យឃើញថា ការប្រកួត​ស៊ីហ្គេម​លើក​ទី ៣២ ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នឹង​មាន​ការព្រាង​កីឡា​ចំនួន ៤០ ប្រភេទ ហើយ​ក្នុងនោះ​រាជធានី​ភ្នំពេញ​នឹង​មាន​ទីលាន​ប្រកួត ៧០ ភាគរយ ចំណែក​នៅ​បណ្តា​ខេត្ត​ដូចជា​ខេត្ត​ព្រះសីហនុ កែប កំពត សៀមរាប និង​ខេត្ត​ដទៃទៀត​ប្រហែល ៣០ ភាគរយ៕