The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Casillas ធ្វើការ​លា​ក្រុម Porto យ៉ាង​ស្ងៀម​ស្ងាត់




Casillas ធ្វើការ​លា​ក្រុម Porto យ៉ាង​ស្ងៀម​ស្ងាត់

Content image - Phnom Penh Post
កីឡាករអ្នក​ចាំ​ទី Iker Casillas។ រូបថត AFP

Casillas ធ្វើការ​លា​ក្រុម Porto យ៉ាង​ស្ងៀម​ស្ងាត់

ក្រុងម៉ាឌ្រីដ: អ្នក​ចាំ​ទី Iker Casillas ដែល​ធ្វើ​ជា​ប្រធាន​ក្រុមពេល​ក្រុមជម្រើស​ជាតិ​គោជល់​អេស្ប៉ាញឈ្នះ​ពាន​​ World Cup បាន​បញ្ចប់​ពេល​វេលា​ ៥ ឆ្នាំ​របស់​ខ្លួន ជាមួយ​ក្រុម Porto ហើយ ក្រោយ​កុង​ត្រា​របស់​គេជាមួយ​ក្លិប​របស់​ប្រទេស​ព័រទុយហ្គាល់​មួយ​នេះ បាន​ផុត​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​។

កីឡាករ Casillas ដែល​បច្ចុប្បន្នមានវ័យ ៣៩ ​ឆ្នាំ មាន​អាការ​​គាំង​បេះ​ដូង អំឡុង​ពេល​មាន​ការ​ហ្វឹក​ហាត់មួយ កាល​ពី​ឆ្នាំ​មុន ហើយ​មិន​បាន​លេង​ការ​ប្រកួត​បាល់​ទាត់ណា​ឡើយ ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ​ ២០១៩​ មក។ គាត់​ត្រូវ​បាន​ផ្តល់​តួនាទី​ធ្វើ​ជា​​បុគ្គលិក​បច្ចេក​ទេស​របស់​ក្រុម នៅ​ដើម​រដូវ​កាល​នេះ ហើយ​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​​ឈ្មោះ​​​ក្រុម​ធំដែរ តែគាត់​មិន​ធ្លាប់​មាន​ឈ្មោះ​ជា​កីឡាករ ក្នុង​ក្រុម ដែល​ធ្វើ​ការ​​ប្រកួត​ឡើយ។

ប្រធាន​ក្លិប Porto លោក Jorge Nuno Pinto da Costa បាន​និយាយ កាល​ពី​ខែ​កុម្ភៈ ថា កីឡាករ Casillas ត្រៀម​​ចូល​និវត្តន៍​ ដើម្បី​ទៅឈរ​ឈ្មោះ​បោះ​ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ តែ​​ក្រោយ​មក​រូប​គេ ​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​វិញ ដោយ​សារ​ជំងឺ​រាតត្បាតកូវីដ​ ១៩។

កីឡាករ Casillas ដែល​បានរួម​ចំណែក​ជួយ​ឲ្យ​ប្រទេស​អេស្ប៉ាញ​លើក​ពាន​រង្វាន់ World Cup ​លើក​ដំបូង ក្នុង​ឆ្នាំ​ ២០១០ និងព្រម​ទាំង​ជួយឲ្យ​​ឈ្នះជើងឯកអឺរ៉ុបឆ្នាំ ២០០៨ និង ២០១២ បាន​ធ្វើ​ពិធី​លា​គ្នា​យ៉ាង​ស្ងាត់​ៗ​ជាមួយ​ក្លិប ដែល​ខ្លួន​បាន​ចូល​រួមក្នុង​ឆ្នាំ ២០១៥ នេះ ក្រោយ​បាន​ចំណាយ​ពេល ២៥ ​ឆ្នាំ នៅ​ឯ​ក្លិប Real Madrid។

កីឡាករ​រូបនេះ បាន​បង្ហោះ​រូប​ភាពនៅ​លើ​គណនី Twitter ផ្លូវ​ការ​របស់ខ្លួន ក្រោយ​ពីការប្រកួតដែល​ក្រុម Porto ឈ្នះ​ក្រុម Pacos Ferreira ១-០ កាល​ពី​ថ្ងៃ​ចន្ទ ជាមួយ​នឹង​ពាក្យ​ដែល​សរសេរ​ថា​៖ «​ការ​ធ្វើ​ដំណើរ​ចុង​ក្រោយ​»​។

ក្រុម​ Porto បាន​បញ្ចេញ​វីដេអូ​មួយ តាម​វេប​សាយ​របស់​ខ្លួន ជាមួយ​នឹង​ចំណង​ជើង​ថា៖ «​តែង​តែជាមនុស្ស​ម្នាក់​សំខាន់​សម្រាប់​ពួក​យើង​ជានិច្ច» ដើម្បី​ជា​ការ​អរ​គុណ​ដល់​អ្នក​ចាំ​ទី ដែល​បាន​បង្ហាញ​ខ្លួន​ចំនួន ១៥៦​ លើក សម្រាប់​ក្លិប និង​បាន​ឈ្នះ​ពាន​​លីករដូវ​កាល ២០១៧-១៨ ជាមួយ​ពួក​គេ​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