ភ្នំពេញ៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ ​២០២៣​ ហៅ​កាត់​ថា CAMSOC បាន​និង​កំពុង​រង់ចាំ​ការ​បើក​ភ្លើង​ខៀវ​ពី​ក្រសួង​សុខាភិបាល​ក៏​ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ជុំវិញ​វិបត្តិ​នៃ​​ជំងឺ​ឆ្លង​កូវីដ ១៩ ដើម្បី​ឈាន​ដល់​ការ​បញ្ជូន​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ជាង ​១០០ ​នាក់ ចេញ​ទៅ​ហ្វឹកហាត់​រយៈពេល​វែង នៅ​ប្រទេស​ចិន ទៅ​តាម​គម្រោង​ចាស់​ដែល​មាន​ស្រាប់។

លោក ​វ៉ាត់ ​ចំរើន ​អគ្គ​លេខាធិការ​គណៈកម្មាធិការ CAMSOC បាន​ផ្តល់​សម្ភាស​ជាមួយ​ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖ «​តាម​ស្ថានភាព​ជាក់​ស្តែង ​ទំនង​ដូច​ជា​ធូរ​ស្រាល​ ហើយ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​កំពុង​រង់ចាំ​ការ​បើក​ភ្លើង​ខៀវ​ពី​ក្រសួង​សុខាភិបាល​ ក៏​ដូច​រាជរដ្ឋាភិបាល​សិន​ ដោយ​យើង​បាន​តៀម​ផែនការ​​ចំនួន ​២ ​លើក​ ដើម្បី​បញ្ជូន​អត្តពលិក​ជម្រើស​ជាតិ​ជាង ​១០០ ​នាក់ មក​ពី ​១២ ​ប្រភេទ​កីឡា​ទៅ​ហ្វឹកហាត់​បំប៉ន ​នៅ​ប្រទេស​ប្រជាមានិត​ចិន ​តាម​កិច្ច​ព្រមព្រៀង​ចាស់​កន្លង​មក»​។

គួរ​បញ្ជាក់​ថា ​​ការ​រីក​រាល​ដាល​នៃ​​ជំងឺ​ឆ្លង​កូវីដ ​១៩ បាន​ធ្វើ​ឲ្យ​​​សកម្មភាព​កីឡា​ ដ៏​ដូច​វិស័យ​ផ្សេងៗ​ទៀត​ដែរ ​ត្រូវ​ជាប់​គាំង​។ ជាមួយ​គ្នា​នេះ ​ផែនការ​យុទ្ធសាស្រ្ត​ក្នុង​ការ​បញ្ជូន​ក្រុម​ជម្រើសជាតិ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស ដើម្បី​ពង្រឹង​គុណភាព ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២៣ ក៏​ត្រូវ​បាន​ផ្អាក​រហូត​មក​ដល់​ពេល​នេះ។ ប៉ុន្តែ​ CAMSOC ទើប​តែ​បើក​កិច្ច​ប្រជុំ​ជាមួយ​តំណាង​សហព័ន្ធ​កីឡាជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​កំណត់​ពេល​វេលា ក្នុង​ការ​បញ្ជូន​ក្រុម​អត្តពលិក​ជម្រើស​ជាតិ​ទៅ​​ហាត់ នៅ​ប្រទេស​ចិន ឡើង​វិញ។

លោក ​វ៉ាត់ ​ចំរើន ​​​បាន​បន្ត​ថា៖ «​តាមរយៈ​កិច្ច​ប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ​១២​ ស្តីពី​គម្រោង​បញ្ជូន​កីឡាករ កីឡាការិនី​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ​រយៈពេល​យូរ ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កន្លង​មក​នេះ ​​យើង​បាន​ដាក់​គម្រោង​បណ្តោះ​អាសន្ន​ទី​១ ដោយ​យើង​នឹង​បញ្ជូន​អត្តពលិក​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២២​ ខែ ​វិច្ឆិកា​ ឆ្នាំ ២០២០»។

«ប៉ុន្តែ​បើ​ករណី​បញ្ហា​មេរោគ​កូវីដ ​១៩ ​ឬ​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ នៅ​តែ​មិន​ទាន់​បាន​ធូរ​ស្រាល​ទេ​នោះ យើង​នឹង​អាច​លើក​ពេល​ទៅ​គម្រោង​ផែន​ការ​ទី​២ ដោយ​យើង​​គ្រោង​ទៅ​នៅ​ខែ​មីនា ​ឆ្នាំ ​២០២១ ​វិញ​ ហើយ​ក្រៅ​ពី​ផែនការ​​បណ្តុះ​បណ្តាល ​សម្រាប់​ត្រៀម​ស៊ី​ហ្គេម ​ឆ្នាំ ​២០២៣​ នៅ​​កម្ពុជា​នេះ​ យើង​ត្រូវ​ត្រៀម​ក្នុង​ព្រឹត្តិការណ៍​បន្ទាន់​មួយ​ទៀត ​ដើម្បី​​ចូល​រួម​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ​លើកទី ​៣១ ​ក្នុង​ឆ្នាំ ​២០២១ ​នៅ​ឯ​ក្រុង​ហាណូយ ​ប្រទេស​វៀតណាម»។

លោក​ វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផង​នោះ ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​​នៅ​ប្រទេស​ចិន គឺ CAMSOC ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ​ ចំណែក​ប្រាក់​ហោប៉ៅ​ឧបត្ថម្ភ​ CAMSOC ​នឹង​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ក្រសួង​អប់រំ យុវជន ​និងកីឡា​ ដើម្បី​រក​ដំណោះ​ស្រាយ​។

ប្រភព​ចេញ​ពី​ក្រុម​អត្តពលិក​ជម្រើស​​ជាតិ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ បញ្ហា​ជំងឺ​កូវីដ​ ១៩​ នេះ​ បាន​ធ្វើ​ឲ្យ​ពួក​គេ​​​ខកខាន​ការ​ហ្វឹកហាត់​ និង​បាន​​ធ្វើ​ឲ្យ​កម្រិត​បច្ចេកទេស​ធ្លាក់​ជាង​មុន ​ដោយ​​យើង​ហាត់​តាម​លក្ខណៈ​ឯក​ជន​រៀងៗ​ខ្លួន​ ប៉ុន្តែ​នេះ​ជា​វិបត្តិ​សកលលោក អ៊ីចឹង​​គុណផល​នៃ​ការ​ហ្វឹកហាត់​របស់​អត្តពលិក​នៅ​ប្រទេស​គេ ​គឺ​អាច​នឹង​ថយ​ចុះ​ដូច​គ្នា​៕​