ក្រុងគូឡាឡាំពួ៖ ក្របខ័ណ្ឌ Champions League របស់​អាស៊ី​កំពុង​កៀកៗ​នឹង​ការ​ត្រឡប់​​មក​វិញ​ហើយ តែ​​នឹង​ត្រូវ​រង់ចាំ​ការ​ប្រកួត​ប្រជែង​ក្នុង​ស្រុក​ចាប់​​ផ្ដើម​មាន​សកម្មភាព​វិញ​សិន​។ នេះ​បើ​តាម​មន្ត្រី​បាល់ទាត់​ជាន់​ខ្ពស់​​ម្នាក់​និយាយ​ប្រាប់ AFP កាល​ពី​ថ្ងៃ​ពុធ​។

វិស័យ​កីឡា​បាល់ទាត់​កំពុង​ចាប់​ផ្ដើម​ឡើង​សន្សឹមៗ ​នៅ​ជុំវិញ​ពិភព​លោក ក្រោយ​ត្រូវ​បាន​ផ្អាក​ដំណើរការ​ ដោយសារ​វីរុស​កូរ៉ូណា ទោះបី​ជា​លីក​អាជីព​ភាគ​ច្រើន​ នៅ​មិន​ទាន់​ចាប់​ផ្ដើម​កើត​មាន​ឡើង​វិញ​ក៏​ដោយ។​​​

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​ (AFC) លោក Windsor John បាន​ថ្លែង​ថា៖ «​យើង​ខិត​កៀក​នឹង​ការ​វិល​មក​វិញ​នៃ​វិស័យ​បាល់ទាត់​ហើយ​»​។ ពេល​ត្រូវ​បាន​សួរ​អំពី​ការ​ចាប់​ផ្ដើម​វិញ​ ការ​ប្រកួត​នៃ​ក្លិប​​របស់​ AFC លោក​អគ្គលេខា​រូប​នេះ បាន​បន្ថែម​ថា​៖ «​យើង​ត្រូវ​រង់ចាំ​ឲ្យ​លីក​អាជីព​ក្នុង​ស្រុក​ទាំង​អស់​ចាប់​ដំណើរការ​ជា​មុន​សិន​»​។​

ការ​ប្រកួត​ពាន​រង្វាន់ AFC Champions League ដែល​ជា​ការ​ប្រកួត​​ក្លិប​កម្រិត​ខ្ពស់ៗ នៅ​អាស៊ី និង​ពាន​រង្វាន់​លំដាប់​ទី ​២ AFC Cup គឺ​កម្មវិធី​ទាំង​ ​២ ​ត្រូវ​បាន​គាំង​ដំណើរ​ចាប់​តាំង​ពី​ខែ​មីនា ​រួម​ទាំង​ការ​ប្រកួត​សម្រាប់​វគ្គ​ជម្រុះ​​បាល់​ទាត់​ពិភព​លោក​ និង​អូឡាំពិក​​ផង​ដែរ​។ ក្នុង​ចំណោម​​ប្រទេស​ទាំង ​១២ ដែល​បាន​លេង​ក្នុង​ក្របខ័ណ្ឌ Champions League មាន​តែ​លីក​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ទេ ដែល​បាន​ធ្វើ​សកម្មភាព​ឡើង​វិញ ខណៈ​មាន​​ប្រទេស ​៤ ទៀត ប្រុង​នឹង​ចាប់​ផ្តើម​ឡើង​វិញ នៅ​ខែ​មិថុនា ឬ​​កក្កដា ហើយ​ប្រទេស​ថៃ គ្រោង​នឹង​ធ្វើ​នៅ​ខែ​កញ្ញា។

ពាក់ព័ន្ធ​​នឹង​បញ្ហា​នេះ លោក John គ្រាន់​តែ​​ប្រាប់​ថា AFC កំពុង​ពិភាក្សា​ពី​ពេល​វេលា​ដែល​ការ​ប្រកួត​ប្រជែង​នឹង​ចាប់​ផ្ដើម​ឡើង​វិញ ដោយ​​មិន​ព្រម​បង្ហើប​ពី​កាល​បរិច្ឆេទ ​ដែល​អាច​នឹង​មាន​ឲ្យ​​ដឹង​នោះ​ឡើយ​ ប៉ុន្តែ​​បើ​តាម​ការ​ប៉ាន់​ស្មាន​ពេល​វេលា​នៃ​ការ​ប្រកួត​នឹង​មាន​លក្ខណៈ​មមាញឹក​ជាពិសេស​​ក្រុម​ទាំង ​៣២ នៅ​​ Champions League ត្រូវ​ប្រកួត​ឲ្យ​ចប់ ​៤ ​ជុំ​ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល មុន​នឹង​ដល់​វគ្គ​ចាញ់​ធ្លាក់ (knock-out)។ ​តាម​កាល​បរិច្ឆេទ​ដើម​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទាំង​ Champions League និង AFC Cup គ្រោង​ធ្វើ​​ក្នុង​ខែ​វិច្ឆិកា។

ពេល​ត្រូវ​សួរ​ថា បើ​​មាន​សំណើ​ណា​មួយ​សុំ​ឲ្យ​កែប្រែ​ពី​​របៀប​លេង​ ក្នុង​ផ្ទះ និង​ក្រៅ​ផ្ទះ សម្រាប់​ការ​ប្រកួត​នេះ ដើម្បី​ចៀស​វាង​ការ​ឆ្លង​ជំងឺ លោក John ​និយាយ​ថា​ កំពុង​​ពិភាក្សា​​។ លោក​​អគ្គលេខាធិការ​រូប​នេះប្រាប់​ថា​៖ «​យើង​ដឹង​ថា ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​រួម​មាន​អ្នក​គាំទ្រ​ និង​អ្នក​ឧបត្ថម្ភ​​កំពុង​ចង់​ឲ្យ​ការ​ប្រកួត​របស់ AFC ចាប់​ផ្ដើម​​វិញ​»​។

លោក​ John បន្ត​ថា​៖ «​កីឡាករ​ត្រូវ​បាន​ជំរុញ​ឲ្យ​ត្រឡប់​មក​​ទីលាន​​វិញ ដើម្បី​ឲ្យ​អ្នក​គាំទ្រ​រីក​រាយ និង​រំភើប​ចិត្ត​។ តែ​ដូច​​ AFC ប្រាប់​ដដែល​ៗ ​តាំង​ពី​មាន​ការ​រាត​​ត្បាត​នៅ​ថ្ងៃ​ដំបូង​ថា​ សុខ​ភាព និង​សុខុមាលភាព​គ្រប់​​គ្នា នៅ​តែ​ជា​អាទិភាព​​​ចម្បង​របស់​យើង​ពិត​ប្រាកដ​​»​៕ AFP/VN