ក្រុង​ម៉ា្រឌីដ៖ អតីត​ប្រធាន​ក្រុម​ពេល​អេស្ប៉ាញ​ឈ្នះ​ពាន World Cup គឺ​​កីឡាករ Iker Casillas បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​បញ្ឈប់​ការ​ប៉ុនប៉ង​ក្នុង​ការ​​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រកួត​ប្រជែង​តំណែង​ប្រធាន​សហព័ន្ធ​បាល់​ទាត់​នៃ​អេស្ប៉ាញ (RFEF) ​ហើយ ដោយសារ​វិបត្តិ​ដែល​បណ្ដាល​ពី​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា។

អ្នក​ចាំ​ទី​ក្រុម Porto រូប​នេះ ​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា៖ «​ខ្ញុំ​សូម​ជូន​ដំណឹង​ដល់​អ្នក​ទាំង​អស់​គ្នា​ថា ខ្ញុំ​បាន​សម្រេច​​ចិត្ត​មិន​ចូលរួម​​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត RFEF នា​ពេល​ខាង​មុខ​នេះ​ទេ»​។

អតីត​កីឡាករ​របស់​ក្រុម​អធិរាជ​ស​ Real Madrid វ័យ ៣៩ ​ឆ្នាំ​រូប​នេះ​និយាយ​ថា ​បាន​ដក​ខ្លួន​ពី​ការ​ប្រជែង​យក​តំណែង​​កំពូល​នៅ​ក្នុង​វិស័យ​បាល់​ទាត់​អេស្ប៉ាញ ដោយសារ​ស្ថានភាព​សង្គម​ សេដ្ឋកិច្ច និង​សុខភាព​​ដែល​ប្រទេស​កំពុង​ទទួល​រង​»។

កីឡាករ Casillas ​និយាយ​ថា​ ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ ​១៩ ដែល​គេ​អះអាង​ថា មាន​ជន​រងគ្រោះ​ជាង ២៧ ០០០ ​នាក់ ក្នុង​ប្រទេស​នោះ​បាន​យក​ការ​បោះ​ឆ្នោត​ជា​រឿង​សំខាន់​​ទី២ វិញ​។

កីឡាករ Casillas ដែល​បាន​​​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​គោជល់​​​អេស្ប៉ាញ​​​ឈ្នះ​ពាន​​ពិភព​លោក​លើក​ដំបូង​ ​ឆ្នាំ ​២០១០ ប្រកាស​ពី​គោល​បំណង​​ឈរ​ឈ្មោះ​ប្រជែង​ជាមួយ​ប្រធាន RFEF បច្ចុប្បន្ន គឺ​លោក Luis Rubiales ក្នុង​ខែ​កុម្ភៈ ហើយ​ការ​​​​​ដក​ខ្លួន​នេះ ឥឡូវ​នេះ​បាន​ទុក​ផ្លូវ​យ៉ាង​ទូលាយ​ឲ្យ​លោក​​ ​ Rubiales បាន​កាន់​តំណែង​អាណត្តិ​ទី២ សម្រាប់​ការ​​បោះ​ឆ្នោត​ដែល​​​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​១៧ ខែ​សីហា​ នាពេល​ខាង​​មុខ​នេះ​។

មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ Porto នៅ​ប្រទេស​ព័រទុយហ្គាល់ កីឡាករ Casillas ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​អ្នក​​ឈរ​ចាំ​បង្គោល​ទី​ឲ្យ​ក្រុម​អេស្ប៉ាញ ១៦៧ ​ប្រកួត ក្នុង​នោះ​ក្រៅ​ពី​ឈ្នះ​ពាន​ពិភព​លោក​ម្ដង​ក៏​នៅ​មាន​ពាន​របស់​តំបន់​​អឺរ៉ុប​ ២ ដង​ដែរ ក្នុង​ឆ្នាំ​ ២០០៨ និង​ឆ្នាំ​ ២០១២ (Euros 2008 & 2012) រីឯ​ជាមួយ​ក្រុម​ Real លេង​បាន​រហូត​ដល់​ទៅ​ជាង ៧០០ ប្រកួត ជាមួយ​នឹង​ការ​ឈ្នះ​ពាន​រង្វាន់​លីក​​លំដាប់​កំពូល La Liga ចំនួន ៥​ ដង និង​ពាន Champions League ចំនួន ៣​ ដង​៕ AFP/VN