ភ្នំពេញ៖​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០២៣ ​​ហៅ​កាត់​ថា ​​CAMSOC ​បាន​ព្រាង​ផែនការ​ប្រមូល​ផ្តុំ​បង្វឹក​កីឡា​ជម្រើស​ជាតិ ដោយ​​ស្នើសុំ​ការ​អនុញ្ញាត​ជា​គោលការណ៍​ទៅ​លោក ទៀ​ បាញ់ ដែល​ជា​ប្រធាន​ ​ដើម្បី​ធ្វើ​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ជា​ថ្មី​នៅ​ចុង​ឆ្នាំ ២០២០ ​ត​ទៅ ហើយ​​អ្នក​ជំនាញ​អះអាង​ថា ​អាច​នឹង​ទៅ​រួច ​​បើ​សិន​​ការ​ព្យាករ​ស្ថានភាព​បញ្ហា​កូវីដ ​១៩​ ត្រូវ​បាន​គ្រប់គ្រង​បាន​ល្អ​ឡើង​វិញ​ នៅ​ក្នុង​​ខែ​ឧសភា​នេះ ​ឬ​ខែ​មិថុនា​នោះ​ ខណៈ​​​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​នេះ​នឹង​ប្រឹងប្រែង​​ឲ្យ​បាន​សកម្ម​តែ​ម្តង​។​

លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ CAMSOC បាន​ឲ្យ​ដឹង​ថា ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ និង​ NOCC បាន​រៀបចំ​ធ្វើ​ផែនការ​បង្ការ​តាំង​ពី​ពេល​មុន​ការ​ផ្ទុះ​ខ្លាំង​នៃ​វិបត្តិ​​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះ​ទៅ​ទៀត ​ក្នុង​នោះ​យើង​បាន​ត្រៀម​កីឡា​ជំនាញ​​សម្រាប់​សហព័ន្ធ​កីឡាជាតិ​បាន​ល្អ ​ក្នុង​ការ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ជាមួយ​ដៃគូ ​ប៉ុន្តែ​ត្រូវ​បាន​ខកខាន​ដោយ​បញ្ហា​កូវីដ ​១៩ ​ដែល​ជា​វិបត្តិ​សកល​លោក​ទាំង​មូល​ផង​ដែរ។

អគ្គ​លេខាធិការ NOCC រូប​នេះ​បាន​​បន្ត​ថា​៖ «​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ យើង​បាន​ស្នើសុំ​ការ​អនុញ្ញាត​ជា​គោល​ការណ៍​ពី​សម្តេច​ពិជ័យសេនា ​ទៀ​ បាញ់​ ថា​នឹង​ចាប់​ផ្តើម​ជា​ថ្មី​ នៅ​ចុង​ឆ្នាំ ​២០២០ ត​ទៅ ឲ្យ​បាន​ពេញ​លេញ​ ដោយ​ការ​ហ្វឹកហាត់​បង្កើន​គុណភាព​បច្ចេកទេស​ដល់​​អត្តពលិក​ទាំង​អស់​ ​ព្រោះ​យើង​នៅ​សល់​ពេល​មិន​ច្រើន​ទេ នឹង​ដល់​ស៊ីហ្គេម​ឆ្នាំ ​២០២៣ គឺ​​យើង​មិន​អាច​ប្រហែស​បាន​នោះ​​ទេ»​។​

លោក ចំរើន បាន​បន្ថែម​ថា៖ ​«​បើ​ស្ថានភាព​ល្អ​ឡើង​វិញ ​នៅ​ក្នុង​ខែ​ឧសភា​ ​ឬ​ខែ​មិថុនា​ ឆ្នាំ ​២០២០ ​នេះ ​គឺ​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​នឹង​ត្រូវ​បន្ត​ចាប់​ផ្តើម​ឲ្យ​មាន​លក្ខណៈ​ទ្វេ​ដង។​ ជាមួយ​គ្នា​នេះ ​​បើ​ស្ថានភាព​ជាក់​ស្តែង​នៃ​ជំងឺ​​កូវីដ ​១៩​ នៅ​លើ​ពិភព​លោក​មិន​ទាន់​ស្ងប់ស្ងាត់​ល្អ​នោះ​ទេ យើង​នឹង​​អញ្ជើញ​គ្រូ​ជំនាញ​​មក​បង្វឹក​ផ្ទាល់​ នៅ​ក្នុង​ប្រទេស​យើង​តែ​ម្តង​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ក្នុង​ការ​រក្សា​ការពារ​អនាម័យ​ឲ្យ​បាន​ល្អ​ និង​មាន​សុវត្ថិភាព​ខ្ពស់»​។​

