ក្រុង​មេនឆេស្ទ័រ៖ សហព័ន្ធ​បាល់ទាត់​អឺរ៉ុប UEFA ត្រៀម​បញ្ចប់​ការ​ប្រកួត​ប្រជែង​នៅ​ក្របខ័ណ្ឌ Champions League ក្នុង​វគ្គ ៨ ​ក្រុម​ចុង​ក្រោយ​នៅ​ក្រុង​លីសបោន ប្រទេស​ព័រទុយហ្គាល់ ដោយ​ប្រើ​ពេល​តែ ​១០ ​ថ្ងៃ​។ នេះ​បើ​តាម​ផែនការ​ដែល​នឹង​​ត្រៀម​​ដាក់​បង្ហាញ​ដល់​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​ខ្លួន​ ដើម្បី​អនុម័ត​នៅ​ថ្ងៃ​ពុធ​នេះ​។​​

តាម​ប្រភព​ព័ត៌មាន​ពី​ការ​ពិភាក្សា​​រវាង​ក្លិប និង​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប​នេះ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា​ ការ​ស្នើ​នេះ រំពឹង​ថា​នឹង​ទទួល​បាន​ការ​យល់​ព្រម ក្រោយ​​ពី​មាន​មតិ​ឯកភាព​រួម​មួយ ត្រូវ​បាន​កំណត់​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ តែ​ខាង UEFA មិន​ទាន់​ធ្វើ​ការ​បក​ស្រាយ​លម្អិត​ភ្លាម​ៗ ឆ្លើយ​តប​ចំពោះ​ដំណឹង​នេះ​នៅ​ឡើយ​ទេ​។

តាម​ការ​គ្រោង​ទុក​ការ​ប្រកួត ដែល​ត្រូវ​បាន​ផ្អាក​កាល​ពី​ខែ​មីនា ដោយសារ​ការ​រាត​ត្បាត​ពី​វីរុស​កូរ៉ូណា​នឹង​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​ប្រកួត​ជើង​ទី២ ដែល​មិន​ទាន់​ចប់ ក្នុង​​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​ ដែល​ត្រូវ​លេង​តាម​ទីលាន​កំណត់​ទុក​ហើយ។​​ ផែនការ​ដែល​ស្នើ​ឡើង​នេះ គឺ​ការ​ប្រកួត​វគ្គ ៨ ក្រុម​ ត្រូវ​ធ្វើ​តែ​ ១ ​ជើង​គត់​ នៅ​ក្រុង​លីស​បោន​ ដោយ​ត្រូវ​លេង​ ៤ ​ថ្ងៃ​ជាប់​ៗ​គ្នា គឺ​ពី​ថ្ងៃ​ទី ​១២ ដល់​ថ្ងៃ​ទី ​១៥​ ខណៈ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នឹង​កើត​មាន​ពី​ថ្ងៃ​ទី ​១៨ ដល់​ថ្ងៃ​ទី ​១៩ ហើយ​វគ្គ​ផ្ដាច់​ព្រ័ត្រ ប្រកួត​នៅ​ថ្ងៃទី ​២៣ ខែ​សីហា​ នា​ទីក្រុង​ដដែល​នេះ។

គម្រោង​នេះ ធ្វើ​ឲ្យ​ការ​ប្រកួត​នៃ​រដូវកាល​នេះ​ចប់​លឿន​ជាង​រាល់​ដង ដែល​តាម​ទម្លាប់​តែងតែ​​លេង ២ជើង តាម​រូបមន្ត​ក្នុង​ទឹកដី និង​ក្រៅ​ទឹក​ដី តែ​ការ​ធ្វើ​បែប​នេះ មាន​ន័យ​ថា ការ​ប្រកួត​នឹង​មាន​តិច​ជាង​មុន​ ៦ លើក ដែល​នឹង​នាំ​ឲ្យ​ UEFA ខាត​បង់​ចំណូល​ពី​ការ​ផ្សាយ​បន្ត​ផ្ទាល់​។ កីឡដ្ឋាន​ធំៗ ក្នុង​ក្រុង​លីស​បោន ចំនួន ​២ ដែល​គ្រោង​​​យក​ប្រើ​ប្រាស់​សម្រាប់​ព្រឹត្តិការណ៍​នេះ គឺ​កីឡដ្ឋាន Estadio da Luz របស់​ក្រុម Benfica និង​​ Jose Alvalade របស់​ក្រុម Sporting Lisbon​។

ក្រុម​អ្នក​រៀប​ចំ កំពុង​តែ​ដំណើរការ​​ដោយ​ផ្អែក​តាម​គោលការណ៍​ដែល​ការ​ប្រកួត នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​បិទ​ទ្វារ​កីឡដ្ឋាន តែ UEFA ព្រមព្រៀង​ទុក​ផ្លូវ​សម្រាប់​​ការ​កែប្រែ​ទាំង​ឡាយ ដែល​នឹង​អាច​កើត​មាន បើ​សិន​លក្ខខណ្ឌ​សុខភាព​សាធារណៈ​នៃ​ប្រទេស​ព័រទុយហ្គាល់ ​អំណោយ​ផល​។ រូបមន្ត​ស្រដៀង​គ្នា​​នេះ​ ក៏​នឹង​យក​ទៅ​អនុវត្ត​សម្រាប់​ប្រើប្រាស់​សម្រេច​ការ​ប្រកួត​ក្របខ័ណ្ឌ​ទី ​២ Europa League ផង​ដែរ ដែល​នឹង​ធ្វើ​​នៅ​ឯ​ទឹក​ដី​នា​ប្រទេស​អាល្លឺម៉ង់ ចាប់​ពី​ថ្ងៃ​ទី ១០ ខែ​សីហា​ តទៅ​។

ដំបូង​ឡើយ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​តំបន់​អឺរ៉ុប​នេះ គឺ Champions League ត្រូវ​លេង​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី រីឯ Europa League ធ្វើ​នៅ​ក្រុង Gdansk ប្រទេស​ប៉ូឡូញ។ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នៃ​ផែនការ​ប្ដូរ​ទីលាន​ការ​ប្រកួត​វគ្គផ្ដាច់​ព្រ័ត្រ​ចេញ​ពី​ក្រុង​របស់​ខ្លួន រដ្ឋ​មន្ត្រី​កីឡា​​ប្រទេស​តួកគី លោក Mehmet Kasapoglu បង្ហាញ​​នូវ​ទំនុក​ចិត្ត ដែល​ជឿ​ថា ក្រុង​របស់​លោក​នៅ​តែ​មាន​សង្ឃឹម​ខ្ពស់​រៀបចំ​ព្រឹត្តិការណ៍​នេះ​។​

«​យើង​មិន​មាន​ការ​សង្ស័យ​អ្វី​ទាំង​អស់​ ដែល​ការ​ប្រកួត​នឹង​កើត​ឡើង​ ក្នុង​កាលៈទេសៈ​ដ៏​ល្អ​បំផុត នៅ​ប្រទេស​តួកគី​។ យើង​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា យើង​នឹង​ទទួល​បាន​ដំណឹង​ល្អ នៅ​ថ្ងៃ​ទី​ ១៧ ខែ​មិថុនា​ នេះ​»​។ នេះ​ជា​ប្រសាសន៍​របស់​លោក Kasapoglu​៕ AFP/VN