ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​ ៣២​ ឆ្នាំ​ ២០២៣ ដែល​មាន​ឈ្មោះ​ហៅ​កាត់​ថា CAMSOC បាន​សម្រេច​ជា​ផ្លូវការ​ក្នុង​ការ​ដាក់​បញ្ចូល​ឲ្យ​មាន​ការរៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​ ១២ ឆ្នាំ​ ២០២៣ សម្រាប់​ក្រុម​ជនពិការ​គឺ​បន្ទាប់ពី​ស៊ីហ្គេម​បាន​បញ្ចប់។

ការដាក់​បញ្ចូល​ការប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម (ASEAN Para Games) លើក​ទី​ ១២ បន្ទាប់ពី​ការប្រកួត​ស៊ីហ្គេម​នៅ​ឆ្នាំ​ ២០២៣ ​នោះ​ត្រូវ​បាន​លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ទៀ បាញ់ ដែល​ជា​ប្រធាន CAMSOC ប្រកាស​ជា​ផ្លូវការ​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​ត្រីមាស​ទី​ ៣ ​របស់ CAMSoC នៅ​វិមាន​មិត្តភាព​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​និង​ជា​អគ្គលេខាធិការ​អចិន្រ្តៃយ៍​របស់ CAMSOC ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​បាន​ថ្លែង​ប្រាប់​ថា​៖ ​«​តាម​ការសម្រេច​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្រ្តី​គឺ​ក្រោយពី​ធ្វើ​ស៊ីហ្គេម​រួច​ហើយ​យើង​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​ (សម្រាប់​អត្តពលិក​ជនពិការ) ដែល​គេ​តែងតែ​រៀបចំ​ឲ្យ​មាន​ឡើង​ពេល​ធ្វើ​ស៊ីហ្គេម​រួច​ហើយ»។

លោក​បាន​បន្ថែម​ថា៖ ​«នៅ​ឆ្នាំ​ ២០២៣ ​​នោះ​ពេល​យើង​ធ្វើ​ស៊ីហ្គេម​ហើយ​គឺ​អាច​ ២ អាទិត្យ ឬ ១ ​ខែ (មិន​ទាន់​កំណត់​ពេល​ច្បាស់​លាស់​) គឺ​យើង​នឹង​ប្រើប្រាស់​ធនធាន​ទាំងអស់​របស់​គណៈកម្មការ​រៀបចំ​ស៊ីហ្គេម​មក​បម្រើ​ឲ្យ​ការរៀបចំ​អាស៊ាន​ប៉ារ៉ាហ្គេម​តែ​ម្តង ហើយ​អង្គប្រជុំ​បាន​ឯកភាព​គ្នា​ទាំង​ស្រុង ក្នុង​ការរៀបចំ​លើ​ការងារ​នេះ​ជា​បន្ត​ទៀត​គឺ​ព្រឹត្តិការណ៍​នោះ​យើង​អាច​ប្រើ​ប្រាស់​គណៈកម្មការ​ជំនាញ​ទាំង​ ១៥ ​ដែល​មាន​ស្រាប់​ ហេតុនេះ​ហើយ​រាល់​គណៈកម្មការ​រៀបចំ​ស៊ីហ្គេម​បន្ទាប់ពី​ចប់​ភារកិច្ច​របស់​ខ្លួន​នឹង​ត្រូវ​បន្ដ​ជួយ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​នា​ឆ្នាំ​ ២០២៣ ​​តែ​ម្ដង»​។

ជុំវិញ​ការសម្រេច​ដាក់​ឲ្យ​មាន​ការប្រកួត ASEAN Para Games ជា​ផ្លូវការ​នៅ​ឆ្នាំ​​ ២០២៣ ​នោះ​លោក យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​ប៉ារ៉ាអូឡាំពិក​កម្ពុជា (​ផ្នែក​ជនពិការ) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា​៖ ​«យើង​សប្បាយ​រីករាយ​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​កីឡា​ជនពិការ​បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការប្រកួត​កីឡា ASEAN Para Games បន្ត​ពី​ស៊ីហ្គេម​ដោយ​បន្ត​ប្រើប្រាស់​នូវ​ធនធាន​មាន​ស្រាប់​ទាំង​លើ​គ្រប់​មធ្យោបាយ​នោះ»។

លោក យី វាសនា ដែល​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ផង​នោះ​បាន​បន្ថែម​ថា៖ ​«ពេលវេលា​ខ្លី​ពេក យើង​ក៏​លំបាក​ក្នុង​ការរៀបចំ​ដែរ ប៉ុន្តែ​យើង​មោទនភាព​ខ្លាំង ហើយ​ក្នុង​នោះ​ប្រភេទ​កីឡា​គឺ​មាន​ចំនួន​មិន​ឲ្យ​តិច​ជាង​ ១៦ ​ប្រភេទ​ទេ ​ហើយ​អត្តពលិក​មិន​អាច​ក្រោម​ ៣០០០ ​នាក់​ទេ​ ព្រោះ​យោង​តាម​ច្បាប់​ម្ចាស់​ផ្ទះ​ត្រូវ​បន្ត​វេន​មិន​អាច​មាន​ចំនួន​ថយ​ក្រោយ​ទេ​ ខណៈ​ការប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​ឆ្នាំ​ ២០១៩ ​នេះ​នៅ​ប្រទេស​ហ្វីលីពីន​មាន​អត្តពលិក​ជាង​ ៣០០០ ​នាក់​ និង​មាន​ ១៦ ​ប្រភេទ​»​៕