បន្ថែម​ពី​លើ​នេះ​ លោក ​វ៉ាត់ ចំរើន បាន​​អះអាង​ថា​៖ «​កម្ពុជា​កំពុង​ត្រៀម​យុទ្ធសាស្ត្រ​រៀបចំ​ស៊ីហ្គេម ​ឆ្នាំ ២០២៣ ​រួច​រាល់​ ដោយ​យើង​ត្រូវ​ស្វែង​យល់​អំពី​ស្ថានភាព​ទូទៅ និង​វិសាលភាព​នៃ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ ១៩ ​នេះ ​ព្រោះ​យើង​ដឹង​ហើយ​ថា​ ឆ្នាំ ​២០២០​ គឺ​ជា​ឆ្នាំ​ដែល​កម្ពុជា​ ត្រូវ​​បញ្ចូន​អត្តពលិក​ជម្រើស​ជាតិ​ចេញ​ទៅ​ហាត់​នៅ​ក្រៅ​ប្រទេស​ច្រើន​ ប៉ុន្តែ​ត្រូវ​ខក​ខាន​វិញ​»។​

លោក​បញ្ជាក់​ថា៖ ​«ក្នុង​ស្ថានភាព​នេះ​ អត្តពលិក​ជម្រើសជាតិ​ទាំង​អស់​ត្រូវ​បាន​ឈប់​សម្រាក ​ប៉ុន្តែ​​ជា​ការ​សម្រាក​សកម្ម ដែល​​នៅ​មាន​ការ​ហ្វឹកហាត់​តាម​ផ្ទះ​ ព្រោះ​​គោលដៅ​ស៊ីហ្គេម ​​២០២៣ ​ត្រូវ​តែ​ធ្វើ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ ​និង​ធ្វើ​ឲ្យ​ជោគជ័យ»​។​

នៅ​ក្នុង​មហា​សន្និបាត​របស់ NOCC ​កាល​ពី​ដើម​ឆ្នាំ ​២០២០ ​លោក ​ថោង ខុន ​ប្រធាន​ NOCC រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​កីឡា​ បាន​​ប្តេជ្ញាចិត្ត​ខ្ពស់​ថា​ ត្រូវ​តែ​រួម​គ្នា​ធ្វើ​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​គោល​ដៅ​យក​ចំណាត់​ថា្នក់​ ចន្លោះ​ទី ​៥ ​និង​ទី ​៦​ ក្នុង​ចំណោម​ប្រតិភូ​​កីឡា​ទាំង ​១១ ប្រទេស ដែល​នឹង​ចូលរួម​​ស៊ីហ្គេម ឆ្នាំ ​២០២៣ នៅ​ប្រទេស​ ​កម្ពុជា​​។

លោក ថោង ខុន បាន​បន្ថែម​ថា គណៈកម្មការ​ជំនាញ​ទាំង​ ១៥​ ​របស់ CAMSOC ​មាន​ពេលវេលា ​ធ្វើ​កិច្ចការ​នេះ​បាន​ ប៉ុន្តែ​ស្ថានភាព​កូវីដ ​១៩ បាន​​រំខាន។ ទោះបី​ជា​យ៉ាង​ណា ​យើង​នៅ​តែ​បន្ត​សាងសង់​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​យ៉ាង​សកម្ម​ ហើយ​ផែនការ​សាងសង់​ភូមិ​កីឡា ក៏​កំពុង​តែ​ដំណើរការ​​ ដើម្បី​ទទួល​ប្រតិភូ​មក​ពី​តំបន់​អាស៊ាន ​ទៅ​តាម​​គម្រោង​ឲ្យ​បាន​ជាក់​លាក់៕