ឡុងដ៍៖ ក្រុម​បិសាច​ក្រហម​ Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា ដើម្បី​ធ្វើ​ឱ្យ​តំបន់​ប្រយុទ្ធ​របស់​គ្រូ​បង្វឹក​លោក​ Ole Gunnar Solskjaer ឱ្យ​កាន់​តែ​មុត​ស្រួច​ ​ក្លិប​បាន​សម្រេច​ទិញ​យក​កីឡាករ​ Edison Cavani ដែល​ពេល​នេះ​អត់​មាន​ក្លិប​លេង​។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​បណ្ដាញ​សារព័ត៌មាន​របស់​ប្រទេស​អង់គ្លេស និង​បារាំង កាល​ពី​ថ្ងៃ​សៅរ៍​។

ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អ៊ុយរូហ្គាយ អត់​ទាន់​ព្រមព្រៀង​ពាក់​ឯកសណ្ឋាន​ក្រុម​ណា​នៅ​ឡើយ​ទេ ចាប់​តាំង​ពី​ផុត​កុងត្រា​ជាមួយ​ក្លិប​អ្នក​មាន​នៅ​បារាំង Paris Saint-Germain (PSG) ចុង​ខែ​មិថុនា​ ខណៈ​កីឡាករ​វ័យ ៣៣ ​ឆ្នាំ ​បញ្ចប់​អាជីព​របស់​ខ្លួន​នៅ​ទឹកដី Parc des Princes រយៈពេល ៧ ​រដូវកាល ក្នុង​នាម​ជា​អ្នក​រក​​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ក្នុង​កំណត់ត្រា​​ជាមួយ​នឹង​ចំនួន ២០០ ​គ្រាប់​។​​

សារព័ត៌មាន​ Daily Mail នៅ​អង់គ្លេស​រាយការណ៍​ថា កីឡាករ Cavani នឹង​ចុះ​ហត្ថលេខា​លេង​នៅ​ទឹកដី Old Trafford រយៈ​ពេល ២ ​ឆ្នាំ ដោយ​ការ​ទទួល​បាន​ថ្លៃ​នឿយហត់​ ២១០ ០០០ ផោន ($​២៧០ ០០០​) ក្នុង​ ១ ​សប្ដាហ៍ ក្រោយ​កាត់​ពន្ធ​ហើយ​។

ក្នុង​នាម​ជា​កីឡាករ​គ្មាន​កុងត្រា Cavani នៅ​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​​ដោយ​សេរី​ជាមួយ​ក្លិប​ថ្មី បើ​ទោះទី​ផ្សារ​ដោះដូរ​កីឡាករ​បិទ​ក៏​ដោយ តែ​សារព័ត៌មាន​នៅ​បារាំង​ធ្វើ​ការ​ផ្សព្វផ្សាយ​ថា កិច្ច​សន្យា​នឹង​ត្រូវ​បញ្ចប់​ទាំង​ស្រុង​មុន​ពេល​កំណត់​បិទ​នៃ​ទីផ្សារ​ដោះដូរ​នា​ថ្ងៃ​ចន្ទ​នេះ​។​

ប្រសិន​គ្រប់​យ៉ាង​កើត​ឡើង​ផ្លូវ​ការ​ប្រាកដ​មែន​ នោះ​កីឡាករ Cavani អាច​ធ្វើ​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​លេង​ទល់​នឹង​អតីត​ក្លិប​របស់​ខ្លួន ពេល​ក្រុម Man United បើក​យុទ្ធនាការ​ប្រកួត​ប្រជែង​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប ដោយ​ការ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម PSG នា​ថ្ងៃទី ​២០ ខែ​តុលា​។

ក្រុម​យក្ស​អង់គ្លេស​ ត្រូវ​បាន​អ្នក​គាំទ្រ​ធ្វើ​ការ​រិះគន់​ចំពោះ​ការ​មិន​មាន​សកម្មភាព​ខ្លាំង​ក្លា​ក្នុង​ការ​ទិញ​កីឡាករ​អំឡុង​ពេល​ទីផ្សារ​បើក​ ដោយ​មក​ទល់​ពេល​នេះ ​មាន​តែ​ខ្សែ​បម្រើ​សញ្ជាតិ​ហូឡង់ Donny van de Beek ១ ​រូប​ប៉ុណ្ណោះ ដែល​ក្រុម​បិសាច​ក្រហម​ផ្ទេរ​បាន​ក្នុង​នោះ​ក្លិប​បាន​បដិសេធ​មិន​បំពេញ​តាម​តម្លៃ ដែល​​​ក្លិប​នៅ​អាល្លឺម៉ង់ Borussia Dortmund ទាមទារ​សម្រាប់ Jadon Sancho​៕ AFP/VN