ឡុងដ៍៖ ក្រុម​ Manchester United ឆក់​បាន​ខ្សែ​ប្រយុទ្ធ Edinson Cavani ដែល​ជា​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ចំណូល​ថ្មី ៤ នាក់ កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ក្រុម Arsenal បញ្ចប់​នូវ​កិច្ច​ព្រមព្រៀង​​ដ៏​ធំ ​១ នៅ​ថ្ងៃ​​បិទ​ទី​ផ្សារ​ដោះដូរ​កីឡាករ​ដោយ​ការ​នាំ​យក​ Thomas Partey ពីក្រុម Atletico Madrid​។

ក្រុម Man United កំពុង​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​របស់​គ្រប់​គ្នា ក្រោយ​លេង​ចាញ់​ក្រុម Tottenham យ៉ាង​អាម៉ាស់ ៦-១ នៅ​ទឹក​ដី​ខ្លួន​ឯង អំឡុង​ការ​ប្រកួត​នៃ​ក្របខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​អាទិត្យ​។

ខ្សែ​បម្រើ​ហូឡង់​ Donny van de Beek តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​​​បាន​បន្ថែម​ក្នុង​ក្រុម​របស់​លោក​គ្រូបង្វឹក​ Ole Gunnar Solskjaer មុន​មាន​ការ​មក​ដល់​របស់​កីឡាករ​ទាំង ៤ ​រូប ដូច​ជា​ Cavani, Alex Telles, Amad Diallo និង Facundo Pellistri កាល​ពី​ថ្ងៃ​ចន្ទ​។

កីឡាករ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​គេ Cavani វ័យ ៣៣ ​ឆ្នាំ ដែល​មិន​ទាន់​មាន​ក្លិប​លេង​នៅ​ឡើយ​តាំង​ពី​ផុត​កុងត្រា​ជាមួយ ​Paris Saint-Germain កាល​ពី​ខែ​មិថុនា បាន​កាន់​ប៊ិច​ចុះ​ហត្ថលេខា​ព្រមព្រៀង​ពាក់​ឯក​សណ្ឋាន​​របស់​ក្រុម​យក្ស​អង់គ្លេស​​រយៈពេល ១ ​ឆ្នាំ អម​ដោយ​ជម្រើស​បន្ត​ ១ ​រដូវកាល​ទៀត​។​

កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ​រក​បាន ២០០ ​គ្រាប់ ក្នុង​រយៈពេល ៧ ​រដូវកាល អំឡុង​ពេល​ប្រកប​អាជីព​នៅ​រដ្ឋធានី​នៃ​ប្រទេស​បារាំង ហើយ​ធ្វើ​ឱ្យ​គេ​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បំផុត ក្នុង​កំណត់​ត្រា​របស់​ក្លិប​ PSG​។

Cavani ​បាន​និយាយ​ថា​៖ «Manchester United គឺ​ជា​ក្រុម​កំពូល ១ ក្នុង​លោក ដូច្នេះ​វា​ពិត​ជា​​កិត្តិយស​ណាស់ ដែល​បាន​មក​ដល់​ទី​នេះ​។ ខ្ញុំ​ពិត​ជា​​ប្រឹងប្រែង​ហ្វឹកហាត់​ណាស់ ពេល​អត់​ទាន់​មាន​ក្លិប​លេង ហើយ​ខ្ញុំ​មាន​អារម្មណ៍​អន្ទះសា​ចង់​ប្រកួត​ប្រជែង និង​បង្ហាញ​ខ្លួន​ជាមួយ​ក្លិប​ដ៏​អស្ចារ្យ​នេះ​»​។

លើស​ពី​នេះ​ទៀត ការ​មក​ដល់​របស់​ខ្សែ​ការពារ​ឆ្វេង Telles ដែល​ចាកចេញ​ពី​ក្រុម Porto ក្នុង​​តម្លៃ ១៣,៥ ​លាន​ផោន (​$​១៩ ​លាន) គឺ​ពិត​ជា​សំខាន់​មិន​អាច​​ប្រកែក​បាន ដោយសារ​​មក​​ជួយ​បន្ថែម​ជម្រើស​ឱ្យ​ក្រុម​បិសាច​ក្រហម​នៅ​តំបន់​ការពារ ដែល​​​របូត​ដល់​ទៅ ១១ ​គ្រាប់​ ក្នុង​ចំណោម​ការ​ប្រកួត ៣ ​លើក​ដំបូង​នៅ​លីគ​កំពូល។

លោក Solskjaer និយាយ​ដល់​​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ថា​៖ «​គេ​ជា​កីឡាករ ដែល​យើង​តាម​មើល​មួយ​រយៈ​ហើយ ហើយ​ទម្រង់​លេង​របស់​គេ គឺ​ច្បាស់​ណាស់​ ពិត​ជា​អ្វី​ដែល​យើង​កំពុង​តាម​រក។ ​គេ​នឹង​បញ្ចូល​ការ​ប្ដេជ្ញា​ចិត្ត និង​បន្ថែ​ម​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​ទៅ​ក្នុង​ក្លិប​របស់​យើង​ជា​មិន​ខាន​»​។

ក្រោយ​បរាជ័យ​ក្នុង​ការ​ផ្ទេរ​យក​ខ្សែ​បម្រើ​ស្លាប Jadon Sancho របស់​ក្រុម Borussia Dortmund ក្រុម Man Utd ទិញ​បាន​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អ៊ុយរូហ្គាយ​ដ៏​មាន​ទេពកោសល្យ ២ ​រូប ​វ័យ​ ១៨ ​ឆ្នាំ​ដូច​គ្នា គឺ Pellistri ពី​ក្រុម Penarol និង Diallo របស់​​ក្រុម​ Atalanta ដែល​នឹង​មក​កាន់​ក្លិប​នៅ​ខែ​មករា​ ក្នុង​តម្លៃ​ដែល​ដឹង ៤១ ​លាន​អឺរ៉ូ ($​៤៨ ​លាន​)​។

ចំណែក​ Arsenal ចុង​ក្រោយ​ក៏​ទិញ​បាន​កីឡាករ Partey ដែល​ខ្លួន​ចង់​បាន​មក​ជាយូរ​ហើយ ជាមួយ​នឹង​តម្លៃ​ ៥០ លាន​​អឺរ៉ូ (​$​៥៩ លាន) ហើយ​សង្ឃឹម​ថា កីឡាករ​អន្តរជាតិ​ហ្គាណា​ វ័យ ២៧ ​ឆ្នាំ នឹង​មក​បំពេញ​ចន្លោះ​ខ្វះខាត​នៅ​តំបន់​កណ្ដាល​ឱ្យ​មាន​ភាព​រឹងមាំ​ឡើង​វិញ​។

អ្នក​ចាត់​ការ​របស់​ក្រុម​កាំភ្លើង​ធំ​លោក Mikel Arteta បាន​និយាយ​​ចំពោះ​ការ​មក​ដល់​របស់ Partey ថា​៖ «​យើង​តាម​សង្កេត​មើល Thomas (Partey)​ មួយ​រយៈ​ហើយ ដូច្នេះ​ពេល​នេះ យើង​សប្បាយ​ចិត្ត ដែល​បាន​បន្ថែម​កីឡាករ​ដ៏​មាន​គុណភាព​ខ្ពស់​បែប​នេះ ១ ​រូប ចូល​ទៅ​ក្នុង​ក្រុម​របស់​យើង​។ គេ​គឺ​ជា​ខ្សែ​បម្រើ​ដ៏​មាន​ថាមពល​ខ្លាំង​ក្លា​បំផុត​ ១ រូប»​៕ AFP/VN